សភាជាន់ទាបជប៉ុនអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិបន្ថែមចំនួន ២០៨ ពាន់លានដុល្លារ សហរដ្ឋអាមេរិកសម្រាប់ជួយសម្រាលអតិផរណា
រដ្ឋធានីតូក្យូ៖ កាលពីថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ សភាជាន់ទាបជប៉ុន បានអនុម័តថវិកាជាតិបន្ថែមចំនួន ២៨.៩២ លានលានយ៉េន ស្មើនឹង (២០៨ ពាន់លានដុល្លារសហរដ្ឋអាមេរិក) សម្រាប់ឆ្នាំសារពើពន្ធ ២០២២ នៅពេលបច្ចុប្បន្ននេះ ដើម្បីបញ្ចូលទៅក្នុងកញ្ចប់ថវិកាសេដ្ឋកិច្ច សំដៅជួយសម្រាលផលប៉ះពាល់ជាអវិជ្ជមានដោយសារអតិផរណាដែលចេះតែកើនឡើង និងស្តាឡើងវិញនូវផលប៉ះពាល់សេដ្ឋកិច្ចដោយសារជំងឺរាតត្បាតកូវីដ-១៩។
រាជរដ្ឋាភិបាលរបស់លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនសង្ឃឹមថា នឹងអនុម័តកញ្ចប់ថវិកាជាតិបន្ថែមលើកទី២ សម្រាប់ឆ្នាំសារពើពន្ធ២០២២ នេះ ត្រឹមចុងសម័យប្រជុំសភាបច្ចុប្បន្ន ដែលកំពុងបន្តរហូតដល់ដើមខែធ្នូ ឆ្នាំ២០២២។ សេចក្តីព្រាងច្បាប់នេះ គ្រោងនឹងពិនិត្យពិភាក្សា នៅក្នុងសភាជាន់ខ្ពស់ បន្ទាប់ពីការពិនិត្យ និងអនុម័តរបស់ខ្លួន តាមរយៈសភាជាន់ទាបដ៏មានអំណាច។ លក្ខណៈពិសេសនៃកញ្ចប់ថវិកាសេដ្ឋកិច្ចនេះ គ្រោងកាត់បន្ថយថ្លៃសេវាកម្មសាធារណៈសម្រាប់ចំណាយក្នុងគ្រួសារ ដែលនឹងចាប់ផ្តើមនៅឆ្នាំ២០២៣ ខាងមុខ ដែលសំដៅលើថ្លៃឧស្ម័ន និងអគ្គិសនី។ សម្ភារៈប្រើប្រាស់ក្នុងគ្រួសារប្រចាំថ្ងៃ ជាមធ្យម នឹងជួយសន្សំសំចៃថវិកា ៥.០០០ យ៉េន លើថ្លៃសេវាកម្មប្រចាំខែចន្លោះពី ខែមករា ដល់ខែកញ្ញា ឆ្នាំ២០២២។
ផែនការចំណាយនេះ ក៏បានដាក់បញ្ចូលផងដែរ នូវឧបត្ថម្ភធនរបស់រាជរដ្ឋាភិបាលលើក្រុមហ៊ុនប្រេងឥន្ធនៈនានាដើម្បីបញ្ចុះថ្លៃប្រេងកាត និងប្រេងសាំង ខណៈដែលសិសិររដូវខិតចូលមកដល់។ របស់របរប្រើប្រាស់ប្រចាំថ្ងៃក្នុងគ្រួសារនៅក្នុងប្រទេសជប៉ុន ត្រូវបានគេដាក់សម្ពាធមិនឱ្យឡើងថ្លៃ ភាគច្រើនលើថ្លៃម្ហូបអាហារ វត្ថុធាតុដើម និងថាមពល។ នៅពីក្រោយសម្ពាធអតិផរណាដ៏កម្រក្នុងប្រទេសជប៉ុន គឺសង្គ្រាមឈ្លានពានរបស់សហព័ន្ធរុស្ស៊ីលើប្រទេសអ៊ុយក្រែន ដែលបានបណ្តាលឱ្យឡើងថ្លៃថាមពល និងការធ្លាក់ថ្លៃប្រាក់យ៉េនយ៉ាងគំហុក ដែលបានបណ្តាលឱ្យថ្លៃទំនិញនាំចូលខ្ពស់៕
http://ព័ត៌មានសភាអន្តរជាតិ ៣០-១១-២២-កែវ ធាវី ប្រែសម្រួលពី៖ https://mainichi.jp/english/articles/20221129/p2g/00m/0na/054000c
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម