ដើម្បីត្រួតពិនិត្យមើលពីតួនាទីរបស់សភា ក្នុងការដោះស្រាយការគំរាមកំហែងធ្ងន់ធ្ងរនៃបម្រែបម្រួលអាកាសធាតុ នៅក្នុងតំបន់អារ៉ាប់ គណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់តំបន់អាស៊ីខាងលិចនៃអង្គការសហប្រជាជាតិ (ESCWA) សហភាពអន្តរសភា(IPU) ការិយាល័យតំបន់សម្រាប់បណ្តារដ្ឋអារ៉ាប់នៃ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) បានរៀបចំ “វេទិកាសភាតំបន់អារ៉ាប់ ស្តីពីរបៀបវារៈឆ្នាំ២០៣០៖ ការពង្រឹងការចូលរួមរបស់សភាក្នុងសកម្មភាពអាកាសធាតុ នៅក្នុងតំបន់អារ៉ាប់” នៅឯវិមានអង្គការសហប្រជាជាតិនៅក្នុងរដ្ឋធានីបេរូត នៃសាធារណរដ្ឋលីបង់។
វេទិកាខាងលើនេះធ្វើឡើងរយៈពេល ២ថ្ងៃ រៀបចំឡើងបន្ទាប់ពីសន្និសីទលើកទី២៧ស្តីពីបម្រែបម្រួលអាកាសធាតុ(COP27) នៅក្នុងប្រទេសអេហ្ស៊ីប នឹងសង្កត់ធ្ងន់ពីយន្តការដែលមានស្រាប់ និងប្រសិទ្ធភាពសម្រាប់ពង្រឹងការចូលរួមរបស់សមាជិកសភា នៅក្នុងក្របខ័ណ្ឌគោលនយោបាយ បំពេញ តាមការប្តេជ្ញាចិត្តពាក់ព័ន្ធអាកាសធាតុ និងសម្រេចឱ្យបានតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព(SDGs)។ នៅក្នុងសុន្ទរកថាបើក លោក Mounir Tabet លេខាធិការងប្រតិបត្តិគណៈកម្មការ ESCWA បានសង្កត់ធ្ងន់ថា ពិភពលោកនៅតែមិនទាន់បានធ្វើគ្រប់គ្រាន់ដើម្បីពន្យឺតវិបត្តិអាកាសធាតុ និងសម្របខ្លួនចំពោះផលវិបាករបស់វានៅឡើយ។
សមាជិកសភាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ និងនាំមុខក្នុងសកម្មភាពអាកាសធាតុ ព្រោះពួកគាត់ស្ថិតក្នុងតួនាទីមួយដ៏ល្អ ដែលអាចត្រួតពិនិត្យប្រសិទ្ធភាពនៃការអនុវត្តច្បាប់អាកាសធាតុ និងអាចស្នើ ពិនិត្យមើលឡើងវិញ ធ្វើវិសោធនកម្ម ព្រមទាំងអនុម័តសេចក្តីព្រាងច្បាប់ដែលពាក់ព័ន្ធ។ លើសពីនេះទៀត សភាអាចធានាបានថា ច្បាប់ជាតិត្រូវបានពង្រឹង និងអនុលោមតាមកិច្ចព្រមព្រៀងអន្តរជាតិពាក់ព័ន្ធនឹងសកម្មភាពអាកាសធាតុ។ នៅក្នុងសារថតសំឡេងមួយ លោក Martin Chungong អគ្គលេខាធិការ IPU បានថ្លែងថា ការប្តេជ្ញាជាអន្តរជាតិ ដូចជា របៀបវារៈឆ្នាំ២០៣០ ដើម្បីការអភិវឌ្ឍប្រកប ដោយចីរភាព និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវតែកែប្រែឱ្យទៅជាច្បាប់ជាតិ និងមានការគាំទ្រថវិកាគ្រប់គ្រាន់ ហើយត្រូវត្រួតពិនិត្យមើលយ៉ាងស្វាហាប់លើការអនុវត្តរបស់រដ្ឋាភិបាល។
លោក Khaled Abdel Shafi ប្រធានការិយាល័យតំបន់សម្រាប់បណ្តារដ្ឋអារ៉ាប់ (UNDP) បាន គូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់សមាជិកសភាក្នុងការត្រួតពិនិត្យការងាររដ្ឋាភិបាល តាមរយៈច្បាប់ សមស្របអាចដែលកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃបម្រែបម្រួលអាកាសធាតុ ដើម្បីសម្រេចបានគោលដៅអភិវឌ្ឃន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ៕
http://ព័ត៌មានសភាអន្តរជាតិ ៣០-១១-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.miragenews.com/arab-regional-parliamentary-forum-on-2030-905064/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម