logo logo
banner1
សមាជិកសភារុស្ស៊ី៖ អង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងអឺរ៉ុប មិនអាចផាត់រុស្ស៊ីចេញពីសន្និបាតសភាបានទេ ប៉ុន្តែពួកគេនឹងព្យាយាម
 

សន្និបាតសភាអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងអឺរ៉ុប OSCE PA

​លោក  Sergei  Tsekov  សមាជិកសភាសហព័ន្ធរុស្ស៊ីបានថ្លែងប្រាប់សារព័ត៌មាន  Sputnik  ថា  អង្គការ សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅក្នុងអឺរ៉ុប (OSCE) មិនអាចផាត់​រុស្ស៊ីចេញពីសន្និបាតសភា  OSCE PA  បាននោះឡើយ ក៏ប៉ុន្តែបណ្តាប្រទេសលោកខាងលិច និងប្រទេសអ៊ុយក្រែននឹងនៅតែព្យាយាមដើម្បីសម្រេចផែនការនេះ។

​ទីភ្នាក់ងារសារព័ត៌មានអ៊ុយក្រែន UNIAN បានធ្វើសេចក្តីរាយការណ៍ដោយដកស្រង់សម្តីរបស់លោក-ស្រី Yevheniia Kravchuk  សមាជិកប្រតិភូសភាអ៊ុយក្រែនប្រចាំនៅ OSCE PA  ថា រដ្ឋាភិបាលទីក្រុងកៀវបានសម្រេចចិត្តធ្វើពហិការ ក្នុងសន្និបាតសភា OSCE PA រហូតដល់ទីក្រុងមូស្គូត្រូវបានផាត់ចេញ។ លោក Tsekov បានថ្លែងបន្តថា អ៊ុយក្រែន មិនមានសមត្ថភាពក្នុងការផាត់រុស្ស៊ីចេញពីសន្និបាតសភា OSCE  PA  នោះឡើយ ប៉ុន្តែពួកគេនឹងព្យាយាម។ អ៊ុយក្រែន កំពុងតែព្យាយាមប៉ុនប៉ងដាក់សម្ពាធលើ សហភាពអឺរ៉ុបក្នុងកិច្ចការខាងលើនេះ សមាជិកសភារុស្ស៊ីរូបនេះបានថ្លែងប្រាប់សារព័ត៌មាន Sputnik បែបនេះ ដោយបានថ្លែងបន្ថែមថា សំណើរបស់​រដ្ឋាភិបាលទីក្រុងកៀវ​ពាក់ព័ន្ធ​នឹងទីក្រុងមូស្គូតែងតែត្រូវបានបដិសេធ។ លោក Tsekov ក៏បានចោទប្រកាន់ផងដែរថា ឥស្សរជននយោបាយអ៊ុយក្រែនបានបង្កឱ្យមានអស្ថិរភាព​ដល់វេទិកាអន្តរ​ជាតិ។

​កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក Vladimir Dzhabarov អនុប្រធានប្រតិភូសភារុស្ស៊ីប្រចាំ OSCE  PA  បានថ្លែងថា សមាជិកសភារុស្ស៊ីត្រូវបានបដិសេធទិដ្ឋាការ​ចូលរួម​ក្នុង​​​​សម័យប្រជុំរដូវស្លឹកឈើជ្រុះនៃសន្និបាតសភា OSCE PA ដែលធ្វើឡើងនៅក្នុងទីក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២​។ ក្រោយមកព័ត៌មាននេះ ក៏ទទួលបានការបញ្ជាក់ផងដែរពីក្រសួងការបរទេសប៉ូឡូញខណៈដែលលោក Nat Parry ប្រធានផ្នែកទំនាក់ទំនង និងការិយាល័យព័ត៌មានរបស់​អង្គការ OSCE បានថ្លែងថា ការសម្រេចចិត្តពាក់ព័ន្ធនឹងការចូលរួមរបស់ប្រតិភូរុស្ស៊ី ព្រោះសមាជិកប្រតិភូរុស្ស៊ីស្ថិតក្រោមការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ដែលបាន​ធ្វើ​ឡើងក្នុងកម្រិតជាតិពីអាជ្ញាធរប៉ូឡូញ។

បណ្តាប្រទេសលោកខាងលិច មានគោលដៅដាក់រុស្ស៊ីឱ្យនៅ​ឯកោ បន្ទាប់ពីប្រទេសនេះបានបើកប្រតិ បត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ​២០២២។​ ប្រទេសលោកខាងលិចបាន ដាក់ចេញនូវយុទ្ធនាការទណ្ឌកម្មគ្រប់ជ្រុងជ្រោយប្រឆាំងរដ្ឋាភិបាលទីក្រុងមូស្គូ និងទទូចឱ្យសហគមន៍អន្តរជាតិហាមឃាត់មន្រ្តី និង​ពលរដ្ឋរុស្ស៊ីពីការចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗ។ ប៉ុន្តែសម្រាប់លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីនៅតែអះអាងថា អឺរ៉ុបមិនអាចធ្វើឱ្យរុស្ស៊ីឯកោនោះឡើយ៕

http://ព័ត៌មានសភាអន្តរជាតិ ២៨-១១-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/world/osce-cannot-exclude-russia-from-parliamentary-1600646.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`