logo logo
banner1
អំពើហិង្សាលើសមាជិកាសភា៖ មូលហេតុ, ផលប៉ះពាល់, ដំណោះស្រាយ
 

តួលេខបច្ចុប្បន្នភាពចុងក្រោយបង្អស់របស់សហភាពអន្តរសភា(IPU) បានបង្ហាញថា ក្នុងចំណោមសមាជិកសភាទាំងអស់ទូទាំងពិភពលោក សមាជិកាសភាមានចំនួនតែ២៦% ប៉ុណ្ណោះ។ ទោះបីជា នៅប៉ុន្មានឆ្នាំចុងក្រោយ នេះចំនួនសមាជិកាសភាបានការកើនឡើងក៏ដោយ ប៉ុន្តែនៅមានឧបសគ្គចម្បងៗជាច្រើន ដែលនៅតែបន្តរារាំងការឈាន​ទៅដល់​សមភាពនៃចំនួនសមាជិកសភាជាស្រ្តី និងចំនួនសមាជិកសភាជាបុរស។ ឧបសគ្គដ៏ធំៗបំផុត ទាំងនោះរួមមាន ការប្រកាន់រើសអើងភេទ(Sexism) ការបៀតបៀន(Harassment) អំពើហិង្សាទាក់ទងនឹងយេនឌ័រ(Gender-based violence)។

​របាយការណ៍ជាច្រើនរបស់សហភាពអន្តរសភា បានបង្ហាញការប្រកាន់រើសអើងភេទដោយខុសច្បាប់ (sexist abuse)នៅតែបន្តកើតមាននៅគ្រប់សភាទូទាំងពិភពលោក។ ការស្ទង់មតិមួយរបស់សហភាពអន្តរសភាក្នុងឆ្នាំ២០១៦ លើសមាជិកាសភាទូទាំងពិភពលោក បានបង្ហាញថា ៨២%ធ្លាប់ជាកម្មវត្ថុនៃ អំពើហិង្សាលើរាងកាយ ក្នុងទម្រង់​ជាការ​ប្រកាន់ការរើសអើងភេទ ការគំរាមកំហែង និងការបៀតបៀន។ ប្រ- សិនបើដំណោះស្រាយប្រកបដោយប្រសិទ្ធភាពសម្រាប់បញ្ហាខាងលើ មិនទាន់ត្រូវបានរកឃើញទេ នោះស្រ្តីនៅតែមានការរារែកចិត្ត ក្នុងការចូលប្រឡូកក្នុងវិស័យនយោបាយ ហើយសមភាពយេនឌ័រក្នុងវិស័យនេះក៏លំបាកនឹងមានវឌ្ឍនភាពដែរ។

មូលហេតុ៖

ដើម្បីដោះស្រាយបញ្ហាទាំងនេះ ជំហានដ៏សំខាន់ចាំបាច់ទីមួយ គឺការស្វែយល់ថា តើហេតុអ្វីបានជាការប្រកាន់រើសអើងភេទ ការបៀតបៀន និងអំពើហិង្សាលើស្រ្តី កើតឡើង​ក្នុងវិស័យនយោបាយ។ ជាការពិត ប្រពៃណីបិតាធិបតេយ្យ(Patriarchal Tradition) ដែលបានរួមរឹតក្នុងសង្គមជាច្រើនលើភពផែនដីយើង បានធ្វើឱ្យបុរសតែងមានអារម្មណ៍​ថាខ្លួនអស្ចារ្យជាងស្រ្តី នៅគ្រប់ពេលវេលាក្នុងប្រវត្តិសាស្រ្ត និងបច្ចុប្បន្ន។ ប្រពៃណីមួយនេះបានបំបាក់ស្មារតីយ៉ាងខ្លាំងចំពោះសមភាគីជាស្រ្តីនៅលើសៃវៀនការងារ។ ទស្សនៈ​​​ ដែលថា ស្រ្តីមិនសក្តិសមមានវត្តមានក្នុងវិស័យនយោបាយ ជាពិសេស មិនសមនឹងការកាន់តំណែងខ្ពស់  ទស្សនៈនេះ បានដក់ជាប់ក្នុងចិត្តមនុស្ស​ស្ទើរតែមួយផែនដី​ទៅហើយ។ ជាលទ្ធផល ជារឿយៗសមាជិកាសភាតែងតែជាជនរងគ្រោះ នៃទម្លាប់រើសអើងយេនឌ័រ និងការប្រកាន់រើសអើងភេទ។ ស្រ្តីតែងរងការបន្តុះបង្អាប់ ឬត្រូវបានគេ​មើល​​​​ស្រាលដោយសារតែរូបរាង។

លទ្ធផលនៃការស្ទង់មតិរបស់សហភាពអន្តរសភា លើសមាជិកាសភាក្នុងតំបន់អាហ្រ្វិក អឺរ៉ុប និងទូទាំងពិភពលោក បានបង្ហាញថា អាកប្បកិរិយាមិនសមស្របខាងលើកើ​​ត​មានឡើងជាទូទៅនៅក្នុងសភា នៅក្នុងគណបក្សនយោបាយ និងនៅក្នុងមជ្ឈដ្ឋានសាធារណៈទូទៅ។ លើសពីនេះទៅទៀត អាកប្បកិរិយាបែបនេះកើតឡើងច្រើនលើគេលើ​សមាជិកាសភាហ៊ានក្រោកឈរការពារសិទ្ធិស្រ្តី។ អាកប្បកិរិយាមិនស្របខាងលើ បានមានសភាពកាន់តែអាក្រក់ នៅពេលដែលអ្នកប្រព្រឹត្តិបានបង្កប់នូវអារម្មណ៍​រើសអើង​វ័យ រើសអើងពូជសាសន៍ ការរើសអើងមនុស្សស្រលាញ់ភេទដូចគ្នា រើសអើងជនពិការ និងការរើសអើងផ្សេងៗទៀត។

ការយល់ឃើញដែលថាបុរសអស្ចារ្យជាងស្រ្តីក្នុងវិស័យនយោបាយ ក៏មានន័យផងដែរថា សមាជិកាសភា ងាយរងគ្រោះជាងមុនពីការបៀតបៀនផ្លូវភេទ (sexual harass​ment)។ ដោយការយល់ឃើញនេះ បានធ្វើឱ្យស្រ្តីជួបការលំបាកច្រើនជាងមុន ក្នុងការឈានទៅទទួលបានតំណែងកាន់តែខ្ពស់ជាងមុន។ ដើម្បី ទទួលបានតំណែងខ្ពស់ជាងមុន ជារឿយៗ ស្រ្តីទទួលរងនូវការកេងប្រវ័ញ្ច ឬការបង្ខិតបង្ខំពីសំណាក់បុរសដែលមានតួនាទីខ្ពស់ បុរសដែលប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួន ដោយខុសច្បាប់។ ការស្ទង់​មតិរបស់ សហភាពអន្តរសភា បានបង្ហាញថាស្រ្តីមិនហ៊ានរាយការណ៍ថា ខ្លួនជាជនរងគ្រោះពីការបៀតបៀន ឬអំពើហិង្សាឡើយ មូលហេតុ​គឺដោយសារមិនចង់​ឱ្យខូច​អាជីព​របស់ខ្លួន ឬខូចកេរ្តិ៍ឈ្មោះគណបក្សនយោបាយរបស់ខ្លួន ឬក្នុងករណីខ្លះទៀត ប្រព័ន្ធនៃការរាយការណ៍អំពីទង្វើខុសច្បាប់ខាងលើ គឺគ្មានប្រសិទ្ធភាព។

ផល​ប៉ះពាល់

អំពើហិង្សាលើសមាជិកាសភា កើតឡើងក្នុងទម្រង់ជាច្រើនទៀតលើសពីការរៀបរាប់ខាងលើ។ របា យការណ៍នៃការស្ទង់មតិរបស់សហភាពអន្តរសភា បង្ហាញថា ភាគច្រើន​បំផុតដែលអំពើហិង្សាលើសមាជិកាសភា គឺជាអំពើហិង្សាលើផ្លូវចិត្ត (psychological violence) ដែលកើតឡើងតាមរយៈការបញ្ចេញគំនិត និងតាមរយៈអាកប្បកិរិយា ដែល​ស្តែងចេញនៅពេលនិយាយផ្ទាល់មាត់ លើប្រព័ន្ធអ៊ីនធឺណិត និងប្រព័ន្ធផ្ស ព្វផ្សាយបែបប្រពៃណី។ អំពើហិង្សាលើសមាជិកាសភា មានចំនួនខ្ពស់គួរឱ្យព្រួយបារម្ភខ្លាំង គឺមាន​រហូតដល់៦៧%ក្នុងចំណោមសមាជិកាដែលចូលរួមស្ទង់មតិក្នុងតំបន់អាហ្រ្វិក ៦៨%ក្នុងតំបន់អឺរ៉ុប ៦៦%គិតជារួមទូទាំងពិភពលោក។ អំពើហិង្សាពាក់ព័ន្ធនឹងការ​គំរាម​សម្លាប់​ (Threat of death) រំលោភ(Rape) វាយលើរាងកាយ(Beating) និងការពង្រត់(Abduction) កើតឡើងចំនួន ៤២% ក្នុងចំណោមសមាជិកាដែលចូលរួមស្ទង់​មតិក្នុង​តំបន់អាហ្រ្វិក ៤៧%ក្នុងតំបន់អឺរ៉ុប និង៤៤% បើគិតជារួមនៅទូទាំងពិភពលោក។

​មានទម្រង់នៃអំពើហិង្សាលើផ្លូវចិត្តដោយប្រយោល ជាច្រើនទៀតដែលកើតឡើងលើសមាជិកាសភា ក្នុងនោះរួមមានការនិយាយកាត់សមាជិកាសភាដែល​កំពុងតែមាន​យោបល់ និងភាពលម្អៀងផ្នែកសេដ្ឋកិច្ច(ឧទាហរណ៍ប្រភពថវិកាខ្លះដែលត្រូវតែផ្តល់ជូនដល់សមាជិកាសភា បែរជាផ្តល់ជូនទៅសមាជិកភាជាបុរស។ ១ភាគ៣នៃសមាជិកា​ដែលចូលរួមក្នុងការស្ទង់មតិ សុទ្ធតែបានជួបបទពិសោធមួយនេះ…។

http://ព័ត៌មានអន្តរជាតិ ២៧-១១-២២- មាស តូនី ប្រែសម្រួលពី៖ https://www.ipu.org/news/news-in-brief/2022-11/violence-against-women-parliamentarians-causes-effects-



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`