រូបភាពសភាអឺរ៉ុប
លោក Jaume Duch អ្នកនាំពាក្យសភាអឺរ៉ុបបានថ្លែងថា គេហទំព័រសភាអឺរ៉ុប ត្រូវរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតដែលអះអាងដោយក្រុមចោរអ៊ីនធឺណិតគាំទ្រសហព័ន្ធរុស្ស៊ី ភ្លាមៗបន្ទាប់ពីសមាជិក សភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចមួយហៅ រដ្ឋាភិបាលទីក្រុងមូស្គូថាជា “រដ្ឋគាំទ្រអំពើភេរវនិយម”។
លោក Duch បានថ្លែងថា “អ្នកជំនាញខាងបច្ចេកវិទ្យាព័ត៌មានវិទ្យារបស់យើងកំពុងតែប្រឆាំងតបតទៅនឹងការវាយប្រហារ និងការពារប្រព័ន្ធរបស់យើង”។ ការវាយប្រហារនេះកើតមានឡើង បន្ទាប់ពីយើងបានអះអាងថា រុស្ស៊ីជារដ្ឋគាំទ្រអំពើភេរវនិយម។ គេហទំព័រសភាអឺរ៉ុប ត្រូវបានកំណត់គោលដៅវាយប្រហារ លើ DDOS ធ្វើឱ្យចរាចរណ៍អ៊ីនធឺណិតពីខាងក្រៅកើនឡើងខ្លាំងចូលក្នុងម៉ាស៊ីនមេរបស់គេហទំព័រ ដើម្បីរំខានដល់បណ្តាញ។ លោកស្រី Roberta Metsola ប្រធានសភាអឺរ៉ុបបានបង្ហោះសារក្នុងបណ្តាញសង្គម Twitter របស់លោកស្រីថា “សភាអឺរ៉ុបកំពុងស្ថិតក្រោមការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតពីក្រុមដ៏ជំនាញ។ ក្រុមគាំទ្រវិមានក្រឹមឡាំងបានអះអាងពីការទទួលខុសត្រូវលើការវាយប្រហារនេះ”។
ប្រភពមួយផ្សេងទៀតនៅក្នុងសភាដែលថ្លែងក្នុងលក្ខខណ្ឌអនាមិកថា ការវាយប្រហារនេះ គឺជាការ វាយប្រហារដ៏ជំនាញបំផុតនៅក្នុងប្រវត្តិសាស្រ្តថ្មីៗនេះ ដាក់គោលដៅលើស្ថាប័នអឺរ៉ុប។ គេហទំព័រសភាអឺរ៉ុបបានរងការវាយប្រហារភ្លាមៗ បន្ទាប់ពីសមាជិកសភាអឺរ៉ុប បានបោះឆ្នោតគាំទ្រជាឯកច្ឆន្ទទទួលស្គាល់ថា “រុស្ស៊ីជារដ្ឋគាំទ្រអំពើភេរវនិយម” ពាក់ព័ន្ធនឹងការចូលវាយប្រហារប្រទេសអ៊ុយក្រែន។ លោក Rasmus Andresen សមាជិកសភាអឺរ៉ុបមកពីប្រទេសអាល្លឺម៉ង់បានថ្លែងថា “ការវាយប្រហារថ្ងៃនេះមកលើប្រព័ន្ធ អ៊ីនធឺណិតសភាអឺរ៉ុប គឺជាការព្រមានមួយ វាគឺជាការវាយប្រហារមកលើបេះដូងនៃប្រជាធិបតេយ្យអឺរ៉ុប”។
លោក Andresen បានថ្លែងបន្តថា “យើងនៅមិនដឹងនៅឡើយទេ ថាតើការវាយប្រហារខាងលើនេះជាប់ពាក់ព័ន្ធនឹងសេចក្តីសម្រេចលើរុស្ស៊ីឬយ៉ាងណា ប៉ុន្តែលោកបានទទូចថា ប្រព័ន្ធអ៊ីនធឺណិតសភាអឺរ៉ុប នៅមិនទាន់បានត្រៀមខ្លួនគ្រប់គ្រាន់សម្រាប់ការវាយប្រហារនៅឡើយទេ”។ រដ្ឋាភិបាលទីក្រុងមូស្គូបានរង ការចោទប្រកាន់ម្តងហើយម្តងទៀតពីរដ្ឋាភិបាលទីក្រុងកៀវ និងសម្ព័ន្ធមិត្តលោកខាងលិចថា បានធ្វើការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតមកលើគោលដៅសំខាន់ៗ ក្នុងគ្រាដែលរុស្ស៊ីបានចាប់ផ្តើមសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។ សហភាពអឺរ៉ុបធ្លាប់បានថ្លែងកាលពីប៉ុន្មានខែថ្មីៗនេះថា ខ្លួនកំពុងព្យាយាមបង្កើនការការពារប្រព័ន្ធកុំព្យូទ័ររបស់ខ្លួន៕
http://ព័ត៌មានសភាអន្តរជាតិ ២៥-១១-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/world/eu-parliament-website-attacked-after-meps-sla-1599408.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម