លោក Juan Miguel Zubiri (ស្តាំ) ក្នុងពិធីទទួលស្វាគមន៍លោក Vuong Dinh Hue
កាលពីថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណ រដ្ឋសង្គមនិយមវៀតណាម បានជួបសន្ទនាការងារជាមួយលោក Juan Miguel Zubiri ប្រធានព្រឹទ្ធសភានៃ សាធារណរដ្ឋហ្វ៊ីលីពីន បន្ទាប់ពីព្រឹទ្ធសភាហ្វីលីពីនបានអនុម័តសេចក្តីសម្រេចចិត្តស្តីពីការពង្រឹងទំនាក់ទំនងសភារវាងប្រជាជាតិទាំងពីរ។
លោក Hue បានសម្តែងជំនឿថា ក្រោមការដឹកនាំរបស់ប្រធានព្រឹទ្ធសភា និងប្រធានសភាតំណាង ប្រទេសហ្វ៊ីលីពីននឹងកាន់តែរីកចម្រើន ហើយតួនាទី និងជំហររបស់ខ្លួននឹងកើនឡើងនៅក្នុងតំបន់ និងពិភព លោក។ លោក Hue បានសម្តែងការពេញចិត្តចំពោះការអនុម័តសេចក្តីសម្រេចចិត្តដោយពណ៌នាថា វាជា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៅក្នុងទំនាក់ទំនងទ្វេភាគីក៏ដូចជាទំនាក់ទំនងរវាងសភានៃប្រទេសទាំងពីរ។ ឆ្លៀត ក្នុងឱកាសនោះ លោក Zubiri បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោក Hue មកកាន់ ប្រទេសហ្វ៊ីលីពីន រួមចំណែកជាវិជ្ជមានក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងហ្វ៊ីលីពីន ក៏ដូចជារវាងស្ថាប័ននីតិប្បញ្ញត្តិរបស់ពួកគេ ដោយបានគូសបញ្ជាក់ថា វៀតណាមគឺជាដៃគូយុទ្ធសាស្ត្រតែមួយគត់របស់ហ្វ៊ីលីពីនក្នុងអាស៊ាន។ លោក Zubiri បានថ្លែងអំណរគុណចំពោះវៀតណាម ដែលតែងតែជាអ្នកផ្គត់ផ្គង់អង្ករប្រកបដោយស្ថិរភាពសម្រាប់ប្រទេសរបស់លោក ដើម្បីជួយធានាសន្តិសុខ ស្បៀង ដោយសម្តែងនូវក្តីសង្ឃឹមថា ផលិតផលរបស់ហ្វ៊ីលីពីននឹងនាំចេញទៅកាន់ប្រទេសវៀតណាមបន្ថែម ទៀត ដើម្បីរក្សាតុល្យភាពពាណិជ្ជកម្ម។ ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិ បត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ទាំងទ្វេភាគី និងពហុភាគី ដោយបញ្ជាក់ពីតួនាទីស្នូលនៃកិច្ចសហប្រតិបត្តិការសភាក្នុងការជំរុញទំនាក់ទំនងពហុភាគី និងទ្វេភាគីរវាងប្រទេសនានា។ ភាគីទាំងពីរបានឯកភាពបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ និងការចែករំលែកបទពិសោធន៍រវាងគណៈកម្មាធិការស្តីពីការងារនីតិប្បញ្ញត្តិ និងការត្រួតពិនិត្យ ព្រមទាំងលើកកម្ពស់ការពិគ្រោះយោបល់ ការ សម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅយន្តការសហប្រតិបត្តិការពហុភាគី។
នៅក្នុងកិច្ចសន្ទនានេះ សមាជិកព្រឹទ្ធសភាហ្វ៊ីលីពីនក៏បានលើកឡើងពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិ ការ និងការចែករំលែកបទពិសោធន៍រវាងប្រទេសទាំងពីរក្នុងវិស័យសន្តិសុខដែនសមុទ្រ ការប្រែប្រួលអាកាស ធាតុ និងការការពារគ្រោះមហន្តរាយ៕
http://ព័ត៌មានសភាអន្តរជាតិ ២៥-១១-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/top-legislator-holds-talks-with-philippine-senates-president/244374.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម