លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម និងលោក Martin Romualdez ប្រធានសភាតំណាងហ្វីលីពីន
លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបសន្ទនាការងារជាមួយលោក Martin Romualdez ប្រធានសភាតំណាងនៃសាធារណរដ្ឋហ្វីលីពីន នៅក្នុងរដ្ឋធានីម៉ានីឡា កាលពីថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ភ្លាមៗបន្ទាប់ពីពិធីស្វាគមន៍ដែលបានធ្វើឡើងនៅក្នុង ទីស្នាក់ការកណ្តាលសភាហ្វីលីពីន។
ភាគីម្ចាស់ផ្ទះ បានបង្ហាញនូវជំនឿរបស់លោកថា ដំណើរទស្សនកិច្ចនេះនឹងបង្កើតបាននូវកម្លាំង ជំរុញថ្មីមួយសម្រាប់ភាពជាដៃគូយុទ្ធសាស្រ្តនៃប្រទេសទាំងពីរ ដើម្បីអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព និងជាក់លាក់លើគ្រប់វិស័យ។ លោក Hue បានអបអរសាទរដល់ហ្វីលីពីនដែលទទួលបានជោគជ័យក្នុង ការរៀបចំការបោះឆ្នោតសកល កាលពីខែឧសភា ឆ្នាំ២០២២ ហើយលោក Romualdez បានជាប់ឆ្នោត ជាប្រធានសភា។ លោក Hue ក៏បានពណ៌នាផងដែរពីសេចក្តីសម្រេចរបស់សភាតំណាងហ្វីលីពីនស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈក្រុមមិត្តភាពសភាហ្វីលីពីន-វៀតណាម ថាជា ព្រឹត្តិការណ៍ ដ៏សំខាន់មួយក្នុងការពង្រឹងចំណងទាក់ទងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ក៏ដូចជា ភាពជាដៃ គូយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ។
សម្រាប់ភាគីហ្វីលីពីន លោក Romualdez ថ្លែងអំណរគុណដល់វៀតណាមចំពោះការបរិច្ចាគគ្រឿងបរិក្ខារវេជ្ជសាស្រ្តដល់ប្រទេសរបស់លោក ក្នុងអំឡុងពេលនៃជំងឺរាតត្បាតជាសកលកូវីដ-១៩ និងជាអ្នកផ្គត់ផ្គង់អង្ករដ៏រឹងមាំ គួរឱ្យជឿទុកចិត្ត និងឥតប្រែប្រួល នៅចំពេលនៃវិបត្តិស្បៀងអាហារជាសកល។ លោក Romualdez ក៏បានបង្ហាញនូវក្តីសង្ឃឹមផងដែរថា ហ្វីលីពីននឹងអាចនាំចេញទំនិញច្រើនថែមទៀត ទៅ កាន់វៀតណាម។ ក្នុងឱកាសនោះផងដែរ លោកប្រធានរដ្ឋសភាវៀតណាម ក៏បានអញ្ជើញលោកប្រធានសភាហ្វីលីពីន ទៅបំពេញទស្សនកិច្ចប្រទេសវៀតណាម។ លោក Romualdez បានថ្លែងអំណរគុណ និងទទួលយកការអញ្ជើញដោយក្តីរីករាយ។
នៅក្នុងជំនួបសន្ទនានោះដែរ ក្រោមវត្តមានរបស់សមាជិកសភានៃប្រទេសទាំងពីរ សមាជិកសភាតំណាង ១រូប នៃប្រទេសហ្វីលីពីនបានអាននូវសេចក្តីសម្រេចលេខ ៥៧១ ទាំងស្រុង ស្តីពីការពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីតាមរយៈក្រុមមិត្តភាពសភាវៀតណាម-ហ្វីលីពីន។ សេចក្តីសម្រេចនេះ ទទួលបានការគាំទ្រពីសភាតំណាងហ្វីលីពីនទាំងមូល៕
http://ព័ត៌មានសភាអន្តរជាតិ ២៤-១១-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://en.vietnamplus.vn/top-legislator-holds-talks-with-leader-of-philippine-house-of-representatives/244334.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម