logo logo
banner1
ទីបំផុតលោក វ៉្លាឌីមៀ ពូទីន ទទួលបានការអនុម័តពីសភារុស្សុី ដើម្បីបញ្ជូនទ័ពចូលទៅកាន់តំបន់ផ្តាច់ខ្លួន ២ នៅភាគខាងកើតអ៊ុយក្រែន
 

(ម៉ូស្គូ)៖ នៅទីបំផុតការស្នើរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ទៅកាន់ព្រឹទ្ធសភា ដើម្បីបញ្ជូនកងទ័ពចូលទៅកាន់ តំបន់ផ្តាច់ខ្លួនចំនួនពីរ នៅភាគខាងកើតអ៊ុយក្រែន គឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ដែលទីក្រុងម៉ូស្គូទើបចុះហត្ថលេខាទទួលស្គាល់ជា «រដ្ឋឯករាជ្យ» ទាំងពីរនោះ ត្រូវបានអនុម័តហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

ការអនុម័តដោយសភារុស្ស៊ីខាងលើនេះ ត្រូវបានធ្វើឡើងតាមរយៈការបោះឆ្នោត ឯកច្ឆ័ន្ទតែម្តង ដើម្បីគាំទ្រលោក ពូទីន ក្នុងការដាក់ពង្រាយកងកម្លាំង ទៅកាន់តំបន់ផ្តាច់ខ្លួនភាគខាងកើតអ៊ុយក្រែនចំនួន ២ គឺ Donetsk និង Luhansk។ សមាជិកសភាជា ន់ខ្ពស់រុស្ស៊ី លោក អ៊ែនឌ្រៃ គ្លីហ្សាស (Andrei Klishas) បានប្រាប់អង្គសភាទាំងមូល នៅថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងនៅទីក្រុងម៉ូស្គូ) ថា «សេចក្តីសម្រេចនេះ គឺចូលជាធរមានភ្លាមៗ»

បើតាមផែនការរបស់លោក វ៉្លាឌីមៀ ពូទីន ការបញ្ជូលកងទ័ពចូលទៅកាន់តំបន់ Donetsk និង Luhansk គឺស្ថិតក្នុងគោលដៅថែរក្សាសន្តិភាព និងការពារពីការវាយប្រហារដោយកងទ័ពអ៊ុយក្រែន។ បន្ថែមពីនេះ ក្រុមសមាជិកសភារុស្ស៊ី ក៏នឹងត្រូវជួបពិភាក្សាគ្នាបន្ថែមទៀតផងដែរ ជុំវិញផែនការថ្មីទៀតរបស់លោក ពូទីន ក្នុងការបង្កើតសន្ធិសញ្ញាមិត្តភាព ជាមួយដែនដីដែលខ្លួនបានដាក់ឈ្មោះឲ្យថា «សាធារណរដ្ឋប្រជាមានិតដូណេតក៍ (DNR)» និង «សាធារណរដ្ឋប្រជាមានិតលូហាន់ក៍ (LNR)» នោះផងដែរ។

គួរបញ្ជាក់ថា នៅក្រោយលោក ពូទីន បានប្រកាសទទួលស្គាល់តំបន់ទាំងពីរខាងលើជា «រដ្ឋឯករាជ្យ» និងត្រៀមបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅកាន់ទីនោះ សហរដ្ឋអាមេរិកវិញមិនទាន់អាចបញ្ជាក់បានថា តើសកម្មភាពបែបនេះរបស់រុស្ស៊ី ជាទង្វើឈ្លានពានដូចដែលខ្លួន និងសម្ព័ន្ធមិត្តលោកខាងលិចបាន ព្រមាននាពេលកន្លងមកនេះដែរ ឬមួយក៏យ៉ាងណានោះទេ។ ដ្បិត រុស្ស៊ីបានដាក់ពង្រាយកងទ័ព ក្នុងតំបន់នោះរួចស្រេចទៅហើយ។ តែទោះជាបែបនេះក្ដី លោក បៃដិន កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានចុះហត្ថលេខារួចទៅហើយ លើបទបញ្ជាប្រតិបត្តិមួយ ដែលនឹងហាមពលរដ្ឋ ឬក្រុមហ៊ុនអាមេរិកក្នុងការវិនិយោគ, ធ្វើពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយតំបន់ Donetsk និង Luhansk៕

http://freshnewsasia.com/index.php/en/internationalnews/232230-2022-02-23-03-28-00.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`