logo logo
banner1
សភាលីបង់បរាជ័យជាលើកទី៦ ក្នុងការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីថ្មី
 

លោក Nabih Berri ប្រធានសភានៃសាធារណរដ្ឋលីបង់​

​កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានរាយការណ៍ថា សមាជិកសភានៃសាធារណរដ្ឋលីបង់បានបរាជ័យជាលើកទី៦ ក្នុងការ​បោះ​ឆ្នោត​​ជ្រើសតាំងប្រធានាធិបតីថ្មីរបស់ប្រទេសមួយនេះ ដោយសារតែមិនមានបេក្ខជនប្រធានាធិបតីរូបណា ទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់។ អនុលោមតាមរដ្ឋធម្មនុញ្ញ​លីបង់ បេក្ខជនប្រធានាធិបតីត្រូវតែទទួលបានសំឡេងយ៉ាងហោចណាស់ ២ភាគ៣ នៃសភា ១២៨អាសនៈ ហើយប្រសិនបើឈានដល់ការបោះឆ្នោតជាលើកទី២ នោះត្រូវ​ការតែសំឡេងតែ ៥០បូក១ ប៉ុណ្ណោះ នៅក្នុងការបោះឆ្នោតជុំទី២។

​សមាជិកសភាចំនួន ៥៣រូប បានបោះឆ្នោតគាំទ្រសមាជិកសភាឯករាជ្យ លោក Michel Mouawad ៤៦រូប បោះឆ្នោតសន្លឹកទទេ សន្លឹកឆ្នោត ១១សំឡេងមិនអាចយកជាការ​បាន និងសន្លឹកឆ្នោតក្រៅពីនេះគាំទ្របេក្ខជនឈរឈ្មោះផ្សេងៗទៀត។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ NNA បានរាយការណ៍។ លោក Nabih Berri ប្រធាន​សភា​លីបង់បានកំណត់កាលបរិច្ឆេទបោះឆ្នោតជាថ្មីទៀត នៅថ្ងៃទី ២៤​ ខែវិច្ឆិកា ឆ្នាំ២០២២។ អាណត្តិ ៦ឆ្នាំ របស់លោក Michel Aoun មេដឹកនាំប្រទេសលីបង់ ត្រូវបានចប់ តាំងពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២មក។ ចាប់តាំងពីពេលនោះមក មុខងាររបស់ប្រធានាធិបតីក្នុងប្រទេសលីបង់ ត្រូវបានធ្វើឡើងដោយផ្នែក ដោយគណៈរដ្ឋមន្រ្តី​អន្តរ​កាល។

​ការប៉ុនប៉ងជ្រើសតាំងប្រធានាធិបតីថ្មី បានបន្តធ្វើឡើងនៅក្នុងសភាលីបង់ជាច្រើនដង ចាប់តាំងពីចុងខែកញ្ញា ឆ្នាំ២០២២មក ប៉ុន្តែមិនមានបេក្ខជនប្រធានាធិបតីរូបណា​ទទួល​បានសំឡេងឆ្នោតចាំបាច់អប្បបរមានោះឡើយ។ យ៉ាងណាក៏ដោយការជាប់គាំងដូចគ្នានេះ ក៏ធ្លាប់កើតមានឡើងក្នុងប្រទេសលីបង់ផងដែរចាប់ពីខែឧសភា ឆ្នាំ២០១៤ ដល់ ខែតុលា ឆ្នាំ២០១៦ ដែលនៅពេលនោះ ធ្វើឱ្យសមាជិកសភាប្រជុំ៤៥លើក ដើម្បីបោះឆ្នោតជ្រើសតាំង លោក Michel Aoun ជាប្រធានាធិបតីថ្មី។

គួរបញ្ជាក់ផងដែរថា ប្រទេសលីបង់បានធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច និងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ហ៊ុមព័ទ្ធទៅដោយភាពតានតឹងនយោបាយ និងសង្គម ចាប់តាំងពីឆ្នាំ២០១៩មក។ នៅចំ​ពេលនៃវិបត្តិនេះ ប្រព័ន្ធធនាគារនៅក្នុងប្រទេសស្ទើរតែមិនដំណើរការទាំងស្រុង រូបិយបណ្ណជាតិបានធ្លាក់ថ្លៃជាង ២០ដង បើប្រៀបនឹងប្រាក់ដុល្លារ បណ្តាលឱ្យចំនួនប្រជាជន​លីបង់ជាង ៧០% កំពុងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ៕

http://ព័ត៌មានសភាអន្តរជាតិ ១៨-១១-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/world/lebanese-parliament-fails-to-elect-president-1596137.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`