លោកស្រី Licia Ronzulli សមាជិកសភានៃសាធារណរដ្ឋអ៊ីតាលី ធ្លាប់បំបៅដោះទារកក្នុងសភាអឺរ៉ុប
រដ្ឋធានីរ៉ូម៖ សមាជិកាសភានៃសាធារណរដ្ឋអ៊ីតាលីនឹងត្រូវបានអនុញ្ញាតឱ្យបំបៅដោះទារករបស់ខ្លួននៅក្នុងសាលប្រជុំសភា ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាដេញដោល។ នេះបើតាមគណៈកម្មាធិការទទួលខុសត្រូវគ្រប់គ្រងសាលប្រជុំសភាបានប្រកាសកាលពីថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ការបំបៅដោះទារករបស់សមាជិកាសភានឹងត្រូវបានអនុញ្ញាតឱ្យអង្គុយនៅក្នុងជួរខាងលើនៃសាលប្រជុំសភា ឬនៅក្នុងសាលបម្រុងទុកសម្រាប់បំបៅដោះ។ ប៉ុន្តែយ៉ាងណាក៏ដោយ ការបំបៅដោះទារកនៅក្នុងសាលប្រជុំសភានឹងត្រូវបានអនុញ្ញាតឱ្យត្រឹមតែទារកនោះ គ្រប់អាយុ ១ខួបតែប៉ុណ្ណោះ។
មកទល់ពេលនេះ ឪពុកម្តាយដែលបំបៅដោះទារករបស់ខ្លួន ត្រូវនៅបន្ទប់ដាច់ដោយឡែក ដែលត្រូវបានបម្រុងទុកសម្រាប់ពួកគេ។ លោកស្រី Gilda Sportiello សមាជិកាសភាមកពីគណបក្សចលនាផ្កាយ៥(MS5) ដែលជាអ្នកផ្តួចផ្តើមគំនិតឱ្យមានកំណែទម្រង់សភាបានថ្លែងថា ការប្រតិបត្តិដ៏ល្អមួយនេះដែលនឹងធានាបាននូវក្តីពេញចិត្តពេញថ្លើមទាំងស្រុងនៃសិទ្ធិដែលមិនអាចដកហូតបាន គឺជាសញ្ញាមួយដ៏ខ្លាំងក្លាចេញពីតំណាងភាគច្រើនបំផុតនៅក្នុងសភាប្រជាធិបតីអ៊ីតាលី។ លោកស្រី Sportiello បានថ្លែងបន្ថែមថា “ស្រ្តីគ្រប់រូបទាំងអស់ គួរតែអាចបំបៅដោះទារកនៅកន្លែងណាក៏បាន តាមដែលគាត់ចង់”។
គណបក្សចលនាផ្កាយ៥ ដែលជាគណបក្សប្រជានិយមមួយដែលលេចធ្លោជាងគេនៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាក្នុងឆ្នាំ២០១៨នោះ មានអ្នកម្តាយវ័យក្មេងជាច្រើនរូបបានជាប់ឆ្នោតជាសមាជិកាសភា និងបានធ្វើយុទ្ធនាការដើម្បីឱ្យពួកគេបានរួមបញ្ចូលការងារ និងជីវិតគ្រួសាររប្រសើរជាងមុន។សមាជិកាសភាស្តាំនិយមជ្រុល លោកស្រី Giorgia Meloni ដែលបានក្លាយជានាយករដ្ឋមន្រ្តីកាលពីចុង ខែតុលា ឆ្នាំ២០២២កន្លងមកនេះ ខ្លួនលោកស្រីក៏ធ្លាប់បានស្នើបែបនេះ នៅក្នុងឆ្នាំ២០១៩ ដែលជាផ្នែកមួយនៃការប្រយុទ្ធរបស់លោកស្រីដើម្បីផ្តល់ភាពងាយស្រួលជាងមុន សម្រាប់អ្នកម្តាយវ័យក្មេងក្នុងការបំពេញការងារ និងដើម្បីជំរុញអត្រាកំណើត នៅក្នុងប្រទេសមួយដែលមានការធ្លាក់ចុះនូវអត្រាកំណើត។
លោកស្រី Licia Ronzulli មេដឹកនាំក្រុមគណបក្សស្តាំនិយម គឺគណបក្ស Forza Italia នៅក្នុងព្រឹទ្ធសភាអ៊ីតាលី ក៏បានស្វាគមន៍កំណែទម្រង់មួយនេះផងដែរ។ ក្នុងនាមជាសមាជិកសភាអឺរ៉ុប(MEP) វ័យក្មេង លោកស្រីបានបំបៅដោះទារកនៅក្នុងសភាអឺរ៉ុប នាទីក្រុង Strasbourg នៃប្រទេសបារាំងដែលនៅទីនោះ ការបំបៅដោះទារកត្រូវបានអនុញ្ញាត។ រូបថតជាច្រើនសន្លឹករបស់លោកស្រី និងទារកបានស្ថិតនៅទំព័រមុខនៃសារព័ត៌មាននានានៅក្នុងប្រទេសអ៊ីតាលី៕
http://ព័ត៌មានសភាអន្តរជាតិ ១៧-១១-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://menafn.com/1105190000/Italian-Women-Mps-Win-Right-To-Breastfeed-In-Chamber
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម