logo logo
banner1
ប្រធានរដ្ឋសភាវៀតណាមជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្ត្រីនូវែលសេឡង់
 

លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម (ស្តាំ) និងលោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីនូវែលសេឡង់. (Photo: VNA)

រដ្ឋធានីហាណូយ៖ លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋវៀតណាម បានថ្លែងអំណរគុណដល់ប្រទេសនូវែលសេឡង់ ដែលបានជួយវៀតណាមក្នុងការ​ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត កូវីដ-១៩ ដោយបានផ្តល់ជំនួយថ្នាំបង្ការ និងឧបត្ថម្ភហិរញ្ញវត្ថុ ដល់ប្រទេសនៅក្នុងតំបន់អាស៊ី-អាគ្នេយ៍។

​នៅក្នុងជំនួបជាមួយលោកស្រីJacinda Ardern នាយករដ្ឋមន្ត្រីនូវែលសេឡង់​ ក្នុងរដ្ឋធានី ហាណូយ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោកប្រធាន Hue បានសម្តែងនូវ​ក្តីរីករាយរបស់​លោកចំពោះការវិវត្តិន៍នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី រវាងអង្គនីតិប្បញ្ញត្តិទាំងពីរក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយការបង្កើតក្រុម​មិត្តភាព​សភា វៀតណាម-នូវែលសេឡង់ ដោយរដ្ឋសភាវៀតណាមនីតិកាលទី១៥ និងក្រុមមិត្តភាពសភាតំបន់ប៉ាស៊ីហ្វិច-នូវែលសេឡង់ ដែលបានបង្កើតឡើងដោយសភា​នូវែលសេឡង់។

​លោកប្រធាន Hue បានស្នើឱ្យភាគីទាំងពីរ បង្កើនការផ្លាស់ប្តូរទស្សនកិច្ច និងកិច្ចសហប្រតិបត្តិការ​​​ រវាងគណៈកម្មាធិការជំនាញសភា និងក្រុមមិត្តភាពសភានៃប្រទេសទាំងពីរ ដើម្បីចែករំលែកព័ត៌មាន និងបទពិសោធន៍គ្នាទៅវិញទៅមក ឆ្ពោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ។ ប្រធានរដ្ឋ​សភា​វៀតណាមរូបនេះ បានថ្លែងទៀតថា ភាគីទាំងពីរគួរតែបន្តគាំទ្រគ្នាទៅវិញទៅមក និងភាពស៊ីចង្វាក់គ្នាយ៉ាងជិតស្និទ្ធនៅឯវេទិកាសហភាពអន្តរសភា (IPU), វេទិកាសភា​អាស៊ី-ប៉ាស៊ីហ្វិច (APPF) និងកិច្ចប្រជុំភាពជាដៃគូសភា អឺរ៉ុប-អាស៊ី (ASEP)។

​លោកប្រធាន Hue បានលើកឡើងទៀតថា រដ្ឋសភាវៀតណាម នឹងត្រួតពិនិត្យមើលលើការអនុវត្ត កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារួច រួមមាន ផែនការសកម្មភាព​ឆ្នាំ​២០២១-២០២៤ សម្រាប់ការអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងអំឡុងពេលទស្សនកិច្ច។ ការអំពាវនាវឱ្យមាន​កិច្ច​សហ​ប្រតិបត្តិការដែលត្រូវបានលើកកម្ពស់ក្នុងវិស័យថ្មីៗជាច្រើន រួមទាំង ការផ្ទេរថាមពល និងការផ្ទេរឌីជីតាល់ ផងដែរ។ លោកប្រធាន Hue បានបន្តទៀតថា រដ្ឋសភា​វៀតណាម កំពុងតែដាក់បញ្ចូលគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិសម្រាប់​ឆ្នាំ២០៣០ ទៅក្នុងផែនការ និងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់​ប្រទេសវៀតណាម។

http://ព័ត៌មានសភាអន្តរជាតិ ១៦-១១-២២-កែវ ធាវី ប្រែសម្រួលពី៖ https://en.vietnamplus.vn/na-chairman-meets-with-new-zealand-prime-minister/243861.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`