ទិដ្ឋភាពក្នុងសម័យប្រជុំរដ្ឋសភាវៀតណាមនាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ (Photo: VNA)
រដ្ឋធានីហាណូយ៖ សមាជិករដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានពិនិត្យ និងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី អធិការកិច្ចដែលបានពិនិត្យពិភាក្សារួច និងសេចក្តីព្រាងច្បាប់ស្តីពី ប្រេងឥន្ធនៈដែលបានពិនិត្យពិភាក្សារួចក្នុងអំឡុងពេលដំណើរការសម័យប្រជុំលើកទី៤ នៃរដ្ឋសភាវៀតណាមនីតិកាលទី១៥ ក្នុងរដ្ឋធានីហាណូយ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ សេចក្តីព្រាងច្បាប់ស្តីពី អធិការកិច្ច មាន ៨ ជំពូក និង ១១៨ មាត្រា ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ តទៅ។ យោងតាមរបាយការណ៍ស្តីពី ការកែសម្រួលសេចក្តីព្រាងច្បាប់នេះ សំឡេងភាគច្រើននៃសមាជិករដ្ឋសភាបានអនុម័តបញ្ញត្តិស្តីពី ការបង្កើតភ្នាក់ងារអធិការកិច្ចក្រោមចំណុះអគ្គនាយកដ្ឋាន និងនាយកដ្ឋានរបស់ក្រសួងនានា។
យោងតាមបញ្ញត្តិនេះ រដ្ឋាភិបាល នឹងពិចារណាលើការសម្រេចបង្កើតភ្នាក់ងារអធិការកិច្ចនៅតាមក្រសួងនានា។ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាម បានស្នើឱ្យអង្គនិតិបញ្ញត្តិការពារបញ្ញត្តិនៃច្បាប់ពាក់ព័ន្ធនឹងការងារអធិការកិច្ចនេះនៅតាមបណ្តាខេត្ត-ក្រុងនានា។ បើយោងតាមគណៈកម្មាធិការ ប្រជាជនថ្នាក់ខេត្ត នឹងបង្កើតភ្នាក់ងារអធិការកិច្ចខេត្ត ដោយផ្អែកលើតម្រូវការគ្រប់គ្រងក្នុងមូលដ្ឋាន រួមទាំងផែនការបុគ្គលិកដែលត្រូវបានដាក់ចេញ។
សេចក្តីព្រាងច្បាប់ស្តីពី ប្រេងឥន្ធនៈ ដែលមាន ១១ ជំពូក និង ៥៩ មាត្រា ក៏នឹងចូលជាធរមានចាប់ពីខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះដែរ។ របាយការណ៍ស្តីពីសេចក្តីព្រាងច្បាប់នេះ បានបញ្ជាក់ទៀតថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានពិនិត្យលើគោលនយោបាយស្តីពី ការធ្វើអាជីវកម្មរ៉ែ, ក្រុមរ៉ែ, ប្រេង និងឧស្ម័នជាច្រើនក្នុងសេចក្តីព្រាងច្បាប់នេះ ដែលជាគោលការណ៍ច្បាប់សម្រាប់ធ្វើឱ្យធនធានប្រេង និងឧស្ម័នបើកចំហរកាន់តែទូលំទូលាយឡើង, ការចូលរួមលើកកម្ពស់ការប្រមូលថវិកាជាតិ។ សេចក្តីព្រាងច្បាប់នេះ បានបំពេញ បន្ថែមគោលការណ៍ស្តីពី ការគោរពច្បាប់វៀតណាមស្តីពី ការឆ្លើយតបនឹងការបង្ហូរប្រេង និងសកម្មភាពទាញយកប្រយោជន៍ពីការស្រាវជ្រាវលើប្រេងឥន្ធនៈ និងសកម្មភាពដែលបង្កឱ្យមានការបំពុលបរិយាកាស៕
http://ព័ត៌មានសភាអន្តរជាតិ ១៥-១១-២២-កែវ ធាវី ប្រែសម្រួលពី៖ https://en.vietnamplus.vn/national-assembly-passes-two-draft-revised-laws/243834.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម