logo logo
banner1
បណ្តាប្រធានសភា គូសបញ្ជាក់ពីសកម្មភាពរួមជាសកល ក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ
 

លោក Duarte Pacheco ប្រធានសហភាពអន្តរសភា(IPU)

​បណ្តាប្រធានសភានៃប្រទេសនានាមកពីជុំវិញពិភពលោក បានអះអាងពីភាពចាំបាច់ក្នុងការធ្វើសកម្មភាពរួម ថ្នាក់តំបន់ និងជាសកលដើម្បីដោះស្រាយបញ្ហាបម្រែបម្រួល​អាកាសធាតុ។ ការអះអាងនេះ បានកើតមានឡើងក្នុងអំឡុងពេលនៃពិធីបើកកិច្ចប្រជុំសភាពិភពលោក នៅក្រៅឆាកនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីបញ្ហាអាកាសធាតុ (COP27) ដែលធ្វើឡើងនៅក្នុងទីក្រុង Sharm El-Sheikh នៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប កាលពីថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

​លោក Duarte Pacheco ប្រធានសហភាពអន្តរសភា(IPU) បានថ្លែងថា សមាជិកសភាទាំងអស់ ដែលមកប្រទេសអេហ្ស៊ីបនេះ គឺដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលនៃប្រទេស​ទាំងឡាយ ត្រូវអនុវត្តន៍នូវវិធានការនានាក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។ លោក Pacheco បានថ្លែងបន្ថែម ថា រដូវក្តៅឆ្នាំនេះ យើងបានឃើញនូវ​មនុស្ស​​ស្លាប់ជាង ១០,០០០នាក់ ដោយសារតែកម្តៅថ្ងៃ វាបង្ហាញ ថា ការបំភាយកម្តៅនៅឡើងលើសពីកម្រិតស្តង់ដា    ហើយរលកកម្ពៅបានឈានដល់កម្រិតខ្ពស់បំផុត។  លោក Hanafi al-​Jebali ប្រធានសភាតំណាងអេហ្ស៊ីបបានថ្លែងថា កិច្ចប្រជុំកំពូលស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុ គឺជាព្រឹត្តិការណ៍ដ៏វិសេសវិសាល និងប្រកបដោយ​ប្រសិទ្ធភាព​បំផុតនៅក្នុងពិភពលោក ព្រោះបានធ្វើឡើងដើម្បីសង្រ្គោះភពផែនដី ពីគ្រោះថ្នាក់នៃការរស់រានមានជីវិតរបស់មនុស្ស។

​លោក Jebali បានគូសបញ្ជាក់ពីការគំរាមកំហែងដ៏ធ្ងន់ធ្ងរនៃបាតុភូតបម្រែបម្រួលអាកាសធាតុដែល តម្រូវឱ្យយើងទាំងអស់គ្នាត្រូវមានអម្រែកទទួលខុសត្រូវ​តាមរយៈ​សកម្មភាព​ដ៏ប្រាកដប្រជា និងឆន្ទៈដ៏ស្មោះត្រង់ ក៏ដូចជា ចាត់វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីប្រឈមដោយឥតរួញរាចំពោះបាតុភូតដ៏គួរឱ្យភ័យខ្លាចមួយនេះ។ ក្នុងនាម​សមាជិកសភា លោក Jebali បានអំពាវនាវទៅកាន់មេដឹកនាំពិភពលោកត្រូវបំពេញនូវការប្តេជ្ញាចិត្តជាអន្តរជាតិ ដើម្បីប្រឈមតទល់នឹងបញ្ហាបម្រែបម្រួល​អាកាសធាតុ ដើម្បី​សង្រ្គោះមនុស្សជាតិចេញពីការគំរាមកំហែងនៃការរស់រានមានជីវិត។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំខាងលើ មានការចូលរួមពីគណៈប្រតិភូសមាជិកសភាមកពីជាង ៦០ប្រទេស​អង្គការសភាតំបន់ និងអន្តរជាតិ ព្រមទាំងឥស្សរជនអន្តរជាតិ​កម្រិត​ខ្ពស់មួយចំនួន។ កិច្ចប្រជុំបានពិភាក្សាយ៉ាងតានតឹងរវាងសមាជិកសភា និងអ្នកជំនាញមកពីជុំវិញពិភពលោក ដើម្បីស្វែងរកមធ្យោបាយ  ក្នុងកិច្ចខិតខំប្រឹងប្រែងយ៉ាង​សកម្ម​ជាសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ និងតាមអ្វីដែលអាចធ្វើបានដើម្បីកាត់បន្ថយកម្តៅសកល៕

http://ព័ត៌មានសភាអន្តរជាតិ ១៥-១១-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://menafn.com/1105176409/Speakers-Of-Parliaments-Stress-Collective-Action-To-Combat-Climate-Change

 



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`