logo logo
banner1
វិធីសាស្រ្តផ្នែកនីតិកម្មដែលប្រទេសចំនួន៦ បាននិងកំពុងអនុវត្តដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ
 

ការកសាងច្បាប់ពាក់ព័ន្ធនឹងសកម្មភាពអាកាសធាតុ មានសារៈសំខាន់ខ្លាំងណាស់ក្នុងការចូលរួមអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ២០១៥ និងជួយកាត់បន្ថយសីតុណ្ហភាព​ឱ្យមក​នៅតែត្រឹម១.៥ដឺក្រេ ខ្ពស់ជាងកម្រិតមុនសម័យឧស្សាហកម្ម(pre-industrial levels)។ វិទ្យាស្ថានស្រាវជ្រាវLES’s Grantham Research Institute ក្រោមកិច្ច​សហការជាមួយសហភាពអន្តរសភា(IPU) បានបង្កើតនូវមូលទិន្នន័យមួយ ដែលមកដល់បច្ចុប្បន្ននេះ បានតាមដាន និងកត់ត្រានូវច្បាប់និងគោលនយោបាយជាង៣,០០០ ពាក់ព័ន្ធនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។ ក្នុងពេលបណ្តាប្រទេសជាច្រើនកំពុងបង្កើនមហិច្ឆតាក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ច្បាប់ថ្មីៗជាច្រើន​ត្រូវ​បាន​បង្កើតឡើង ហើយត្រូវបានកត់​បញ្ចូលទុក ជាទិន្នន័យក្នុងមូលទិន្នន័យខាងលើ។ ខាងក្រោមនេះគឺប្រទេសចំនួន៦ ដែលមានភាពលេចធ្លោផ្នែកនីតិកម្ម ក្នុងការជួយ​ដោះស្រាយ​បញ្ហាបម្រែបម្រួលអាកាសធាតុ៖

បាហាម៉ា៖

​កាលពីពេលថ្មីៗនេះ ប្រទេសដែនកោះមួយនេះបានអនុម័តច្បាប់ថ្មីមួយ ផ្តោតលើការបង្កើតទីផ្សារកាបូន(Caron Market) ជាពិសេសទាក់ទងនឹងកាបូនបៃតង(Blue Carbon) ឬកាបូនសមុទ្ទ(Ocean Carbon)។ ការបង្កើតនេះ បង្ហាញអំពីការទទួលស្គាល់នូវសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ីសមុទ្ទ ក្នុងការជួយប្រទេសឱ្យការងើបចេញពីផលប៉ះពាល់​នៃបម្រែបម្រួលអាកាសធាតុ។ ប្រព័ន្ធអេកូឡូស៊ីសមុទ្ទរក្សាទុកនូវបរិមាណកាបូនដ៏សន្ធឹកសន្ធាប់ និងជួយការពារប្រព័ន្ធអេកូឡូស៊ី ដើម្បីកាត់បន្ថយផលប៉ះពាល់មួយចំ នួន​ដែល​​បណ្តាលមកពីកំណើននីវ៉ូទឹកសមុទ្ទ និងកំណើនអាកាសធាតុអាក្រក់។

បារាំង៖

​សាធារណរដ្ឋបារាំងកំពុងដោះស្រាយបញ្ហាពាក់ព័ន្ធ នឹងការភូតកុហករបស់ក្រុមហ៊ុនមួយចំនួន ដែល បំភ្លៃការពិតថាផលិតផលរបស់ក្រុមហ៊ុនខ្លួន មិនប៉ះពាល់ ប៉ះពាល់តិចតួច ​ ឬជួយដល់បរិស្ថាន។​ ដើម្បី ដោះស្រាយបញ្ហានេះ ប្រទេសបារាំងបានចេញក្រឹត្យមួយស្តីអំពីការផ្សាយពាណិជ្ជកម្មអំពីផលិតផលដែលមានអព្យាក្រឹតភាពកាបូន(Carbon Neutrality)។ ការផ្ទុះការសន្យាគាំទ្រចំពោះគោលនយោបាយកាបូន

កម្រិតសូន្យក្នុងបរិយាកាស(Net Zero Carbon: តុល្យភាពនៃបរិមាណនៃការបញ្ចេញកាបូនក្នុងបរិយាសកាស និងបរិមាណនៃស្រូបយកកាបូនក្នុងបរិយាកាស) និងបេ្តជ្ញាចិត្ត​របស់​គណបក្សនយោបាយជាច្រើនក្នុងប្រទេសនេះ គឺសញ្ញាណនៃការវិវឌ្ឍដ៏ល្អប្រសើរមួយ។ លើសពីនេះទៅទៀត បច្ចុប្បន្ននេះសភាបារាំងកំពុងពិនិត្យនិងអនុម័តលើ​សេចក្តីព្រាងច្បាប់ជាប្រវត្តិសាស្រ្តមួយ ពាក់ព័ន្ធការប្រើប្រាស់ពាក្យ”អព្យាក្រឹតកាបូន និងកាបូនកម្រិតសូន្យក្នុងបរិយាកាស)។

អាមេរិក៖

​ច្បាប់ស្តីពីការបន្ថយអតិផរណា(The Inflation Reduction Act)របស់សហរដ្ឋអាមេរិក  បានដាក់ បញ្ចូលនូវកញ្ចប់ដ៏ធំបំផុតនៃច្បាប់ស្តីពីបម្រែបបម្រួលអាកាសធាតុ ដែល​មិន​ធ្លាប់មានក្នុងរយៈពេលជាងមួយទសវត្សចុងក្រោយនេះ។ ជាលទ្ធផលនៃការចរចាច្រើនលើកច្រើនសា លើច្បាប់ស្តីការកសាងបង្អែក ល្អប្រសើរជាងមុន(Build Back Better Act) ទីភ្នាក់ងារIRAរបស់រដ្ឋាភិបាលអាមេរិក បានអនុញ្ញាតឱ្យរដ្ឋាភិបាលសហព័ន្ធ អាចផ្តល់ថវិកាចំនួន៣៦៩ពាន់លានដុល្លារអាមេរិក សម្រាប់ការដោះស្រាយបញ្ហា​សន្តិសុខថាមពល និងបម្រែបម្រួលអាកាសធាតុ។

ស៊ីលី៖

​កាលពីពេលថ្មីៗនេះ សាធារណរដ្ឋស៊ីលីបានបង្កើតឱ្យមានច្បាប់ ផ្តោតលើកាបូនកម្រិតសូន្យក្នុងបរិយាកាស(Net-Zero Carbon) ដោយមានភ្ជាប់ផងដែរនូវបញ្ជីរាយនាម​គោល​​​នយោបាយ​​​សំខាន់ៗដើម្បី សម្រេចគោលដៅនេះ។ គោលនយោបាយសំខាន់ៗទាំងនោះរួមមាន សុពលភាពផ្នែកវិទ្យាសាស្រ្ ត (Scientic Validity) ប្រសិទ្ធភាពថ្លៃដើម (Cost-effectiveness)  អភិក្រមប្រព័ន្ធអេកូឡូស៊ី (Ecosystem Approach) សមភាពនិងយុត្តិធម៌អាកាសធាតុ(Equity and Climate Justice) និងការមិនវិលទៅអនុវត្ត​តាមវិធីសាស្រ្តចាស់(Non-regression)។ ក្របខណ្ឌនៃគោលនយោបាយសកម្មភាពខាងលើ  គឺជាការជួយចង្អុលបង្ហាញរដ្ឋាភិបាល អំពីសកម្មភាពដែលត្រូវអនុវត្ត​ដើម្បីឆ្លើយ​តប​​នឹងបម្រែបម្រួលអាកាសធាតុ ហើយក៏ជាគំរូដ៏ល្អដែរ សម្រាប់ប្រទេសដទៃទៀត។

អូស្រ្តាលី៖

​ជាប្រវត្តិសាស្រ្ត  អូស្រ្តាលីតែងបង្ហាញភាពស្ទាក់ស្ទើរក្នុងការធ្វើកំណែទម្រង់ ទៅអនុវត្តសេដ្ឋកិច្ចដែលបញ្ចេញកាបូនតិចក្នុងបរិយាកាស (Low-carbon Economy)។ ឈរលើ​មូលដ្ឋាននេះ ទើបមហិច្ឆតានៃការបង្កើតគោលនយោបាយបម្រែបម្រួលអាកាសធាតុ តែងតែជាប្រធានបទដ៏សំខាន់នៅក្នុង យុទ្ធនាការបោះឆ្នោតនីមួយៗ។ ប៉ុន្តែថ្មីៗនេះគេ​សង្កេត​​​ឃើញមានការប្រែប្រួលខ្លាំងនៃនយោបាយស្តីអំពីបម្រែបម្រួលអាកាសធាតុ។ រដ្ឋាភិបាលថ្មីនៃប្រទេសអូស្រ្តាលី បានអនុម័តបង្កើតច្បាប់ស្តីអំពីក្របខ័ណ្ឌបម្រែបម្រួល​អា កាសធាតុ ដោយផ្តល់នូវមុខងារពិគ្រោះយោបល់ដល់ផ្នែកនេះ ដល់អាជ្ញាធរបម្រែបម្រួលអាកាសធាតុ​ឯករាជ្យជាច្រើន។

ចិន៖

​សាធារណរដ្ឋប្រជាមានិតចិន មិនបានបង្កើតឱ្យមានក្របខណ្ឌច្បាប់ស្តីអំពីបម្រែបម្រួលអាកាសធាតុឡើយ ប៉ុន្តែផែនការងាររយៈពេល៥ឆ្នាំរបស់រដ្ឋាភិបាលចិន បានដាក់​បញ្ចូល​​​​​បញ្ហា​បម្រែបម្រួលអាកាស ធាតុ ជាអាទិភាពខ្ពស់ដែលត្រូវដោះស្រាយ នៅក្នុងការរៀបចំគោលនយោបាយទូទៅ និងផែនការឧស្សាហកម្ម។  នៅក្នុងផែនការការងារ​រយៈពេល៥ឆ្នាំលើកទី១៤ ដែលទើបតែនឹងដាក់ចេញពេលថ្មីៗចុងក្រោយនេះ ផែនការនេះមានព័ត៌មានជាច្រើនពាក់ព័ន្ធបញ្ហាបម្រែបម្រួលអាកាសធាតុ។ ទោះបីប្រទេសចិន​មិន​មានច្បាប់ ជាឯកសារជាក់លាក់ស្តីអំពីការដោះស្រាយបញ្ហាបម្រែបម្រួលបរិយាកាសក៏ដោយ ប៉ុន្តែក្នុងការអនុវត្តជាក់ស្តែង ប្រទេសចិនមានវិធីសាស្រ្តធ្វើការងារ​នេះយ៉ាង​ល្អប្រសើរបំផុត ដែលប្រទេសជាច្រើនគួរយកធ្វើជាគំរូ។ យន្តការងារខុសគ្នា ប៉ុន្តែប្រសិទ្ធភាពការងារល្អប្រសើរដូចគ្នា៕

http://ព័ត៌មានអន្តរជាតិ ១៣-១១-២២- មាស តូនី ប្រែសម្រួលពី៖ https://www.ipu.org/news/news-in-brief/2022-11/how-6-countries-are-fighting-climate-change-with-legislation



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`