
លោក Wi Seong-gon សមាជិកសភាគណបក្សប្រជាធិបតេយ្យ (កណ្តាល) លោកស្រី Jang Hye-young សមាជិកាសភាគណបក្សយុត្តិធម៌ (ស្តាំ) លោកស្រី Yong Hye-in សមាជិកាសភាគណបក្សចំណូលមូលដ្ឋាន (ឆ្វេង) ដាក់សំណើរួមគ្នា ស្នើឱ្យសភាស៊ើបអង្កេតលើការបាត់បង់ជីវិតមនុស្សនៅតំបន់ Itaewon
គណបក្សប្រជាធិបតេយ្យ, គណបក្សយុត្តិធម៌ និងគណបក្សចំណូលមូលដ្ឋាននៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានដាក់សំណើរួមគ្នា ស្នើឱ្យរដ្ឋសភាស៊ើបអង្កេតលើឧបទ្ទវហេតុហ្វូងមនុស្សជាន់គ្នានៅតំបន់ពាណិជ្ជកម្មវប្បធម៌ចម្រុះ Itaewon ដែលបានបណ្តាលឱ្យបាត់បង់ជីវិតមនុស្សចំនួន ១៥៦ នាក់ កាលពីចុងខែតុលា ឆ្នាំ២០២២។ ការរួបរួមកម្លាំងគ្នាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងការពិតនៃឧបទ្ទវហេតុនេះ គណបក្សប្រឆាំងមួយចំនួន ក៏កំពុងតែអំពាវនាវឱ្យគណបក្សកាន់អំណាច គឺគណបក្ស អំណាចប្រជាជនផ្តល់ការគាំទ្ររបស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងនេះ។
កាលពីថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោក Wi Seong-gon អនុប្រធានក្រុមសមាជិកសភាគណបក្សប្រជាធិបតេយ្យ, លោកស្រី Jang Hye-young អនុប្រធានក្រុមសមាជិកសភាគណបក្សយុត្តិធម៌ និងលោកស្រី Yong Hye-in សមាជិកាសភាគណបក្សចំណូលមូលដ្ឋាន បានដាក់សំណើរួមគ្នា ស្នើឱ្យសភាស៊ើបអង្កេតលើការខ្វែងគំនិតគ្នាលើសេចក្តីស្នើច្បាប់មួយចំនួនរបស់សភា។
ពាក់ព័ន្ធនឹងវិសាលភាពនៃការស៊ើបអង្កេតខាងលើនេះ គណបក្សប្រឆាំង ៣ កំពុងអំពាវនាវឱ្យស៊ើបអង្កេតរកមូលហេតុនៃឧបទ្ទវហេតុនៅតំបន់ Itaewon និងអ្នកទទួលខុសត្រូវដែលត្រូវបានគេកំណត់អត្តសញ្ញាណ និងស្ថានភាពប្រតិបត្តិការនៃប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពរបស់ខុទ្ទកាល័យប្រធានាធិបតី, ក្រសួងមហាផ្ទៃ និងសុវត្ថិភាព, ភ្នាក់ងារនគរបាលជាតិ, ភា្នក់ងារពន្លត់អគ្គិភ័យ, រដ្ឋបាលរដ្ឋធានីសេអ៊ូល និងរដ្ឋបាលស្រុក Yongsan ត្រូវបានដាក់ក្រោមការស៊ើបអង្កេត។
សមាជិកគណបក្សប្រឆាំងជាច្រើនរូប បានបញ្ជាក់ថា ព្រឹត្តិការណ៍សំខាន់ជុំវិញគ្រោះមហន្តរាយនៅតំបន់ Itaewon នោះ ត្រូវបានគេដាក់បន្ទុកកធ្ងន់លើបុគ្គលិកសន្តិសុខ និងអ្នកយាមប្រចាំការនៅទីនោះ ដោយសារការប្តូរទីតាំងខុទ្ទកាល័យប្រធានាធិបតីទៅស្រុក Yongsan និងការធ្វេសប្រហែសក្នុងការរក្សាសណ្តាប់ធ្នាប់សាធារណៈនៅថ្ងៃកើតគ្រោះហន្តរាយនោះ ដោយសារតែផែនការបង្ក្រាបបទល្មើសពាក់ព័ន្ធគ្រឿងញៀន។ បញ្ហាទាំងនេះ បានជួបផលវិបាកយ៉ាងខ្លាំងសម្រាប់ឧបទ្ទវហេតុនៅតំបន់ Itaewon នេះបើយោងតាមការអះអាងរបស់សមាជិកសភាគណបក្សប្រឆាំង៕
http://ព័ត៌មានសភាអន្តរជាតិ ១១-១១-២២-កែវ ធាវី ប្រែសម្រួលពី៖ https://english.hani.co.kr/arti/english_edition/e_national/1066680.html