លោកស្រី Puan Maharani ប្រធានសភាឥណ្ឌូនេស៊ី និងលោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូង
រដ្ឋធានីសេអ៊ូល៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែ វិច្ឆិកា ឆ្នាំ២០២២ថា លោក Yoon Suk-yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានជួបពិភាក្សាការងារជាមួយលោកស្រី Puan Maharani Nakshatra Kusyala Devi ប្រធានសភាតំណាងនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីស្វែងរកមធ្យោបាយពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
លោក Lee Jae-myoung អនុប្រធានអ្នកនាំពាក្យប្រធានាធិបតីបានថ្លែងថា លោកប្រធានាធិបតី Yoon បានសង្កត់ធ្ងន់ទៅកាន់លោកស្រីប្រធានសភាថា ឥណ្ឌូនេស៊ីគឺជាប្រទេសតែមួយគត់នៅអាស៊ីអាគ្នេយ៍ ដែលមានភាពជាដៃគូយុទ្ធសាស្រ្តពិសេសជាមួយកូរ៉េខាងត្បូង និងបានស្នើឱ្យសភាឥណ្ឌូនេស៊ីគាំទ្រឱ្យ សកម្មចំពោះកំណើនសេដ្ឋកិច្ច សន្តិសុខ ការវិនិយោគ និងកិច្ចសហប្រតិបត្តិការដទៃទៀត រវាងប្រទេសទាំងពីរ ដូចដែលបានព្រមព្រៀងគ្នា នៅក្នុងអំឡុងពេលនៃជំនួបកំពូលរបស់លោក ជាមួយនឹងលោក Joko Widodo ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅក្នុងរដ្ឋធានីសេអ៊ូល កាលពីខែកក្កដា ឆ្នាំ២០២២។
លោក Yoon ក៏បានបង្ហាញក្តីសង្ឃឹមផងដែរថានឹងបានរួមចំណែកបន្ថែមទៀតក្នុងការពង្រឹងចំណងទាក់ទងទ្វេភាគី និងចំណងទាក់ទងជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) តាមរយៈការធ្វើដំណើររបស់លោកទៅកាន់ប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី ដែលនឹងចាប់ផ្តើមនៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ សម្រាប់ភាគីឥណ្ឌូនេស៊ី លោកស្រី Puan បានសម្តែងនូវសមានទុក្ខចំពោះហេតុការណ៍ចង្អៀតណែនជាន់គ្នាស្លាប់នៅក្នុងខណ្ឌ Itaewon នៃរដ្ឋធានីសេអ៊ូល និងបានប្តេជ្ញាធ្វើកិច្ចសហប្រតិបត្តិការសភាយ៉ាងសកម្មដើម្បីអភិវឌ្ឍបន្ថែមទៀតនៃចំណងទាក់ទងទ្វេភាគី នៅក្នុងឱកាសនៃខួបអនុស្សាវរីយ៍លើក ទី៥០ នៃការបង្កើតចំណងការទូតរវាងកូរ៉េខាងត្បូង-ឥណ្ឌូនេស៊ី នៅឆ្នាំ២០២៣។
ខណៈពេលដែលជំទាវទី១ កូរ៉េខាងត្បូងលោកស្រី Kim Keon-hee ទទួលទានអាហារពេលល្ងាចជាមួយលោកស្រី Puan និងម្តាយរបស់លោកស្រីដែលជាអតីប្រធានាធិបតី និងមេដឹកនាំគណបក្សកាន់អំណាច គឺលោកស្រី Megawati Sukarnoputri នោះលោកស្រី Kim បានស្នើឱ្យឥណ្ឌូនេស៊ីគាំទ្រដល់ កូរ៉េខាងត្បូងចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើជាម្ចាស់ផ្ទះពិពណ៌ពិភពលោកឆ្នាំ២០៣០ នៅក្នុងទីក្រុងភាគខាងរបស់កូរ៉េខាត្បូង គឺទីក្រុងប៊ូសាន៕
http://ព័ត៌មានសភាអន្តរជាតិ ១១-១១-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://en.yna.co.kr/view/AEN20221110009600315
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម