logo logo
banner1
បទវិភាគអន្តរជាតិ ៖ សហរដ្ឋអាមេរិកបង្កើន «យុទ្ធនាការសង្រ្គាមព័ត៌មាន» ប្រឆាំងលោក ពូទីន
 

(វ៉ាស៊ីនតោន) ៖ រុស្ស៊ី អះអាងថាខ្លួនបានដកកងទ័ពមួយចំនួនចេញពីតំបន់ក្បែរព្រំដែនអ៊ុយក្រែនក៏ពិតមែន។ ប៉ុន្តែសហរដ្ឋអាមេរិក បាន និងកំពុងបង្កើន «យុទ្ធនាការសង្គ្រាមព័ត៌មាន» ឥតឈប់ឈរប្រឆាំងនឹងរុស្សុី ដើម្បីឱ្យពិភពលោកប្រុងជើងការខ្ពស់ ចំពោះលទ្ធភាពដែលទីក្រុងម៉ូស្គូ អាចវាយលុកចូល អ៊ុយក្រែន នៅក្នុងបរិបទដែលរដ្ឋបាលលោក ចូ បៃដិន កំពុងបន្តរក្សាការដាក់សម្ពាធលើប្រធានាធិបតីរុស្សុី លោក វ្ល៉ាឌីមៀ ពូទីន និងរក្សាសាមគ្គីភាពជាមួយសម្ពន្ធមិត្ត។

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ កាលពីថ្ងៃពុធសប្ដាហ៍នេះបានឱ្យដឹងថា រុស្សុីមិនត្រឹមតែមិនបានដកទ័ពថយទេ ផ្ទុយទៅវិញបានបង្កើនចំនួនកងទ័ពបន្ថែម ៧,០០០នាក់ ហើយកាលពីថ្ងៃអង្គារកន្លងទៅនេះលោក បៃដិន ផ្ទាល់បានបង្ហើបថាកងទ័ពរុស្សុីជាង ១៥០,០០០នាក់ត្រូវបានដាក់ពង្រាយនៅក្បែរតំបន់ ព្រំដែនអ៊ុយក្រែន។ មន្ត្រីរូបនេះដដែលបានបញ្ជាក់ដូច្នេះថា « ភស្ដុតាងដែលយើងមានក្នុងពេលបច្ចុប្បន្ន នោះគឺពួកគេ (រុស្សី) នៅតែបន្តចល័តកងទ័ព ត្រៀមលក្ខណៈធ្វើសង្គ្រាមខណៈស្នើឱ្យមានកិច្ចចរចា និងបន្ធូរបន្ថយភាពតានតឹង»

*ល្បែងយូរអង្វែងរបស់លោក ពូទីន?

នៅចំពោះមុខភាពតានតឹងរវាងលោកខាងលិច និងរុស្សុី ជុំវិញវិបត្តិអ៊ុយក្រែន, របាយការណ៍ស៊ើបការណ៍សម្ងាត់មួយនៅក្នុងទីក្រុងកៀវ ដែលទូរទស្សន៍ CNN ទទួលបាន បានបង្ហាញថាផ្អែកលើចំនួនកងទ័ពរុស្សុី កំពុងឈរជើងនៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន វាមិនគ្រប់គ្រាន់ក្នុងការបើកការវាយប្រហារទ្រង់ទ្រាយធំប្រកប​ដោយ​​ជោគជ័យ ប្រឆាំងនឹងអ៊ុយក្រែននោះទេ។

បើតាមក្រុមអ្នកជំនាញ, លោក ពូទីន អាចនឹងបន្តការដាក់សម្ពាធយោធាលើអ៊ុយក្រែន ហើយធ្វើដូច្នេះគឺលោកចង់បង្ហាញប្រាប់អ៊ុយក្រែនថាលោកនឹងមិនអនុញ្ញាតឱ្យទីក្រុង កៀវ ចូលជាសមាជិក NATO ឬសហភាពអឺរ៉ុ ជាដាច់ខាត។ បន្ថែមពីលើនេះ, លោក ពូទីន ក៏អាចប្រើប្រាស់វិបត្តិសព្វថ្ងៃ ដើម្បីបំពេញ បំណងរបស់លោកផងដែរ នោះគឺស្ដារមុខមាត់ជាមហាអំណាចរបស់រុស្សុីឡើងវិញនៅលើឆាកអន្តរជាតិ តាមរយៈការបើកកិច្ចសន្ទនាជាមួយមេដឹកនាំ ពិភពលោកដទៃជាបន្តបន្ទាប់ នៅក្នុងបរិបទដែលពិភពលោកកំពុងផ្តោតសំខាន់តែទៅលើការប្រជែងគ្នារវាងអាមេរិក និងចិន។

មិនតែប៉ុណ្ណោះ, ទោះជារុស្ស៊ីមិនបើកការវាយប្រហារលើអ៊ុយក្រែន, លោក ពូទីន ចង់ឱ្យពិភពលោកដឹងថាលោកមានសមត្ថភាពកែប្រែស្ថានការណ៍ អន្តរជាតិគ្រប់ពេលវេលា ប្រសិនបើរុស្សុីមិនទទួលបានការគោរពទេនោះ។

គួរបញ្ជាក់ថា បណ្តាប្រទេសលោកខាងលិច បាននិងកំពុងបន្តបង្វឹក និងបំពាក់សព្វាវុធឲ្យអ៊ុយក្រែន ព្រមទាំងព្រមានពីការឈ្លានរបស់រុស្សុីចូលទៅក្នុងទឹកដី អ៊ុយក្រែននៅក្នុងខែកុម្ភៈនេះ។ បណ្តាប្រទេសធំៗក្នុងតំបន់ដូចជា បារាំង និងអាល្លឺម៉ង់ជាដើម បានព្យាយាមបន្ធូរបន្ថយភាពតានតឹង តាមរយៈកិច្ចចរចាផ្នែកការទូត, ក្នុងនោះប្រធានាធិបតីបារាំង និងអធិការបតីអាល្លឺម៉ង់ សុទ្ធតែបានធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូដោយផ្ទាល់ ដើម្បីចរចាគ្នាបញ្ចប់ភាពតានតឹង តាមរយៈមធ្យោបាយការទូតជាចុងក្រោយ។

ប្រទេសរុស្សុីជារឿយៗបានអះអាងថា ខ្លួនគ្មានផែនការវាយលុកអ៊ុយក្រែន ដូចលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក បាននិងកំពុងចោទប្រកាន់នោះឡើយ ប៉ុន្តែ រុស្សុីនឹងប្រឆាំងដាច់ខាត ចំពោះចេតនាដាក់បញ្ជូលប្រទេសអ៊ុយក្រែន ទៅជាសមាជិកអង្គការ NATO ព្រោះវានឹងក្លាយជាការគំរាមកំហែងសន្តិសុខ ដោយផ្ទាល់នៅមាត់់របងផ្ទះរបស់រុស្សុី

http://ព័ត៌មានអង្គការសភាអន្តរជាតិ ១៨-០២-២២- មាស តូនី http://freshnewsasia.com/index.php/en/internationalnews/231713-2022-02-17-15-00-39.html

 



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`