logo logo
banner1
ការបោះឆ្នោតពាក់កណ្តាលអាណត្តិ ក្នុងសហរដ្ឋអាមេរិក នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ តើអ្វីជាការបោះឆ្នោតពាក់កណ្តាលអាណត្តិ ក្នុងសហរដ្ឋអាមេរិក?
 

ពេលវេលានៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក គឺប្រៀបដូចនឹងពេលវេលានៃការរៀបចំកីឡាអូឡាំពិកដែរ។ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ត្រូវបានធ្វើឡើងរាល់ ៤ឆ្នាំម្តង គឺដូចគ្នានឹងកីឡាអូឡាំពិករដូចក្តៅ ឆ្នាំ២០២០ ឆ្នាំ២០១៦ ឆ្នាំ២០១២ ឆ្នាំ២០០៨ ឆ្នាំ២០០៤ និង…។ ការបោះឆ្នោតពាក់កណ្តាល អាណត្តិ(Midterm Election) ត្រូវបានធ្វើឡើងរាល់៤ឆ្នាំម្តង ដូចគ្នានឹងកីឡាអូឡាំពិករដូវរងា ឆ្នាំ២០២២ ឆ្នាំ២០១៨ ឆ្នាំ២០១៤ ឆ្នាំ២០១០ ឆ្នាំ២០០៦ និង…។

គេប្រើពាក្យ”ការបោះឆ្នោតពាក់កណ្តាលអាណត្តិ” ពីព្រោះវាកើតឡើងនៅពាក់កណ្តាលអាណត្តិប្រ ធានាធិបតីនីមួយៗ ហើយជាទូទៅការបោះឆ្នោតនេះ ត្រូវបានគេប្រដូច នឹង ការធ្វើប្រជាមតិអំពីប្រជាប្រិយភាពរបស់ប្រធានាធិបតីក្នុងអំណាច។ ពិតហើយ ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នឹងក្លាយជា​ឱកាសទី១សម្រាប់អ្នកបោះឆ្នោតទូទាំងសហរដ្ឋអាមេរិក បញ្ជាក់អំពីកំណើនឬការចុះថយនៃការពេញចិត្តចំពោះលោកចូបៃឌិន ប្រធានាធិបតីបច្ចុប្បន្នរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែក្នុងការបោះឆ្នោតនេះ ឈ្មោះរបស់លោកចូបៃឌិន គឺមិនមែនជាកម្មវត្ថុផ្ទាល់នៃការបោះឆ្នោតឡើយ។ ដូច្នេះតើមានការបោះឆ្នោតអ្វីខ្លះ នឹងកើតឡើងក្នុងពេលបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ នេះ៖

  • ការបោះឆ្នោតជ្រើសតាំងសមាជិកសភាតំណាងទាំងអស់ គឺទាំង៤៣៥រូប។ សូមបញ្ជាក់ថាសមា ជិកសភាតំណាងសហរដ្ឋអាមេរិកសរុប មានចំនួន៤៣៥រូប និងមានអាណត្តិរយៈពេល២ឆ្នាំ។

បច្ចុប្បន្ននេះ គណបក្សប្រជាធិបតេយ្យគ្រប់គ្រងអាសនៈចំនួន២២០ ក្នុងចំណោមអាសនៈសរុបទាំង៤៣៥ អាសនៈក្នុងសភាតំណាង។ គណបក្សសាធារណរដ្ឋមាន២១២ អាសនៈ។ អាសនៈទំនេរមានចំនួន៣ អាសនៈ។ ដើម្បីគ្រប់គ្រងសភាតំណាង គណបក្សនយោបាយមួយត្រូវយកឱ្យបាន២១៨ អាសនៈ។ ការស្ទង់មតិរបស់Inside Elections បង្ហាញថា គណបក្សសាធារណរដ្ឋទំនងជា​នឹងឈ្នះបាន២១៦ អាសនៈ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។  គណបក្ស​ប្រជាធិបតេយ្យទំនងជានឹងឈ្នះបាន១៩៩ អាសនៈ។ ចំណែក ២០អាសនៈទៀត គឺស្ថិតក្នុងភាពមិនទាន់ប៉ាន់ស្មានបាន (ការស្ទង់មតិបង្ហាញអំពីភាពមិនអាចប៉ាន់ស្មានបានថា នឹងបានលើគណបក្សណាក្នុងចំណោមគណបក្សទាំងពីរ)។

  • ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាចំនួន១ ភាគ៣។ សមាជិកព្រឹទ្ធសភាចំនួន៣៤រូប ក្នុងចំណោមសមាជិកព្រឹទ្ធសភាសរុបចំនួន១០០រូប នឹងត្រូវបោះបញ្ចប់អាណត្តិរបស់ខ្លួននៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២។

សូមបញ្ជាក់ថា សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកសរុបមានចំនួន១០០រូប ត្រូវបានជ្រើសតាំងដោយចំនួនស្មើគ្នាចេញពីរដ្ឋទាំង៥០ របស់សហរដ្ឋអាមេរិក (២រូបក្នុងមួយ​រដ្ឋ ដោយមិនខ្វល់ថា រដ្ឋនោះមានកម្លាំងសេដ្ឋកិច្ច និងចំនួនប្រជាជនប៉ុន្មានឡើយ)។ រៀងរាល់២ឆ្នាំម្តង មានសមាជិក ចំនួន១ភាគ៣ ត្រូវដល់អាណត្តិរបស់ខ្លួន ដែលតម្រូវឱ្​យមានបោះឆ្នោតជ្រើសតាំងសាជាថ្មី។

តាមពិតទៅ ឆ្នាំនេះគឺមានសមាជិកព្រឹទ្ធសភាអាមេរិកតែ៣៤រូបប៉ុណ្ណោះ ដែលត្រូវផុតអាណត្តិ។ ប៉ុន្តែដោយសារមានសមាជិកព្រឹទ្ធសភាមួយរូប(លោកJames Inhofe មកពី​រដ្ឋOklahoma) បានសុំចូលនិវត្តន៍មុនចប់អាណត្តិ ដូច្នេះទើបព្រឹទ្ធសភាត្រូវបោះឆ្នោតជ្រើសតាំងសមាជិករហូតដល់៣៥រូប។ ក្នុងចំណោម៣៥អាសនៈខាងលើ គឺ១៤ អាសនៈជារបស់គណបក្សប្រជាធិបតេយ្យ ២១ អាសនៈ ជារបស់គណបក្សសាធារណរដ្ឋ។

បច្ចុប្បន្ននេះ គណបក្សប្រជាធិបតេយ្យគ្រប់គ្រងអាសនៈចំនួន៥០ ក្នុងចំណោម១០០អាសនៈក្នុងព្រឹទ្ធសភា។ គណបក្សសាធារណរដ្ឋមាន១០០អាសនៈ ក្នុងព្រឹទ្ធសភា​បច្ចុប្បន្ន។ ប៉ុន្តែ កម្លាំង

នយោបាយរបស់គណបក្សប្រជាធិបតេយ្យ គឺមានប្រៀបខ្លាំងជាងគណសាធារណរដ្ឋ។ មូលហេតុ គឺដោយសារប្រធានព្រឹទ្ធសភាសហរដ្ឋអាមេរិកបច្ចុប្បន្ន គឺលោកស្រីKamala Harris គឺជាអ្នកន យោបាយគណបក្សប្រជាធិបតេយ្យ។ ដូច្នេះ ឧទាហរណ៍ ក្នុងស្ថានភាពដែលសំឡេងប្រឆាំង និងសំឡេងគាំទ្រ លើបញ្ហាអ្វីមួយក្នុងព្រឹទ្ធសភាចំនួនស្មើគ្នា នោះសិទ្ធិសម្រេចចុងក្រោយគឺអាស្រ័យទៅសំឡេងរបស់លោកស្រីKamala Harris។ សូមបញ្ជាក់ថា យោងតាមច្បាប់របស់សហរដ្ឋអាមេរិកអនុប្រធានាធិបតីអាមេរិក គឺជាប្រធានព្រឹទ្ធសភា។

  • ការបោះឆ្នោតជ្រើសតាំងអភិបាលរដ្ឋចំនួន៣៦រដ្ឋ(ក្នុងចំណោម៥០រដ្ឋ) និងអភិបាលនៃដែនដីចំនួន៣របស់សហរដ្ឋអាមរិក។
  • ការបោះឆ្នោតជ្រើសតាំងអភិបាលក្រុង និងមន្រ្តីមូលដ្ឋានជាច្រើនរូប
  • ការបោះឆ្នោតស្ទង់មតិលើវិធានច្បាប់(Ballot measure)ចំនួន១២៩វិធានច្បាប់ នៅក្នុងរដ្ឋចំនួន៣៦រដ្ឋ​ដែលក្នុងនោះក៏រួមមានផងដែរនូវការបោះឆ្នោត​ស្ទង់មតិ​អំពី​ច្បាប់​​ស្តីពីការរំលូត កូន នៅក្នុងរដ្ឋCalifornia, រដ្ឋKentucky, រដ្ឋMichigan, រដ្ឋMontana និងរដ្ឋ​Vermont។

តើនឹងមានអ្វីកើតឡើង ប្រសិនបើគណបក្សសាធារណរដ្ឋ អាចដណ្តើមបានការគ្រប់គ្រងសភា?

ស្ថានភាពនេះនឹងនាំឱ្យមានទំនាក់ទំនងមិនសូវរលូនដូចពេលបច្ចុប្បន្ន រវាងសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ  និងសេតវិមានដែលគ្រប់គ្រងដោយគណបក្ស​ប្រជាធិបតេយ្យ។ គណបក្សសាធារណរដ្ឋ នឹងព្យាយាមរារាំងដល់វឌ្ឍនភាពរបៀបវារៈការងាររបស់លោកប្រធានាធិបតីចូបៃឌិន ព្យាយាម ពន្យារពេលឱ្យបានយូរជាទីបំផុត​ចំពោះការអនុម័តបេក្ខភាពចៅក្រមតុលាការកំពូល ព្យាយាមផ្អាកដំណើរការស៊ើបអង្កេតរបស់សភាលើករណីដោយលោកអតីតប្រធានាធិបតីដូណាល់ត្រាំ ព្យាយាមជំរុញការ​ស៊ើបអង្កេតលើមន្រ្តីរបស់លោកចូបៃឌិន និងបញ្ហាជាច្រើនទៀត…៕

http://ព័ត៌មានអន្តរជាតិ ០៦-១១-២២- មាស តូនី ប្រែសម្រួលពីឯកសារពិគ្រោះ៖ 1.https://www.washingtonpost.com/politics/new-zealand-women-lawmakers-outnumber-men-for-first-time/2022/10/25/1c1ef1c0-54d4-11ed-ac8b-08bbfab1c5a5_story.html 2. https://edition.cnn.com/election/2022 3.https://www.aljazeera.com/news/2022/10/10/what-are-the-us-midterm-elections-heres-all-you-need-to-know

 

 

 

 

 



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`