logo logo
banner1
ព្រឹទ្ធសភាកាហ្សាក់ស្ថាន អនុម័តវិសោធនកម្មច្បាប់ កាត់បន្ថយសិទ្ធិអំណាចប្រធានាធិបតី
 

ទិដ្ឋភាពទូទៅ ក្នុងសម័យប្រជុំសភានៃសាធារណរដ្ឋកាហ្សាក់ស្ថាន

​កាលពីថ្ងៃព្រហស្បតិ៍ ទី០៣​ ខែវិច្ឆិកា ឆ្នាំ២០២២ ព្រឹទ្ធសភានៃសាធារណរដ្ឋកាហ្សាក់ស្ថានបានអនុម័តគាំទ្រវិសោធនកម្មច្បាប់កាត់បន្ថយអំណាចប្រធានាធិបតី និងហាមឃាត់​សាច់ញាតិជិតដិតពីការកាន់តំណែងជាន់ខ្ពស់នៅស្ថាប័នជាតិ និងស្ថាប័នដែលមានរចនាសម្ព័ន្ធប្រហាក់ប្រហែលថ្នាក់ជាតិ។

​កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ លោក Kanat Mussin រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កាហ្សាក់ស្ថាន បានថ្លែងនៅឯរដ្ឋសភាថា ច្បាប់នេះបានធ្វើវិសោធនកម្ម និងបន្ថែមចំណុច​មួយចំនួន ជាពិសេស ការកាត់បន្ថយសិទ្ធិអំណាចប្រធានាធិបតីលើស្ថាប័ននីតិប្រតិបត្តិ និងក្រុមប្រឹក្សាតុលាការកំពូល ក៏ដូចជា កាត់បន្ថយចំនួនកូតារបស់ប្រធានាធិបតី នៅក្នុង​ព្រឹទ្ធសភា និងរឹតត្បិតសិទ្ធិអំណាចខ្លះ ក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតី។ នាដើមខែឧសភា ឆ្នាំ២០២២ លោកប្រធានាធិបតី Kassym-Jomart Tokayev បានចុះ​ហត្ថលេខាលើក្រឹត្យមួយដែលកំណត់ពេលធ្វើប្រជាមតិលើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅថ្ងៃទី០៥ ខែ  មិថុនា។ អ្នកបោះឆ្នោតជាង ៧៧% បានគាំទ្រការធ្វើកំណែទម្រង់​នយោបាយ ដោយកាត់បន្ថយអំណាចប្រធានាធិបតី និងពង្រឹងតួនាទីរបស់សភាជាតិវិញ។

​ក្រៅពីនេះទៀត វិសោធនកម្មខាងលើ បានហាមឃាត់ប្រធានាធិបតី និងមន្រ្តីដទៃទៀត ដូចជា សមាជិកគណៈកម្មការកណ្តាលរៀបចំការបោះឆ្នោត​ និងសភាសវនកម្មកំពូល ពីការមានចំណងសម្ព័ន្ធភាពជាមួយគណបក្សនយោបាយណាមួយ នៅក្នុងអំឡុងពេលនៃអាណត្តិរបស់ខ្លួន។ វិសោធនកម្មច្បាប់ ដែលសភាបានអនុម័តនេះ ត្រូវបានបញ្ជូនទៅ​កាន់ប្រធានាធិបតីដើម្បីចុះហត្ថលេខា។

កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ លោកប្រធានាធិបតី Kassym-Jomart Tokayev ​បានដកតំណែងលោក Nursultan Nazarbayev អតីតប្រធានាធិបតីកាហ្សាក់ស្ថាន​ដែលដឹកនាំប្រទេសកាហ្សាក់ស្ថានស្ទើរតែ៣០ឆ្នាំ ចេញពីតំណែងប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ ដ៏មានអំណាចរបស់សាធារណរដ្ឋមួយនេះ នៅចំពេលនៃរលកតវ៉ា​ប្រឆាំង​នឹងរដ្ឋាភិបាលនៅទូទាំងប្រទេស។ សមាជិកគ្រួសារលោក Nazar bayev ជាច្រើនរូបក៏បានលាលែងផងដែរពីតំណែងមន្រ្តីរដ្ឋាភិបាល និងប្រធានសហគ្រាសនានាដែលស្ថិត​ក្រោមការគ្រប់គ្រងរបស់រដ្ឋ ខណៈដែលពួកគេខ្លះត្រូវបានចោទប្រកាន់ពីបទចោរកម្ម និងក្បត់ជាតិ៕

http://ព័ត៌មានសភាអន្តរជាតិ ០៤-១១-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/world/kazakh-parliament-adopts-legislative-amendmen-1588755.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`