រូបភាពសភានៃសាធារណរដ្ឋប៊ុលហ្គារី
កាលពីថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ សភានៃសាធារណរដ្ឋប៊ុលហ្គារីបានបោះឆ្នោតដោយសំឡេងភាគច្រើនលើសលុប ១៧៥ ទល់នឹង ៤៩សំឡេង និងអនុបវាទ ១សំឡេង គាំទ្រការផ្គត់ផ្គង់អាវុធទៅឱ្យប្រទេសអ៊ុយក្រែន។ ការបោះឆ្នោតនេះបានធ្វើឡើង ក្រោយពីកិច្ចពិភាក្សាដេញដោលអស់រយៈពេលជិត ៤ម៉ោង។
ការសម្រេចចិត្តខាងលើនេះ ទទួលបានការគាំទ្រពីគណបក្សប្រជាធិបតេយ្យប៊ុលហ្គារី ក្រុមចម្រុះគណបក្ស GERB-UDF គណបក្សយើងបន្តការផ្លាស់ប្តូរ គណបក្សចលនាដើម្បីសិទ្ធិ និងសេរីភាព និង គណបក្ស Bulgaria Ascending ហើយគណបក្សដែលបោះឆ្នោតប្រឆាំង រួមមាន គណបក្សជនសង្គមនិយមប៊ុលហ្គារី និងគណបក្ស Vuzrazhdane។ សភាប៊ុលហ្គារីបានទុកពេល ១ខែ ឱ្យរដ្ឋាភិបាលធ្វើពង្រាងសេចក្តីសម្រេចស្តីពីការផ្តល់ជំនួយយោធា និងបច្ចេកទេសយោធា ដែលប៊ុលហ្គារគួរតែផ្តល់ដល់អ៊ុយក្រែន។ សភាក៏បានតម្រូវផងដែរឱ្យរដ្ឋាភិបាលរៀបចំ ឱ្យបានឆាប់បំផុតនូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀង សម្រាប់ដ៏ផ្តល់សម្ភារៈបរិក្ខារយោធាចាំបាច់តាមលទ្ធភាពរបស់ប៊ុលហ្គារី ទៅឱ្យអ៊ុយក្រែន។
រដ្ឋាភិបាលត្រូវចរចាជាមួយសម្ព័ន្ធមិត្តអង្គការណាតូ ដើម្បីផ្តល់ដល់ប្រទេសអ៊ុយក្រែននូវសម្ភារៈ បរិក្ខារយោធា ធ្វើដូចនេះដើម្បីឱ្យប៊ុលហ្គារីអាចបង្កើនល្បឿនបញ្ចេញចោលនូវសព្វាវុធសម័យអតីតសហភាពសូវៀតដែលហួសសម័យកាលប្រើប្រាស់ទៅហើយ។ សភាប៊ុលហ្គារីក៏បានទាមទារឱ្យរដ្ឋាភិបាលត្រូវស្នើនូវវិធានការជាកញ្ចប់សម្រាប់ប៊ុលហ្គារីក្នុងការចូលរួមកសាងប្រទេសអ៊ុយក្រែនឡើងវិញហើយប៊ុលហ្គារីត្រូវគាំទ្រសកម្មភាពរបស់តុលាការអ៊ុយក្រែនប្រឆាំងនឹងសហព័ន្ធរុស្ស៊ី នៅក្នុងតុលាការសិទ្ធិមនុស្ស របស់អឺរ៉ុប។
លោក Atanas Slavov សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យប៊ុលហ្គារីបានថ្លែងក្នុងសភាថា “យើងឈប្រកៀកស្មាជាមួយសម្ព័ន្ធមិត្តរបស់យើង និងពង្រឹងការការពាររបស់យើង”។ “ពេលនេះយើងមានឱកាសក្នុងការសម្របខ្លួនតាមសម្ព័ន្ធមិត្តរបស់យើងនៅក្នុងសហភាពអឺរ៉ុប និងអង្គការណាតូ និងរួម គ្នាផ្តល់ជំនួយបច្ចេកទេសយោធាដែលអ៊ុយក្រែនត្រូវការ”។ ពេលនេះយើងមានឱកាសក្នុងការពង្រឹងសមត្ថភាពការពារជាតិរបស់យើងដោយមិនត្រូវរួញរា៕
http://ព័ត៌មានសភាអន្តរជាតិ ០៤-១១-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://sofiaglobe.com/2022/11/03/bulgarias-parliament-votes-in-favour-of-supplying-weapons-to-ukraine/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម