logo logo
banner1
ការគំរាមកំហែងរបស់រុស្ស៊ីចំពោះប្រទេសអ៊ុយក្រែនប្រៀបដូចជាសំឡេងនាឡិការោរ៍ដាស់អារម្មណ៍អឺរ៉ុប
 

នៅព្រឹកថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ សមាជិកសភាអឺរ៉ុបបានធ្វើការពិនិត្យពិភាក្សាអំពី ស្ថានភាព វិវឌ្ឍន៍ចុងក្រោយ ពាក់ព័ន្ធនឹងការគំរាមកំហែងរបស់កងទ័ពសហព័ន្ធរុស្ស៊ី ចំពោះសាធារណរដ្ឋអ៊ុយក្រែន។ ការពិនិត្យពិភាក្សានេះត្រូវបានធ្វើឡើងក្នុងកិច្ចពិភាក្សាដេញដោលពេញអង្គ រវាងសមាជិកសភាអឺរ៉ុប ជាមួយនឹងលោកCharles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប, លោកស្រីUrsula von der Leyen ប្រធាន គណៈកម្មការអឺរ៉ុប, និងលោកJosep Borrell ប្រធានផ្នែកគោលនយោបាយការបរទេសអឺរ៉ុប។

ក្នុងឱកាសនៃការថ្លែងបើកកម្មវិធីជជែកដេញដោល លោកស្រីRoberta Metsola ប្រធានសភា អឺរ៉ុប បានថ្លែងកត់សំគាល់ថា សភាអឺរ៉ុបបានសម្តែងនូវសារនៃសាមគ្គីភាពជាមួយប្រជាជនអ៊ុយក្រែនជាច្រើន លើកច្រើនសារ ក្នុងពេលដែលប្រទេសនេះកំពុងបន្តប្រឈមមុខនឹងភាពមិនច្បាស់លាស់ និងការគំរាមកំហែង ឈ្លានពានពីកងទ័ពរុស្ស៊ី។

លោកCharles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប ចាត់ទុកស្ថានភាពការប្រមូលកម្លាំងកងទ័ពរុស្ស៊ីនៅ តាមព្រំដែនជាមួយអ៊ុយក្រែននាពេលចុងក្រោយនេះ ថាជាឥរិយាបថគំរាមកំហែង និងឈ្លានពាន។ លោក Michel បានកត់សម្គាល់ទៀតថា យុត្តិវិធីដែលរុស្ស៊ីកំពុងប្រើប្រាស់នេះមិនត្រឹមតែបានគំរាមកំហែងចំពោះ ស្ថិរភាព និងបូរណភាពរបស់ប្រទេសអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការគំរាមកំហែងផងដែរ ចំពោះសន្តិភាព និងសន្តិសុខក្នុងអឺរ៉ុប និងប្រព័ន្ធរបស់អន្តរជាតិដែលយកច្បាប់ជាធំ។

លោកស្រីUrsula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានលើកឡើងថា៖”គំនិតនៃការ ពង្រីកដែនឥទ្ធិពល(Sphere of Influence)គឺហួសសម័យហើយ នៅក្នុងសតវត្សរ៍ទី២១”។ លោក ស្រីLyen បានព្រមានប្រទេសរុស្ស៊ីផងដែរកុំឱ្យយក”បញ្ហាថាមពលធ្វើជាអាវុធ”ទប់ទល់នឹងអឺរ៉ុប ពីព្រោះនៅពេលនេះ អឺរ៉ុបក៏កំពុងដុតដៃដុតជើងដែរ ក្នុងការស្វែងរកប្រភពផ្សេងៗដើម្បីផលិតថាមពល ហើយអឺរ៉ុប នឹងមាន ថាមពលគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងរដូវត្រជាក់ខាងមុខ។ លោកស្រីLeyen ថ្លែងបន្តទៀតថា បទពិសោធន៍ដ៏សំខាន់ដែលអឺរ៉ុបត្រូវរៀនសូត្រ គឺអឺរ៉ុបត្រូវតែស្វែងរកថាមពលពីប្រភពជាច្រើន ដើម្បី បញ្ចៀសការពឹងផ្អែកតែទៅលើប្រភពថាមពលដែលផ្តល់ដោយរុស្ស៊ី។ ក្នុងពេលអនាគតអឺរ៉ុបនឹងពឹងផ្អែកលើថាមពលកកើតឡើងវិញ(Renewable Energy)៕

 

http://ព័ត៌មានអង្គការសភាអន្តរជាតិ ១៧-០២-២២- មាស តូនី ប្រែសម្រួលពី៖ https://www.europarl.europa.eu/news/en/press-room/20220210IPR23007/russia-s-threats-against-ukraine-are-a-wake-up-call-for-europe-meps-say



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`