លោក Bui Van Cuong (ស្តាំ) ក្នុងពិធីទទួលស្វាគមន៍លោក Such Gyorgy
កាលពីថ្ងៃអង្គារ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក Bui Van Cuong អគ្គលេខារដ្ឋសភា និងជាប្រធាន ការិយាល័យរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានទទួលជួបសន្ទនាជាមួយសមភាគីហុងគ្រី លោក Such Gyorgy នៅរដ្ឋធានីហាណូយ។
មន្ត្រីវៀតណាមបានឱ្យដឹងថា ទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិរបស់ពួកគេកាន់តែរឹងមាំ និងជាក់ ស្តែងថែមទៀត ដោយបានមានប្រសាសន៍បន្ថែមថា ភាគីទាំងពីរបានគាំទ្រ និងសម្របសម្រួលយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពជាមួយគ្នាទៅវិញទៅមកនៅវេទិកាចរចា ព្រមទាំងបានរួមចំណែកផ្តួចផ្តើមគំនិត ជាច្រើនដល់អង្គការក្នុងតំបន់ និងអន្តរជាតិ។ លោក Cuong បានសម្តែងក្តីសង្ឃឹមថា ការិយាល័យនីតិប្បញ្ញត្តិ ទាំងពីរនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីបម្រើដល់រដ្ឋសភាវៀតណាម និងហុងគ្រី ដើម្បីអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុង ប៊ុយដាប៉េស ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសហុងគ្រីរបស់លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម។ លោក Cuong បានស្នើឱ្យលោក Gyorgy ពិចារណាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដើម្បីចែករំលែកបទពិសោធន៍ការងារបន្ថែមទៀត និងលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ រវាងមន្ត្រីរាជការនៃការិយាល័យរដ្ឋសភាទាំងពីរ។
ភាគីហុងគ្រីបានអបអរសាទរដល់វៀតណាមចំពោះសមិទ្ធផលដ៏អស្ចារ្យក្នុងកំណែទម្រង់ និងសមាហរណកម្ម ព្រមទាំងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងបានគូសបញ្ជាក់ពីតួនាទីសំខាន់របស់រដ្ឋសភាវៀតណាមក្នុងដំណើរការនេះ។ លោក Gyorgy បានមានប្រសាសន៍ថា ការផ្លាស់ប្តូរបទពិសោធន៍ជាញឹកញាប់ រវាងរដ្ឋសភានៃប្រទេសទាំងពីរ គឺជាគន្លឹះនៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពទ្វេភាគី។ ដោយ យល់ស្របនឹងសំណើរបស់ភាគីវៀតណាម លោក Gyorgy បានមានប្រសាសន៍ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការបែបនេះ រវាងរដ្ឋសភាទាំងពីរនឹងរួមចំណែកអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់ប្រធានរដ្ឋសភាវៀតណាមនៅប្រទេសហុងគ្រី៕
http://ព័ត៌មានសភាអន្តរជាតិ ០៣-១១-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/vietnamese-hungarian-na-offices-promote-cooperation/243127.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម