ទិដ្ឋភាពទូទៅក្នុងសម័យប្រជុំសភានៃសាធារណរដ្ឋតួកគី
កាលពីថ្ងៃអង្គារ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ សភានៃសាធារណរដ្ឋតួកគីបានអនុម័តបន្តអាណត្តិនៃ ការដាក់ពង្រាយកងទ័ពទៅកាន់សាធារណរដ្ឋអាស៊ែបៃហ្សង់រយៈពេល ១ឆ្នាំបន្ថែមទៀត ក្រោយពីផ្ទុះជម្លោះនៅក្នុងរដូវស្លឹកឈើជ្រុះ ឆ្នាំ២០២០ កន្លងមកជាមួយប្រទេសជិតខាង គឺសាធារណរដ្ឋអាម៉េនីពាក់ព័ន្ធនឹងតំបន់ Nagorno-Karabakh ។
ការពន្យារពេលនៃការដាក់ពង្រាយកងទ័ពតាមញត្តិស្នើសុំរបស់រដ្ឋាភិបាលនឹងចាប់ផ្តើមពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីសង្កេតការណ៍បទឈប់បាញ់ ទប់ស្កាត់អំពើហិង្សា ធានាសន្តិភាព និងស្ថិរភាព នៅក្នុងតំបន់ ក៏ដូចជា ការពារ និងគាំពារយ៉ាងមានប្រសិទ្ធភាពដល់ផលប្រយោជន៍របស់តួកគី បន្ទាប់ពី ជម្លោះរយៈពេល ៤៤ថ្ងៃ ពាក់ព័ន្ធនឹងតំបន់ Nagorno-Karabakh ដែលពីមុនមកតំបន់នេះស្ថិតក្រោមការកាន់កាប់របស់ប្រទេសអាម៉េនីរយៈពេលជិត ៣០ឆ្នាំមកហើយ។ មជ្ឈមណ្ឌលរួមមួយត្រូវបានបង្កើតឡើងដោយតួកគី និងសហព័ន្ធរុស្ស៊ី ជាទីដែលកងកម្លាំងប្រដាប់អាវុធតួកគីត្រូវបានដាក់ពង្រាយ និងបន្តសកម្ម ភាពរបស់ខ្លួនប្រកបដោយជោគជ័យ។
ញត្តិរបស់រដ្ឋាភិបាលមានខ្លឹមសារថា វត្តមានរបស់តួកគីនៅឯមជ្ឈមណ្ឌលរួមខាងលើ គឺមានភាព ចាំបាច់សម្រាប់តួនាទីប្រកបដោយប្រសិទ្ធភាព និងប្រកបដោយការស្ថាបនារបស់ប្រទេសមួយនេះ នៅក្នុងតំបន់ និងដើម្បីផលប្រយោជន៍ជាតិ។ អនុលោមតាមសេចក្តីប្រកាសត្រីភាគីក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ដែល ចុះហត្ថលេខាដោយអាស៊ែបៃហ្សង់ អាម៉េនី និងរុស្ស៊ី ដើម្បីបញ្ចប់ជម្លោះ និងសកម្មភាពនានា ដើម្បីបន្តថែរក្សាស្ថិរភាពនៅក្នុងតំបន់។
គួរបញ្ជាក់ផងដែរថា ចំណងទាក់ទងរវាងសាធារណរដ្ឋអតីតសហភាពសូវៀតទាំងពីរ មានភាពតានតឹងនឹងគ្នាចាប់តាំងពីឆ្នាំ១៩៩១មក ដែលនៅពេលនោះ កងទ័ពអាម៉េនីបានចូលកាន់កាប់តំបន់ Kara bakh ដែលជាទឹកដីដែលគេទទួលស្គាល់ជាអន្តរជាតិថាជាផ្នែកមួយរបស់ប្រទេសអាស៊ែបៃហ្សង់។ នៅក្នុងរដូវស្លឹកឈើជ្រុះឆ្នាំ២០២០ ក្នុងជម្លោះរយៈពេល ៤៤ថ្ងៃ អាស៊ែបៃហ្សង់រំដោះបានទីក្រុង ភូមិនិងលំនៅឋានជាច្រើនពីការកាន់កាប់របស់អាម៉េនី ក្រោយមកជម្លោះនេះត្រូវបានបញ្ចប់ដោយបទឈប់បាញ់មួយដែលមានសហព័ន្ធរុស្ស៊ីធ្វើជាអន្តរការី។ កិច្ចព្រមព្រៀងសន្តិភាពមួយនេះត្រូវបានប្រារព្ធធ្វើឡើងថាជាជ័យជម្នះដ៏ធំធេងមួយនៅក្នុងប្រទេសអាស៊ែបៃហ្សង់៕
http://ព័ត៌មានសភាអន្តរជាតិ ០២-១១-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.aa.com.tr/en/turkiye/turkiye-extends-mandate-of-troops-deployed-in-azerbaijan-for-1-year/2726739
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម