logo logo
banner1
ចំនួនសមាជិកសភាជាស្រ្តីប្រទេសនូវែលសេឡង់ បានកើនលើសចំនួនសមាជិកសភាជាបុរស ជាលើកទី១ ក្នុងប្រវត្តិសាស្រ្ត
 

នេះគឺជាលើកទី១ ក្នុងប្រវត្តិសាស្រ្តប្រទេសនូវែលសេឡង់ ដែលសមាជិកសភាជាស្រ្តីមានចំនួន ច្រើនជាងសមាជិកសភាជាបុរស។  ​ព្រឹត្តិការណ៍នេះកើតឡើង នៅពេល​លោកស្រី​Soraya Peke-Mason អ្នកនយោបាយនៃគណបក្សពលករសេរី បានស្បថចូលកាន់តំណែងជាសមាជិកាសភា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ចូលកាន់​តំណែង​ជាសមាជិកសភាជំនួសលោកTrevor Mallard ដែលទៅទទួលតួនាទីថ្មី ជាឯកអគ្គរដ្ឋទូតនៃប្រទេសនូវែលសេឡង់ ប្រចាំប្រទេសអៀរឡង់។ បច្ចុប្បន្ននេះ សភា​ប្រទេស​នូវែលសេឡង់ មានសមាជិកសភាជាស្រ្តី៦០រូប សមាជិកសភាជាបុរស៥៩រូប។ លោកស្រី Peke-Mason បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃដដែលនោះថា៖ ”ថ្ងៃនេះគឺជាថ្ងៃដ៏ពិសេសសម្រាប់ខ្ញុំ ហើយខ្ញុំគិតថា វាក៏ជាថ្ងៃប្រវត្តិសាស្រ្តរបស់ប្រទេសនូវែលសេឡង់ដែរ។”

​ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ បានធ្វើឱ្យប្រទេសនូវែលសេឡង់ក្លាយជាប្រទេសមួយ ក្នុងចំណោម ប្រទេសទាំង៦ក្នុងពិភពលោក ដែលនៅក្នុងឆ្នាំនេះ មានចំនួនសមាជិកា​សភា​​យ៉ាងតិច៥០%នៃចំនួនសមា ជិកសភាសរុប។ ​យោងតាមទិន្នន័យរបស់សហភាពអន្តរសភា(IPU) ប្រទេស៥ទៀតដែលចំនួនសមាជិកាសភាយ៉ាងតិច៥០% គឺប្រទេស​គុយបា ម៉ិកស៊ិក នីការ៉ាហ្កា រវ៉ាន់ដា និងអេមីរ៉ាតអារ៉ាប់រួម។ ទិន្នន័យនេះក៏បានបង្ហាញដែរថា គិតក្នុងកម្រិតទូទាំងពិភពលោក សមាជិកាសភាមានចំនួនប្រហែល​ ២៦%នៃ​សមាជិកសភាសរុប។

​ទោះបីជាយ៉ាងនេះក្តី សមភាពនៃចំនួនសមាជិកាក្នុងសភាប្រទេសនូវែលសេឡង់ ទំនងជានឹងមិនស្ថិតស្ថេរយូរអង្វែងឡើយ ពីព្រោះការស្ទង់មតិបានបង្ហាញថា គណបក្ស​នយោបាយ​​ជាច្រើនដែលមាននិន្នាការអភិរក្ស ភាគច្រើននៃគណបក្សទាំងនោះមានសមាជិកសភាជាបុរស ហើយគណបក្សទាំងនោះទំនងជានឹងទទួលបានអាសនៈច្រើន​ជាង​ពេលបច្ចុប្បន្ន នៅក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣។

ប្រទេសនូវែលសេឡង់ ជាប្រទេសដែលមានប្រវត្តិស្រ្តីមានភាពជាតំណាងខ្លាំង។ ក្នុងឆ្នាំ១៨៩៣ ប្រ ទេសនេះបានក្លាយជាប្រទេសដំបូង ដែលអនុញ្ញាតឱ្យស្រ្តីមាន​សិទ្ធិ​បោះឆ្នោត។ លោកស្រីJacinda Ardern គឺនាយករដ្ឋមន្រ្តីបច្ចុប្បន្ន និងស្រ្តីទីបីដែលកាន់តំណែងជាមេដឹកនាំប្រទេសនេះ។ បច្ចុប្បន្ននេះ មានស្រ្តីនូវែលសេឡង់ជាច្រើន កំពុងកាន់តំណែងកំពូលៗ តួយ៉ាងដូចជាប្រធានចៅក្រមនៃតុលាការកំពូល និងអគ្គទេសាភិបាល…៕

http://ព័ត៌មានពីអង្គសភាអន្តរជាតិ ២៩-១០-២២- មាស តូនី ប្រែសម្រួលពី៖https://www.washingtonpost.com/politics/new-zealand-women-lawmakers-outnumber-men-for-first-



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`