លោកស្រីនាយករដ្ឋមន្ត្រី Giorgia Meloni ឡើងថ្លែងមតិយោបល់នៅក្នុងសភា
កាលពីថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២ គណៈរដ្ឋមន្ត្រីថ្មីរបស់សាធារណរដ្ឋអ៊ីតាលី ដែលដឹកនាំ ដោយលោកស្រីនាយករដ្ឋមន្ត្រី Giorgia Meloni បានឈ្នះការបោះឆ្នោតសម្តែងការទុកចិត្តពីសភាជាន់ទាប ដោយមានសំឡេងគាំទ្រចំនួន ២៣៥សំឡេង ប្រឆាំងចំនួន១៥៤ និងអនុបវាទចំនួន៥។ ឥឡូវនេះគណៈ រដ្ឋមន្ត្រីត្រូវតែឆ្លងកាត់ការបោះឆ្នោតសម្តែងការទុកចិត្តជាលើកទីពីរ នៅក្នុងព្រឹទ្ធសភានៅថ្ងៃពុធ ទី២៦ ដើម្បី មានប្រសិទ្ធភាពពេញលេញ។
នៅមុនការបោះឆ្នោត លោកស្រី Meloni បានគូសបញ្ជាក់ពីចំណុចសំខាន់ៗនៃកម្មវិធីរបស់រដ្ឋាភិបាល របស់លោកស្រី ដោយប្តេជ្ញាថានឹងដឹកនាំប្រទេសឱ្យអស់ពីសមត្ថភាពតាមរយៈអ្វីដែលលោកស្រីបានពណ៌នា ថា ជាពេលវេលាដ៏លំបាកបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។ លោកស្រី Meloni ជាមេដឹកនាំនៃគណបក្ស Brothers of Italy ហើយក៏ជាស្ត្រីដំបូងគេដែលធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីនៅក្នុងប្រទេសអ៊ីតាលី។ លោក ស្រី Meloni បានឈ្នះ២៦%នៅក្នុងការបោះឆ្នោតមុនកាលកំណត់ដែលធ្វើឡើងកាលពីថ្ងៃទី២៥ ខែកញ្ញា។ គណបក្ស Brothers of Italy បាននាំមុខសម្ព័ន្ធភាពពីរគឺ Forza Italia និង League ដែលទាំងពីរទទួល បានសំឡេងឆ្នោតជាង៨%។ ដូច្នេះហើយលោកស្រី Meloni ត្រូវបានលោកប្រធានាធិបតី Sergio Mattarella ស្នើឱ្យដឹកនាំរដ្ឋាភិបាលនៅថ្ងៃទី២២ ខែតុលា។ នៅក្នុងសុន្ទរកថាដំបូងរបស់លោកស្រីទៅកាន់សមាជិកសភា នៅមុនការបោះឆ្នោតសម្តែងការទុកចិត្ត លោកស្រី Meloni បានសង្កត់ធ្ងន់ថា ប្រទេសអ៊ីតាលីនឹងបន្ត ដើរក្នុងព្រំដែននៃពួកលោកខាងលិច។ លោកស្រីបានមានប្រសាសន៍ថា “ប្រទេសអ៊ីតាលីគឺជាផ្នែកទាំងស្រុង នៃលោកខាងលិច និងនៃប្រព័ន្ធសម្ព័ន្ធភាពរបស់ខ្លួន ដែលជាសមាជិកស្ថាបនិកនៃសហភាពអឺរ៉ុប តំបន់ចាយ ប្រាក់អឺរ៉ូ និងសម្ព័ន្ធភាពអាត្លង់ទិកខាងជើង”។
នៅផ្នែកខាងក្នុងស្រុក លោកស្រី Meloni បានមានប្រសាសន៍ថា អាទិភាពរបស់រដ្ឋាភិបាលរួមមាន កំណែទម្រង់រដ្ឋធម្មនុញ្ញ ដើម្បីដាក់ចូលប្រព័ន្ធប្រធានាធិបតី, ប្រព័ន្ធ “flat-tax” ឱ្យកាន់តែទូលំទូលាយ ព្រម ទាំងការបង្កើនការគាំទ្រសម្រាប់គ្រួសារ និងសម្រាប់ស្ត្រីនៅក្នុងទីផ្សារការងារ៕
http://ព័ត៌មានសភាអន្តរជាតិ ២៧-១០-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20221026/39b90d22b5fe475984e14f0f2e2a2656/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម