logo logo
banner1
គណៈកម្មាធិការអចិន្រ្តៃយ៍ របស់សន្និបាតសភាប្រទេសជាសមាជិកអង្គការណាតូ បញ្ជាក់អំពីសាមគ្គីភាព នៅខណៈដែលការគំរាមកំហែងពីប្រទេសរុស្ស៊ី កាន់តែមានទំហំធំឡើងៗ
 

គណៈកម្មាធិការអចិន្ត្រៃយ៍របស់សន្និបាតសភាអង្គការណាតូ(The NATO Parliamentary Assem bly’s Standing Committee)ដែលជាក្រុមការងារគ្រប់គ្រងសន្និបាតនេះ បានជួបប្រជុំគ្នាកាលពីថ្ងៃទី១​ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីបង្ហាញថា សភាជានៃប្រទេសជាសម្ព័ន្ធមិត្តក្នុងអង្គការណាតូ បានសាមគី្គគ្នា និងប្តេជ្ញា ចិត្តខ្ពស់បំផុត ក្នុងការឆ្លើយតបនឹងកំណើននៃការគំរាមកំហែង និងកំណើននៃការប្រមូលផ្តុំកងទ័ពរបស់ សហព័ន្ធរុស្ស៊ី ដែលកំពុងកើតឡើងនៅក្បែរព្រំដែនសាធារណរដ្ឋអ៊ុយក្រែន។ ក្នុងដំណាក់កាលពិនិត្យពិចារ ណាលើសេចក្តីព្រាងលើកទី១នៃអនុសាសន៍របស់ខ្លួន ចំពោះទស្សនាទានយុទ្ធសាស្រ្តឆ្នាំ២០២២  របស់អង្គការ ណាតូ(NATO’s 2022 Strategic Concept) គណៈកម្មាធិការអចិន្រ្តៃយ៍របស់សន្និបាតសភាអង្គការណាតូ ក៏បាន ក្រឡេកមើលផងដែរចំពោះមេរៀនថ្មីៗចុងក្រោយ ក្នុងវិបត្តិអ៊ុយក្រែន-រុស្ស៊ី។

លោកGarald E. Connolly(ជនជាតិអាមេរិក) ប្រធានសន្និបាតសភាអង្គការណាតូ បានធ្វើការកត់សម្គាល់អំពីភាពធ្ងន់ធ្ងរនៃវិបត្តិអ៊ុយក្រែន-រុស្ស៊ី បច្ចុប្បន្នថា៖ ”បច្ចុប្បន្ននេះ ក្របខណ្ឌមូលដ្ឋាននៃសន្តិសុខអឺរ៉ុបនិងសកលលោក កំពុងរងការគំរាមកំហែង។ ដូច្នះយើងត្រូវតែងើបឈរដើម្បីតតាំងនឹងការគំរាមកំ ហែងនេះដើម្បីបង្ហាញអំពីសាមគ្គីភាពនិងការប្តេជ្ញាចិត្តរបស់យើង និងឈរជាមួយប្រទេសជាមិត្តរបស់យើង គឺប្រទេសអ៊ុយក្រែន ឈរដោយជំហររឹងមាំប្រឆាំងនឹងចេតនារបស់ប្រទេសរុស្ស៊ី ដែលបង្ខំប្រជាជាតិផ្សេងៗចុះញ៉មខ្លួន តាមរយៈការគំរាមបើកការវាយប្រហារលើប្រជាជាតិទាំងនោះ។” លោក Connolly បានសង្កត់ធ្ងន់អំពីកិច្ចការស្នូលក្នុងការទប់ទល់នឹងសម្ពាធរបស់ប្រទេសរុស្ស៊ី ដើម្បីឱ្យប្រទេសរុស្សីសម្រាលស្ថាន ភាព។ លោកConnolly បានលើកឡើង៖ ”ប្រឈមមុខនឹងការគំរាមកំហែងជាស្តែង ដែលកើតឡើងដោយសារកំណើននៃការគំរាមកំហែងពីកងទ័ពប្រទេសរុស្ស៊ី យើងទាំងអស់គ្នាត្រូវតែទប់ទល់នឹងសម្ពាធដ៏ខ្លាំងក្លានេះ  ដែលជាសម្ពាធមួយយើងបានជួបប្រទះអស់រយៈពេលជាច្រើនខែមកហើយ។ យើងត្រូវទប់ ទល់ដើម្បីឱ្យបញ្ឈប់ប្រទេសរុស្ស៊ីមិនឱ្យបន្តការឈ្លានពានបន្ថែមទៀត។”

ទោះជាយ៉ាងនេះក្តី លោកConnolly បានលើកឡើងផងដែរ អំពីសារៈសំខាន់នៃការស្វះស្វែងរកដំ-ណោះស្រាយតាមរយៈការទូត។ លោកConnollyលើកឡើងថា៖​”អង្គការណាតូបានផ្តល់ឱ្យប្រទេសរុស្ស៊ីនូវ

មធ្យោបាយវិជ្ជមានមួយឆ្ពោះទៅកាន់កិច្ចពិភាក្សា ហើយយើងនឹងបន្តប្រើប្រាស់គ្រប់មធ្យោបាយការទូតដែលយើងមាន ដើម្បីស្វែងរកដំណោះសា្រយ​តាមរយៈកិច្ចពិភាក្សា។ ប៉ុន្តែឥឡូវនេះ វាគឺជាពេលវេលាដែលប្រទេសរុស្ស៊ីត្រូវបង្ហាញឆន្ទៈរបស់ខ្លួន ក្នុងការដកថយពីល្បែងនៃការបង្កើនកម្លាំងយោធា ដែលជាល្បែងដ៏មហាគ្រោះថ្នាក់ ប្រសិនបើមានការជ្រុលជ្រួស។ បញ្ហានេះមិនមែនជាវិបត្តិចំពោះប្រទេសអ៊ុយក្រែនតែឯកឯងឡើយ ប៉ុន្តែវាគឺការបំពានគោលការណ៍ស្នូលនៃសណ្តាប់ធ្នាប់(ពិភពលោក) ជាគោលការណ៍ដែលផ្អែកលើការគោរពច្បាប់ ដែលយើងបាននាំគ្នាអនុវត្តតាំងតែពីក្រោយសង្រ្គាមលោកលើកទី២​ ជាពិសេសគឺដើម្បីបញ្ចៀសការលើកទ័ពវាយប្រហារប្រទេសណាមួយ យ៉ាងច្បាស់ក្រឡែត។”

គណៈកម្មាធិការអចិន្ត្រៃយ៍របស់សន្និបាតសភាអង្គការណាតូ បានស្វាគមន៍ចំពោះការដាក់ពង្រាយបន្ថែមនូវកងទ័ពសម្ព័ន្ធមិត្ត ពីព្រោះវាការគាំទ្រដល់កម្លាំងណាតូដែលមានវត្តមាននៅភាគខាងកើត និងនៅក្នុងតំបន់សមុទ្ទខ្មៅ។ ការជួយដាក់ពង្រាយកងទ័ពសម្ព័ន្ធមិត្តបន្ថែមនេះ ក៏ជាជំហានដ៏សំខាន់ផងដែរក្នុង ការបង្កើនភាពប្រុងការជើងការខ្ពស់របស់កម្លាំងណាតូផ្នែកឆ្លើយតបនឹងការវាយប្រហារ(The NATO’s Re sponse Force)។ សមាជិកសភានៃបណ្តាប្រទេសជាសមាជិកអង្គការណាតូ ក៏បានគូសបញ្ជាក់សាជាថ្មី ផងដែរ អំពីការគាំទ្រឥតងាករេ​ចំពោះអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ប្រទេសអ៊ុយក្រែន។ សមា ជិកសភាទាំងអស់នោះ ក៏បានបញ្ជាក់បន្ថែមផងដែរ អំពីការប្តេជ្ញាចិត្តរបស់ពួកគេដើម្បីគាំទ្រវិធានការដែលមិនធ្លាប់មានពីមុនមក(លើប្រទេសរុស្ស៊ី) ប្រសិនបើរុស្ស៊ីហ៊ានប្រើប្រាស់កងទ័ពវាយប្រហារប្រទេសអ៊ុយក្រែន។ កាលពីសប្តាហ៍មុន ក្រុមប្រឹក្សាអន្តរសភាណាតូ-អ៊ុយក្រែន របស់សន្និបាតសភាអង្គការណាតូ បានជួបប្រជុំគ្នាក្នុងរាជធានីព្រុចសែលនៃព្រះរាជាណាចក្របែលហ្ស៊ិក ដើម្បីថ្លឹងថ្លែងអំពីស្ថានភាពដែលកំពុងកើតឡើងនាពេលចុងក្រោយនេះ និងដើម្បីពិភាក្សាគ្នាជាមួយសមាជិកសភាប្រទេសអ៊ុយក្រែន។

សភានៃប្រទេសជាសមាជិកសន្និបាតសភាអង្គការណាតូ បានឯកភាពគ្នាថា ទស្សនាទានយុទ្ធសាស្រ្ត (Strategic Concept)បន្ទាប់អង្គការណាតូ ត្រូវតែគិតជាយុទ្ធសាស្រ្តគិតគូរដល់មេរៀនបានកើតឡើងថ្មីៗក្នុងវិបត្តិបច្ចុប្បន្ន។

គណៈកម្មាធិការអចិន្ត្រៃយ៍របស់សន្និបាតសភាអង្គការណាតូ បានពិចារណាសេចក្តីព្រាងលើកទី១នៃអនុសាសន៍របស់ខ្លួនចំពោះទស្សនាទានយុទ្ធសាស្រ្តឆ្នាំ២០២២របស់អង្គការណាតូ មុននឹងបញ្ជូនឱ្យអង្គ ការណាតូ និងរដ្ឋាភិបាលនៃប្រទេសជាសម្ព័ន្ធមិត្តក្នុងអង្គការណាតូ ពិនិត្យ។ ក្នុងពេលបង្ហាញអំពីសេចក្តីព្រាងនេះ លោកConnolly បានថ្លែងសង្កត់ធ្ងន់ថា៖ ”ទស្សនាទានយុទ្ធសាស្រ្តរបស់អង្គការណាតូ យ៉ាងហោចណាស់ត្រូវរួមបញ្ចូលចំណុចសំខាន់២ ទីមួយគឺការបញ្ជាក់សាជាថ្មីអំពីគោលការណ៍និងតម្លៃរួម(sh- ared values)របស់សម្ព័ន្ធមិត្តក្នុងអង្គការណាតូ និងទីពីរ គឺការធ្វើឱ្យអង្គការណាតូមានភាពបត់បែនស្របតាមទិដ្ឋ​​ភាពបច្ចុប្បន្នដែលមានការប្រែប្រួលថ្មីផ្នែកភូមិសាស្រ្តនយោបាយ  និងការលេចឡើងនូវក្រុមផ្សេងៗ៕

http://ព័ត៌មានអង្គការសភាអន្តរជាតិ ០៦-០២-២២- មាស តូនី ប្រែសម្រួលពី៖ https://www.nato-pa.int/news/nato-pa-standing-committee-expresses-allied-unity-russias-threat-looms-large-discusses



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`