រូបភាពឯកសារ៖ ពលរដ្ឋអ៊ីស្រាអែលកំពុងទម្លាក់សន្លឹកឆ្នោតទៅក្នុងធុងឆ្នោត
អ្នកបោះឆ្នោតជាប្រជាជនរដ្ឋអ៊ីស្រាអែលនឹងទៅបោះឆ្នោតនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បី បោះឆ្នោតជ្រើសតាំងសមាជិកសភា ដែលជាការបោះឆ្នោតជាលើកទី៥ ក្នុងរយៈពេលមិនដល់ ៤ឆ្នាំផង។ អ្នកបោះឆ្នោតប្រមាណ ៦.៧លាននាក់ដែលមានសិទ្ធិបោះឆ្នោត នៅតាមស្ថានីយបោះឆ្នោតចំនួន ១១, ៧០៧ នៅទូទាំងប្រទេស ដើម្បីបោះឆ្នោតរើសសមាជិកសភាចំនួន ១២០អាសនៈ។
អនុលោមតាមច្បាប់អ៊ីស្រាអែលថ្ងៃបោះឆ្នោត គឺជាថ្ងៃឈប់សម្រាកនៅក្នុងប្រទេសអ៊ីស្រាអែលដើម្បី អនុញ្ញាតឱ្យអ្នកបោះឆ្នោតទៅបោះឆ្នោត។ រាល់គណបក្សនយោបាយ ត្រូវតែទទួលបានសំឡេងឆ្នោតយ៉ាងហោចណាស់ ៣.២៥% ដើម្បីទទួលបាន ១អាសនៈនៅក្នុងសភា។ ការបោះឆ្នោតសភា ត្រូវបានធ្វើឡើងជារៀងរាល់ ៤ឆ្នាំម្តង ប៉ុន្តែសភាអាចរំលាយខ្លួនឯងបានមុនពេលសភាត្រូវចប់អាណត្តិ ដោយអនុម័តច្បាប់មួយ ហើយច្បាប់មួយនេះក៏បានកំណត់កាលបរិច្ឆេទនៃការបោះឆ្នោតសភានីតិកាលថ្មីផងដែរ។ ការបោះឆ្នោតសភាចុងក្រោយនៅក្នុងប្រទេសអ៊ីស្រាអែល បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។
ការបោះឆ្នោតថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ នឹងក្លាយជាការបោះឆ្នោតលើកទី៥ ក្នុងរយៈពេលមិនដល់ ៤ឆ្នាំផង នៅក្នុងប្រទេសអ៊ីស្រាអែល។ ដើម្បីទទួលបានសំឡេងភាគច្រើននៅក្នុងសភា គណបក្ស មួយចាំបាច់ត្រូវទទួលបាន ៦១អាសនៈ នៃ ១២០អាសនៈ។ ដោយសារតែក្នុងប៉ុន្មានទសវត្សរ៍កន្លងមក នេះមិនមានគណបក្សណាមួយទទួលបានសំឡេងភាគភាគច្រើនអប្បបរមា ៦១អាសនៈ នោះទើបមេដឹកនាំគណបក្សដែលទទួលបានចំនួនអាសនៈច្រើនជាងគេ ត្រូវបានប្រធានាធិបតីអ៊ីស្រាអែលអញ្ជើញឱ្យព្យាយាមបង្កើតរដ្ឋាភិបាលថ្មីមួយ ដោយបង្កើតរដ្ឋាភិបាលចម្រុះពហុគណបក្ស។
នៅក្នុងការបោះឆ្នោតខែមេសា ឆ្នាំ២០១៩ មិនមានគណបក្សណាមួយអាចចាត់ចែងបង្កើតរដ្ឋាភិបាលបាននាំទៅដល់ការបោះឆ្នោតមុនកាលកំណត់មួយ នៅក្នុងខែកញ្ញា។ ការបោះឆ្នោតលើកទី៣ បានធ្វើឡើងនៅក្នុងខែមីនា ឆ្នាំ២០២០ ប៉ុន្តែរដ្ឋាភិបាលដែលបង្កើតឡើងនៅក្នុងខែឧសភា ឆ្នាំដដែលបានឈានទៅរកការជាប់គាំង ហើយសភាត្រូវរលាយដោយខ្លួនឯង។ ការបោះឆ្នោតលើកទី៤ បានធ្វើឡើងនៅក្នុង ខែមីនា ឆ្នាំ២០២១។ ត្រឹមខែមិថុនា ឆ្នាំដដែល រដ្ឋាភិបាលចម្រុះមួយត្រូវបានបង្កើតឡើងដោយមាន ៨ គណបក្ស។ ប៉ុន្តែ ១ឆ្នាំ ក្រោយពីបង្កើតរដ្ឋាភិបាលចម្រុះ នៅក្នុងខែមិថុនា ឆ្នាំ២០២២ សភាអ៊ីស្រាអែលបានសម្រេចរំលាយខ្លួនឯង និងបានស្នើរៀបចំការបោះឆ្នោតមុនកាលកំណត់នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២៕
http://ព័ត៌មានសភាអន្តរជាតិ ២៦-១០-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.aa.com.tr/en/middle-east/israel-prepares-for-5th-legislative-election-in-4-years/2720452
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម