សមាជិកសភាអាល្លឺម៉ង់ ក្រុមទី២ បានអញ្ជើញទៅកោះតៃវ៉ាន់
ទីក្រុងតៃប៉ិ៖ គណៈប្រតិភូសមាជិកសភាមួយក្រុមដឹកនាំដោយលោក Peter Heidt សមាជិកគណៈ កម្មាធិការសិទ្ធិមនុស្សនៃសភានៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានអញ្ជើញដល់កោះតៃវ៉ាន់ កាលពី ព្រឹកថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២។ លោក Heidt នឹងធ្វើការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកស្តីពីបញ្ហាសិទ្ធិមនុស្ស ដូចជា ទោសប្រហារជីវិតជាដើម ជាមួយមន្រ្តីជាន់ខ្ពស់កោះតៃវ៉ាន់។
សារព័ត៌មានសិង្ហបុរី CNA បានរាយការណ៍ថា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ គណៈប្រតិភូសភាខាងលើនឹងមានជំនួបជាមួយ លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ លោក Lo Ping-cheng អ្នកនាំពាក្យគណៈ រដ្ឋមន្រ្តី លោករដ្ឋមន្រ្តី Huang Chi-ta និងរដ្ឋមន្រ្តីដទៃមួយចំនួនទៀត មន្រ្តីកោះតៃវ៉ាន់ និងតំណាងធុរកិច្ច។ ក្រុមគណៈប្រតិភូសមាជិកសភាអាល្លឺម៉ង់ក៏នឹងចូលរួម ក្នុងពីធីជប់លៀងដែលធ្វើឡើងដោយលោក Joseph Wu រដ្ឋមន្រ្តីក្រសួងការបរទេសតៃវ៉ាន់ និងលោក-ស្រី Chen Chu ប្រធានគណៈកម្មការជាតិសិទ្ធិមនុស្សតៃវ៉ាន់។
សមាសភាពគណៈប្រតិភូសភាអាល្លឺម៉ង់ មានអ្នកនយោបាយចំនួន ៥រូបផ្សេងទៀត មកពីគណបក្ស នយោបាយផ្សេងៗគ្នា រួមមាន លោក Carsten Bodresser លោក Michael Brand លោក Boris Mijatovic លោកស្រី Heike Englehardt និងលោកស្រី Turk-Nachbaur។ មុនពេលចាកពីប្រទេសអាល្លឺម៉ង់ លោក Heidt បានថ្លែងថា តៃវ៉ាន់គឺជាសមរភូមិមុខរវាងអំណាចផ្តាច់ការនិយម និងប្រជាធិបតេយ្យ។ លោក Heidt បានថ្លែងបន្ថែមថា តៃវ៉ាន់អាចរក្សាបាននូវឯករាជ្យភាពរបស់ខ្លួន គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អាល្លឺម៉ង់។
ក្រសួងការបរទេសកោះតៃវ៉ាន់បានឱ្យដឹងថា ដំណើរទស្សនកិច្ចលើកទី២ របស់គណៈប្រតិភូសមា ជិកសភាអាល្លឺម៉ង់ ក្នុងរយៈពេលតែ ១ខែ បានឆ្លុះបញ្ចាំងថា តៃវ៉ាន់ និងអាល្លឺម៉ង់ បានចែករំលែកនូវភាពធន់នៃភាពជាដៃគូ ដោយផ្អែកលើតម្លៃរួមនៃប្រជាធិបតេយ្យ សេរីភាព និងសិទ្ធិមនុស្ស។ ការស្នាក់នៅរបស់ក្រុមគណៈប្រតិភូសមាជិកសភាអាល្លឺម៉ង់នៅក្នុងសប្តាហ៍នេះ បានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់សមាជិកក្រុមមិត្តភាពសភាអាល្លឺម៉ង់-តៃវ៉ាន់ ដែលបានស្ថិតនៅក្នុងទីក្រុងតៃប៉ិចាប់ពីថ្ងៃទី០២ ដល់ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ កន្លងមក៕
http://ព័ត៌មានសភាអន្តរជាតិ ២៤-១០-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.taiwannews.com.tw/en/news/4695454
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម