logo logo
banner1
សភាអ៊ុយក្រែន ថ្កោលទោសអ៊ីរ៉ង់ដែលគាំទ្រការឈ្លានពាន ប្រដាប់អាវុធរបស់រុស្ស៊ី មកលើអ៊ុយក្រែន
 

 

រូបភាពសភានៃប្រទេសអ៊ុយក្រែន

​សភានៃប្រទេសអ៊ុយក្រែន បានថ្កោលទោសការគាំទ្ររបស់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ចំពោះការឈ្លានពានប្រដាប់អាវុធរបស់សហព័ន្ធរុស្ស៊ី​ មកលើប្រទេសអ៊ុយក្រែន។ នេះបើតាមអ្នកឆ្លងឆ្លើយព័ត៌មាន  ១រូប របស់សារព័ត៌មាន Ukrinform បានធ្វើសេចក្តីរាយការណ៍ កាលពីថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២។ សមាជិកសភាសរុបចំនួន ៣០៣រូប បានបោះឆ្នោតគាំទ្រសេចក្តីថ្លែងការណ៍ថ្កោលទោសអ៊ីរ៉ង់។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន​ សភាអ៊ុយក្រែនបានសង្កត់ធ្ងន់ថា​ ការសម្រេចចិត្តរបស់អ៊ីរ៉ង់ ក្នុងការផ្គត់ផ្គង់អាវុធដល់រុស្ស៊ីបានធ្វើឱ្យប្រទេសមួយនេះ ត្រូវទទួលខុសត្រូវ​ចំពោះ​ផលវិបាកនៃការឈ្លាន ពានប្រដាប់អាវុធរបស់រុស្ស៊ីមកលើអ៊ុយក្រែន។ អាវុធដែលផលិតនៅប្រទេសអ៊ីរ៉ង់ដែលបានផ្តល់ឱ្យរុស្ស៊ី បានបំផ្លាញដល់ហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឱ្យមានមនុស្សស្លាប់ និងរងរបួសក្នុងចំណោមជនស៊ីវិលនៅក្នុងប្រទេសអ៊ុយក្រែន រួចទៅហើយ។ “រដ្ឋាភិបាលទីក្រុងតេហេរ៉ង់​ ត្រូវតែទទួលខុសចំពោះរឿងនេះ ការ​ខាតបង់របស់អ៊ុយក្រែន ត្រូវតែមានសំណងជាដាច់ខាត”។

​សភាអ៊ុយក្រែន បានផ្តល់អនុសាសន៍ឱ្យប្រធានាធិបតីអ៊ុយក្រែន និងគណៈរដ្ឋមន្រ្តីអ៊ុយក្រែនត្រូវចាប់ផ្តើមកិច្ចពិភាក្សាជាបន្ទាន់ជាមួយរដ្ឋអ៊ីស្រាអែល សហរដ្ឋអាម៉េរិក និង​គណៈកម្មការអឺរ៉ុប ដើម្បីចាត់វិធានការដ៏មានប្រសិទ្ធភាពប្រឆាំងនឹងកម្មវិធីផលិតកម្មអាវុធដ៏មហាប្រល័យរបស់អ៊ីរ៉ង់។  លើសពីនេះទៀត ​សភាអ៊ុយក្រែនបានអំពាវនាវ​ដល់សហគមន៍អន្តរជាតិឱ្យចាត់វិធានការចាំបាច់ទាំងឡាយ ដើម្បីទប់ស្កាត់  ការបន្តផ្គត់ផ្គង់អាវុធរបស់អ៊ីរ៉ង់ទៅឱ្យរុស្ស៊ី តាមរយៈការដាក់ទណ្ឌកម្មលើនីតិបុគ្គល និងរូបវន្ត​បុគ្គល។

សមាជិកសភាអ៊ុយក្រែនក៏បានទទូចផងដែរដល់រដ្ឋាភិបាល និងសភានៃបណ្តារដ្ឋបរទេសជួយលើកកម្ពស់ពង្រឹងសមត្ថភាពការពារជាតិរបស់អ៊ុយក្រែន ពោលគឺ ពង្រឹងវិស័យ​ការពារអាកាស និងការការពារប្រឆាំងនឹងអាវុធមីស៊ីល ក៏ដូចជា សមត្ថភាពក្នុងការរកឃើញ និងប្រឆាំងនឹងយន្តហោះអត្តឃាតគ្មានមនុស្សបើក (Drone) និងយន្តហោះគ្មាន​មនុស្សបើក(UAV)៕

http://ព័ត៌មានសភាអន្តរជាតិ ២១-១០-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.ukrinform.net/rubric-ato/3596486-verkhovna-rada-condemns-irans-support-for-russian-armed-aggression-against-ukraine.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`