
ផលប៉ះពាល់នៃសង្រ្គាមរបស់សហព័ន្ធរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន លើសន្តិសុខនៃបណ្តាប្រទេសក្នុងតំបន់បាល់កង់ខាងកើត គឺជារឿងមួយមិនអាចមើលស្រាលបានឡើយ ពីព្រោះសង្គ្រាមនេះបានបង្កឱ្យមានភាពផុយស្រួយផ្នែកនយោបាយ និងភាពតានតឹងជាបន្តបន្ទាប់ជាច្រើនក្នុងតំបន់នេះ។ ទោះបីស្ថិតក្នុងកាលៈទេសៈលំបាកក៏ដោយ ក៏សាធារណរដ្ឋកូសូវ៉ូនៅតែសម្រេចបាននូវវឌ្ឍនភាពក្នុងការកសាងសង្គមដែលមានទីផ្សាសេរី មានប្រជាធិបតេយ្យ និងមានការបើកចំហ និងសម្លឹងទៅរកការកសាងទំនាក់ទំនងស្អិតរមួតបន្ថែមទៀតជាមួយបណ្តាប្រទេសក្នុងសហគមន៍អឺរ៉ុប-អាត្លង់ទិក។ សកម្មភាពខាងលើនេះហើយជាមូលបទស្នូល នៃសិក្ខាសាលារបស់សន្និបាតសភាអង្គការណាតូលើកទី១០២ និងសិក្ខាសាលាដែលមានឈ្មោះថា Rose-Roth Seminar។
សិក្ខាសាលានេះប្រព្រឹត្តិនៅថ្ងៃទី៨-១០ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួមពីសមាជិកសភាចំនួន៤៥នាក់ មកពីប្រទេសជាសមាជិកអង្គការណាតូ និងប្រទេសជាដៃគូអង្គការណាតូជាច្រើនទៀតដើម្បី ពិភាក្សាអំពីស្ថានភាពសន្តិសុខ នយោបាយ និងសេដ្ឋកិច្ចប្រទេសកូសូវ៉ូ ពិភាក្សាអំពីសមាហរណកម្មអឺរ៉ុប-អាត្លង់ទិក និងអំពីការប្រឈមជាបន្តបន្ទាប់ផ្នែកបញ្ហាសន្តិសុខ និងនយោបាយរបស់បណ្តាប្រទេសក្នុងតំបន់បាល់កង់ខាងលិច។ សិក្ខាសាលានេះសហការរៀបចំដោយរដ្ឋសភាប្រទេសកូសូវ៉ូ (ឯកសភា) ដោយមានជំនួយឧបត្ថម្ភពីរដ្ឋាភិបាលសហព័ន្ធស្វីស និងមជ្ឈមណ្ឌលហ្សឺណែវសម្រាប់អភិបាលកិច្ចវិស័យសន្តិសុខ។ វត្ថុបំណងចម្បងនៃសិក្ខាសាលានេះ គឺលើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍ និងលើកកម្ពស់ការយល់ដឹងអំពីគ្នាទៅវិញទៅមក ក្នុងចំណោមសមាជិកសភានៃប្រទេសជាសមាជិកអង្គការណាតូ និងសមាជិកសភានៃប្រទេសជាដៃគូអង្គការណាតូ។ សិក្ខាសាលានេះក៏មានកម្មវត្ថុសំខាន់ផងដែរ ក្នុងការជួយដល់សភានៃប្រទេសជាដៃគូអង្គការណាតូ ក្នុងការបង្កើតនូវឧបករណ៍ (tool) ជួយឱ្យសភាទាំងនោះអាចដើរតួប្រកប ដោយប្រសិទ្ធភាព បែបប្រជាធិបតេយ្យ ក្នុងការកសាងគោលនយោបាយសន្តិសុខ និងការពារជាតិ។
សិក្ខាសាលារយៈពេល៣ថ្ងៃខាងលើ ក៏រួមមានផងដែរនូវកិច្ចពិភាក្សារបស់មន្រ្តីរដ្ឋាភិបាល ជំនាញការជាតិនិងអន្តរជាតិ លើបញ្ហានីតិរដ្ឋនិងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ, ការរួមចំណែករបស់ស្រ្តី និងយុវជនក្នុងការកសាងសន្តិភាពនិងសន្តិសុខតំបន់, និងការប្រែប្រួលនៃស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់បាល់កង់ដោយសារជំងឺឆ្លងរាតត្បាតកូវីដ-១៩។
សង្រ្គាមក្នុងប្រទេសអ៊ុយក្រែនបានធ្វើឱ្យសម្ព័ន្ធមិត្តអង្គការណាតូ ផ្តោតការយកចិត្តទុកដាក់សាជាថ្មី លើបណ្តាប្រទេសក្នុងតំបន់ និងជាសារមួយប្រាប់តំបន់នេះថា អនាគតរបស់តំបន់នេះគឺស្ថិតលើកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អឺរ៉ុប-អាត្លង់ទិក។ ក្នុងសារជាវីដេអូផ្ញើទៅកាន់សិក្ខាសាលាខាងលើ លោកGeral E. Connolly ប្រធានសន្និបាតសភាអង្គការណាតូ បានថ្លែងសង្កត់ធ្ងន់លើចំណុចនេះថា ៖ ”សន្តិសុខ (របស់ពួកយើង) មានលក្ខណៈអាស្រ័យគ្នាទៅវិញទៅមក។ ហេតុនេះហើយបណ្តាប្រទេសក្នុងតំបន់បាល់កង់ខាងលិច និងបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប-អាត្លង់ទិក ត្រូវតែរួមសហការគ្នាដើម្បីដោះស្រាយការប្រឈម នានារបស់តំបន់ និងរួមគ្នាប្រយុទ្ធតតាំងនឹងឥទ្ធិពលនៃបណ្តាប្រទេសអត្តាធិបតេយ្យ តួយ៉ាងដូចជាប្រទេសចិន និងរុស្ស៊ីជាដើម ដែលកំពុងធ្វើឱ្យតំបន់របស់យើងមានអស្ថិរភាព។
ក្នុងសុន្ទរថាមួយរបស់លោកស្រី Vjosa Osmani-Sardiu ប្រធានាធិបតីប្រទេសកូសូវ៉ូ លោកស្រី Vjosa បានទទួលស្គាល់អំពីការគំរាមកំហែងដែលបង្កឡើងដោយប្រទេសរុស្ស៊ី ចំពោះសន្តិសុខនិងស្ថិរភាពក្នុងតំបន់។ ពាក់ព័ន្ធផ្ទាល់នឹងស្ថានភាពក្នុងប្រទេសកូសូវ៉ូ លោកស្រី Vjosa បានថ្លែងថា កងម្លាំងអន្តរជាតិ ថែរក្សាសន្តិភាពក្នុងប្រទេសកូសូវ៉ូដែលដឹកនាំដោយណាតូ (NATO-led KFOR) ដែលជាកម្លាំងសំខាន់ខ្វះមិនបានសម្រាប់ការថែរក្សាសន្តិសុខរបស់ប្រទេសកូសូវ៉ូ ហើយ៨០% នៃប្រជាជនកូសូវ៉ូគាំទ្រវត្តមានកងទ័ពណាតូនៅក្នុងប្រទេសនេះ ដែលមានរយៈពេល ២៣ឆ្នាំមកហើយ។
លោកAlbin Kurti នាយករដ្ឋមន្រ្តី និងលោកGlauk Konjufca ប្រធានរដ្ឋសភាប្រទេសកូសូវ៉ូ បាន បង្ហាញអំពីចេតនាដ៏ខ្លាំងក្លាចូលរួមជាមួយរចនាសម្ព័ន្ធអឺរ៉ុប-អាត្លង់ទិក និងបានគូសបញ្ជាក់ថាប្រទេស កូសូវ៉ូ ចាត់ទុកកិច្ចការនេះជាទិសដៅដ៏ល្អបំផុត។ លោកនាយករដ្ឋមន្រ្តី Glauk បានថ្លែងថា៖ ”យើងគ្មានជម្រើសឡើយក្រៅពីធ្វើសមាហរណកម្មជាមួយណាតូ និងសហភាពអឺរ៉ុប។ ជាផ្នែកមួយនៃបណ្តាប្រទេសក្នុងលោកខាងលិច មេដឹកនាំប្រទេសកូសូវ៉ូតែងគាំទ្រយ៉ាងខ្លាំងក្លា ចំពោះសេរីភាវូបនីយកម្មលិខិតឆ្លងដែនសហភាពអឺរ៉ុប (EU visa liberalization) គាំទ្រក្រុមប្រឹក្សាអឺរ៉ុប និងចូលរួមក្នុងកម្មវិធីភាពជាដៃគូរបស់អង្គការណាតូដើម្បីសន្តិភាព។ រដ្ឋាភិបាលកូសូវ៉ូ មានបំណងបង្កើនការចំណាយសម្រាប់វិស័យការពារជាតិ ដែលបច្ចុប្បន្នមានចំនួន១.៤%នៃផលិតផលក្នុងស្រុកសរុប ឱ្យដល់២% នៃផលិតផលក្នុងស្រុកសរុប។ បច្ចុប្បន្ននេះប្រទេសកូសូវ៉ូ បានធ្វើខ្លួនជាប្រទេសជួយថែរក្សាសន្តិសុខតំបន់។ ឧទាហរណ៍ រដ្ឋាភិបាលប្រទេសកូសូវ៉ូ បានគាំទ្រប្រទេសអ៊ុយក្រែន។ អង្គការណាតូ មិនត្រឹមតែបានដើរតួនាទីក្នុងការបញ្ចប់អំពើហិង្សាក្នុងប្រទេសកូសូវ៉ូ ប៉ុណ្ណោះទេ ប៉ុន្តែអង្គការនេះក៏បានជួយផងដែរក្នុងការលើកកម្ពស់តម្លៃលទ្ធិប្រជាធិបតេយ្យ និងការពារសមិទ្ធផលសង្គម ដែលរងការគំរាមកំហែងពីក្រុមវាតទីនិយមរុស្ស៊ី និងប្រទេសអត្តាធិបតេយ្យដទៃទៀត។
ក្នុងឱកាសនៃសិក្ខាសាលាខាងលើ សមាជិកសភាចូលរួមបានឆ្លៀតឱកាសជួបជាមួយរដ្ឋមន្រ្តីការពារជាតិប្រទេសកូសូវ៉ូ និងទស្សនាមជ្ឈមណ្ឌលបណ្តុះបណ្តាលកងកម្លាំងសន្តិសុខកូសូវ៉ូ (TRADOC)…៕
http://ព័ត៌មានពីអង្គសភាអន្តរជាតិ ២២-១០-២២- មាស តូនី ប្រែសម្រួលពី៖ https://www.nato-pa.int/news/pristina-lawmakers-discuss-kosovos-reforms-impact-russias-war-ukraine-