logo logo
banner1
សមាជិកសភាអ៊ុយក្រែន បញ្ជូនពង្រាងសេចក្តីសម្រេច ស្តីពីការផ្តាច់ចំណងទាក់ទងជាមួយអ៊ីរ៉ង់ ទៅកាន់សភា
 

រូបភាពក្នុងសម័យប្រជុំសភានៃប្រទេសអ៊ុយក្រែន

​កាលពីថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២ សមាជិកសភាអ៊ុយក្រែន ១រូប លោក Oleksiy Gon charenko បានថ្លែងថា លោកបានបញ្ជូនពង្រាងសេចក្តីសម្រេចមួយ​ទៅកាន់​សភានៃប្រទេសអ៊ុយក្រែន ស្នើកាត់ផ្តាច់ចំណងការទូតជាមួយសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់​ និងទទួលស្គាល់ថា ប្រទេសមួយនេះជា “រដ្ឋគាំទ្រអំពើភេរវនិយម”។

​ពង្រាងសេចក្តីសម្រេចខាងលើនេះ បានធ្វើឡើងនៅចំពេលមានភាពតានតឹងរវាងរដ្ឋាភិបាលទីក្រុងកៀវ និងរដ្ឋាភិបាលទីក្រុងតេហេអង់ ពាក់ព័ន្ធនឹងការអះអាងពីការផ្គត់ផ្គង់​យន្តហោះគ្មានមនុស្សបើក(Drone) របស់អ៊ីរ៉ង់ ទៅឱ្យរុស្ស៊ីដែលកំពុងតែចែកចាយនៅប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសលោកខាង លិច។ បើតាមសេចក្តីរាយការណ៍នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយរបស់ប្រទេសលោកខាងលិចបានស្រង់សម្តីមន្រ្តី សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបថា អ៊ីរ៉ង់បានយល់ព្រមផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក និងអាវុធ​មីស៊ីលបាញ់ចេញពីដី ​ឬទឹក (SSM) ទៅឱ្យរុស្ស៊ីដើម្បីប្រើប្រាស់ក្នុងសង្រ្គាមជាមួយអ៊ុយក្រែន។ ប៉ុន្តែលោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងបានថ្លែងថា លោក​មិន​អាចរកបានទិន្នន័យស្តីពីការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់មកឱ្យរុស្ស៊ីនោះទេ។

​កាលពីថ្ងៃចន្ទ ដើមសប្តាហ៍ ក្រសួងការបរទេសអ៊ីរ៉ង់បានបដិសេធសេចក្តីរាយការណ៍របស់ប្រទេស លោកខាងលិចដែលថា រុស្ស៊ីបានប្រើប្រាស់យន្តហោះគ្មានមនុស្ស​បើក​ផលិត​ដោយ​អ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ុយក្រែន។ “អ៊ីរ៉ង់បានប្រកាសម្តងហើយម្តងទៀតថា ខ្លួនមិនមែនជាភាគីនៅក្នុងសង្រ្គាមរវាងរុស្ស៊ី និង អ៊ុយក្រែននោះទេ”។ នេះបើតាម​លោក Nasser Kanaani អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានថ្លែង ដោយលោកបានបញ្ជាក់អះអាងថា រដ្ឋាភិបាលទីក្រុងតេហេរ៉ង់មិនបានផ្គត់ផ្គង់អាវុធ ទៅដល់ប្រទេស​ទាំងពីរដែល​កំពុងមានសង្រ្គាមនឹងគ្នានោះឡើយ។ ខណៈដែលលោក Dmytro Kuleba រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ុយក្រែន បានអំពាវនាវឱ្យសហភាពអឺរ៉ុប​ដាក់ទណ្ឌកម្មលើ​អ៊ីរ៉ង់ចំពោះ “ការផ្តល់យន្តហោះគ្មានមនុស្សបើកដល់រុស្ស៊ី”។

គួរបញ្ជាក់ផងដែរថា កាលពីខែកញ្ញា  ឆ្នាំ២០២២ ប្រទេសអ៊ុយក្រែនបានប្រកាសបន្ថយកម្រិតនៃចំណងទាក់ទងរបស់ខ្លួនជាមួយរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ និងបានដកហូត​ការទទួលស្គាល់បេសកជន អ៊ីរ៉ង់ប្រចាំទីក្រុងកៀវ ពាក់ព័ន្ធនឹងអ្វីដែលរដ្ឋាភិបាលទីក្រុងកៀវបានហៅថាជា “ការសម្រេចចិត្តអមិត្ត”របស់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ក្នុងការ​ផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកដល់រដ្ឋាភិបាលទីក្រុងមូស្គូ៕

http://ព័ត៌មានសភាអន្តរជាតិ ១៩-១០-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.aa.com.tr/en/middle-east/ukrainian-lawmaker-submits-draft-resolution-on-breaking-ties-with-iran/2714593



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`