logo logo
banner1
សភាស៊ុយអែត បោះឆ្នោតគាំទ្រមេដឹកនាំគណបក្ស អភិរក្សនិយម ជានាយករដ្ឋមន្រ្តីថ្មី
 

 

លោក Ulf Kristersson នាយករដ្ឋមន្រ្តីថ្មីនៃព្រះរាជាណាចក្រស៊ុយអែត

​កាលពីថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២ សភានៃព្រះរាជាណាចក្រស៊ុយអែត បានបោះឆ្នោតគាំទ្រមេដឹកនាំគណបក្សអភិរក្សនិយម លោក Ulf Kristersson ជានាយករដ្ឋ​មន្រ្តីថ្មី។ ការគាំទ្រនេះ បានធ្វើឡើងតែ ៣ថ្ងៃ បន្ទាប់ពីលោកសម្រេចបានកិច្ចព្រមព្រៀងមួយជាមួយក្រុមគណបក្សស្តាំនិយម ដើម្បីបង្កើតរដ្ឋា ភិបាលចម្រុះសំឡេងភាគ​តិច​មួយ។

​លោក Kristersson ទទួលបានសំឡេងឆ្នោតគាំទ្រ ១៧៦សំឡេង ទល់នឹង ១៧៣សំឡេង។ លោកគ្រោងនឹងប្រកាសចេញរដ្ឋាភិបាល និងបង្ហាញសមាសភាពគណៈរដ្ឋមន្រ្តី​របស់លោកទៅកាន់សភា នៅថ្ងៃអង្គារនេះ ដែលនឹងទទួលអំណាចជាផ្លូវការក្នុងអំឡុងពេលនៃកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋក្រោមព្រះរាជាធិបតីភាពរបស់ព្រះប្រមុខរដ្ឋស៊ុយអែត ព្រះអង្គ Carl  XVI  Gustaf។  ក្រោមកិច្ចព្រមព្រៀងដែលសម្រេចបានកាលពីថ្ងៃសុក្រសប្តាហ៍មុន គណបក្ស Moderates របស់លោក Kristersson នឹងបង្កើតរដ្ឋាភិបាល សំឡេងភាគតិចមួយ ជាមួយគណបក្សប្រជាធិបតេយ្យគ្រិស្តសាសនិក និងគណបក្សសេរីនិយម ដោយមានការគាំទ្រពីគណបក្សស្តាំនិយមជ្រុល ប្រជាធិបតេយ្យស៊ុយអែត (SD)។

​ក្រុមគណបក្សស្តាំនិយមក្នុងប្រទេសស៊ុយអែត បានទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ដោយទទួលបាន ១៧៦​អាសនៈ ខណដែលក្រុមគណបក្សនិយមកណ្តាល-ឆ្វេង របស់លោកស្រី Magdalena Andersson នាយករដ្ឋមន្រ្តីធ្លាក់ពីតំណែងមកពីគណបក្សសង្គមប្រជាធិបតេយ្យ ដែល​ទទួល​បាន ១៧៣អាសនៈ។ គណប​ក្សសង្គមប្រជាធិបតេយ្យទទួលបានសំឡេង ៣០.៣% នាំមុខគណបក្ស SD ដែលទទួលបាន ២០.៥% និងគណបក្សអភិរក្សទទួលបាន ១៩.១%។ កិច្ចព្រមព្រៀងរវាងគណបក្សនយោបាយទាំង ៤ ខាងលើ រួមមាន ការរឹតបន្តឹងគោលយោបាយ អន្តោប្រវេសន៍ និងការបង្ក្រាបបទឧក្រិដ្ឋ ក៏ដូចជា លើកកម្ពស់​ថាមពល​​បរមាណូ​ និងកាត់បន្ថយថវិកា ជំនួយអភិវឌ្ឍន៍។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២កន្លងមក លោក Kristersson ទទួលបានការស្នើសុំជាផ្លូវការឱ្យដឹកនាំការចរចាដើម្បីព្យាយាមប៉ុនប៉ងបង្កើត​រដ្ឋា​ភិបាលថ្មីមួយ បន្ទាប់ពីលោក  Andreas Norlen ប្រធានសភាស៊ុយអែតបានជួបពិភាក្សាជាមួយមេដឹកនាំគណបក្សនយោបាយទាំងអស់  ហើយជាមតិភាគច្រើនបានគាំទ្រឱ្យ​អ្នកនយោបាយ​​នៃគណបក្សអភិរក្សដឹកនាំរដ្ឋាភិបាលថ្មី៕

http://ព័ត៌មានសភាអន្តរជាតិ ១៨-១០-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.laprensalatina.com/swedens-parliament-votes-in-conservative-kristersson-as-pm/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`