លោក Nabih Berri ប្រធានសភានៃសាធារណរដ្ឋលីបង់
សភានៃសាធារណរដ្ឋលីបង់បានបរាជ័យជាលើកទី២ ក្នុងបោះឆ្នោតជ្រើសតាំងប្រធានាធិបតីថ្មីនៃ ប្រទេសរបស់ខ្លួន ដោយសារតែមិនមានវត្តមានគ្រប់គ្រាន់របស់សមាជិកសភា ដើម្បីគ្រប់កូរ៉ុមបោះឆ្នោត។ លោក Nabih Berri ប្រធានសភានៃសាធារណរដ្ឋលីបង់ បានផ្អាកកិច្ចប្រជុំសភា រហូតដល់ថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២ សប្តាហ៍ក្រោយ ដែលនៅសល់ពេលមិនដល់ ២សប្តាហ៍ផង មុនពេលអាណត្តិ របស់លោក Michel Aoun ប្រធានាធិបតីលីបង់ក្នុងតំណែងបច្ចុប្បន្នត្រូវចប់។
ក្នុងពេលដែលនៅមិនទាន់មានការមូលមតិគ្នាលើបេក្ខជន គេរំពឹងទុកថា តំណែងប្រធានាធិបតីនៅទំនេរនឹងកើតមានឡើង។ វត្តមានរបស់សមាជិកសភា ២ភាគ៣ ឬ ៨៦រូប នៅក្នុងសភាដែលមាន ១២៨អាសនៈ ត្រូវការជាចាំបាច់ដើម្បីគ្រប់កូរ៉ុម។ ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍ មានសមាជិកសភាតែ ៧១រូប ប៉ុណ្ណោះដែលមានវត្តមាននៅក្នុងសាលប្រជុំសភា។ នេះគឺជាលើកទី២ហើយ ដែលសមាជិកសភាបានបរាជ័យក្នុងការបោះឆ្នោតជ្រើសតាំងប្រមុខរដ្ឋថ្មី បន្ទាប់ពីមិនអាចរកបានអ្នកទទួលជ័យជម្នះពិតប្រាកដ ក្នុងអំឡុងពេលនៃការបោះឆ្នោត ក្នុងកិច្ចប្រជុំសភាកាលពីលើកទី១ នាថ្ងៃទី២៩ ខែកញ្ញ ឆ្នាំ២០២២។
ការបរាជ័យក្នុងការស្វែងរកអ្នកស្នងតំណែងពីលោក Aoun ក្នុងការបោះឆ្នោត ២ជុំដំបូង មិនមែនមិនធ្លាប់មាននោះទេ — កន្លងមានការប្រជុំសភាចំនួន ៤៦ដង និងចំណាយពេល ២៩ខែ ក្នុងការបោះឆ្នោតជ្រើសតាំងអតីតអគ្គមេបញ្ជាការកងទ័ពវ័យ ៨៩ឆ្នាំ ក្នុងឆ្នាំ២០១៦។ តាមប្រព័ន្ធជំនឿសាសនានៅក្នុងប្រទេសលីបង់ តំណែងប្រធានាធិបតីគឺតែងតែបម្រុងទុកសម្រាប់គ្រិស្តសាសនិក Maronite។
គួរបញ្ជាក់ផងដែរថា ក្នុងចំណោមក្រុមសមាជិកសភាសំខាន់ៗ ដែលអនុបវាទពីកិច្ចប្រជុំសភា គឺជាសមាជិកសភាទាំង ១៧រូប មកពីគណបក្សចលនាសេរីស្នេហាជាតិ(FPM) ដែលគណបក្សមួយនេះបង្កើត ឡើងដោយលោក Michel Aoun ប្រធានាធិបតីលីបង់ និងបច្ចុប្បន្នដឹកនាំដោយកូនប្រសារប្រុសរបស់លោក គឺលោក Gebran Bassil។ មានតែសមាជិកសភាមួយក្តាប់តូច ចំនួន១៣រូប មកពីក្រុម Hezbollah ក្រុម ប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ និងគណបក្សនយោបាយដែលរេតាមខ្យល់ប៉ុណ្ណោះ ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំសភាបោះឆ្នោតជ្រើសតាំងប្រធានាធិបតីថ្មី៕
http://ព័ត៌មានសភាអន្តរជាតិ ១៤-១០-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.thenationalnews.com/mena/lebanon/2022/10/13/lebanons-mps-again-fail-to-elect-new-president-as-quorum-not-met/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម