លោកស្រី Nosiviwe Mapisa-Nqakula ប្រធានសភានៃសាធារណរដ្ឋអាហ្រ្វិកខាងត្បូង
គណៈប្រតិភូសភាជាន់ខ្ពស់នៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូងចូលរួមសន្និបាតលើកទី១៤៥ របស់សហភាពអន្តរសភា(IPU) ដឹកនាំដោយលោកស្រី Nosiviwe Mapisa-Nqakula ប្រធានសភាអាហ្រ្វិកខាងត្បូងបានអញ្ជើញដល់រដ្ឋធានី Kigali នៃសាធារណរដ្ឋរវ៉ាន់ដា ដែលត្រូវបានជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំមួយនេះ។
កិច្ចប្រជុំរយៈពេល ៥ថ្ងៃ ចាប់ផ្តើមឡើងពីថ្ងៃអង្គារ ទី១១ ដល់ថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០២២ ជាការជួបជុំរបស់ប្រតិភូសមាជិកសភាមកពី ១៧៨ប្រទេស នឹងបានឃើញនូវសភាសកលចូលរួមក្នុងមូលបទរួមនៃសន្និបាត៖ “សមភាពយែនឌ័រ និងសភាដែលមានស្ថានភាពរសើបយែនឌ័រធ្វើជាកត្តាជំរុញឱ្យ មានការផ្លាស់ប្តូរ ដើម្បីពិភពលោកមួយដែលមានភាពធន់ និងសន្តិភាពជាងមុន”។ យោងតាមចំណាត់ថ្នាក់ចុងក្រោយបំផុតរបស់សហភាពអន្តរសភា (IPU) នៃ ១៨៦ប្រទេស អាហ្រ្វិកខាងត្បូងស្ថិតក្នុងចំណាត់ថ្នាក់ទី១២ ក្នុងចំណោមសភាពិភពលោក ដែលមានចំនួនតំណាងជាស្រ្តីខ្ពស់បំផុត។
សន្និបាតលើកទី១៤៥ របស់ IPU ត្រូវបានធ្វើឡើងនៅចំពេលនៃបញ្ហាប្រឈមសកលជាបន្តបន្ទាប់ដែលសមាជិកសភាពិភពលោក បង្កើនក្តីរំពឹងក្នុងការផ្លាស់ប្តូរឆ្ពោះទៅរកការកសាងពិភពលោកមួយដែល មានសុវត្ថិភាពជាងមុន និងប្រសើរជាងមុន។ សហភាពអន្តរសភា (IPU) បានធ្វើអន្តរាគមន៍ក្នុងការព្យាយាមដោះស្រាយបញ្ហាប្រឈមសកល ដែលក្នុងនោះរួមទាំង បញ្ហាសង្រ្គាមនៅអ៊ុយក្រែន តំណាងរបស់ស្រ្តី អំពើហិង្សាលើយែនឌ័រ បញ្ហាបម្រែបម្រួលអាកាសធាតុ ដែលប្រទេសក្រីក្រ និងប្រទេសមិនទាន់មានការអភិវឌ្ឍទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ការកើនឡើងនៃអំពើភេរវនិយម និងការគំរាមកំហែងនៃសង្រ្គាម ការកើនឡើងជាគំហុកនៃទេសន្តរប្រវេសន៍អន្តរជាតិ និងបញ្ហាពាក់ព័ន្ធនានា។
គួរបញ្ជាក់ផងដែរថា IPU គឺជាស្ថាប័នសកលមួយនៃសភាពិភពលោកដែលបង្កើតឡើងដើម្បីសម្រប សម្រួលការទូតសភា និងផ្តល់អំណាចដល់សភា និងសមាជិកសភា ក្នុងការលើកកម្ពស់សន្តិភាព ប្រជា ធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងពិភពលោក៕
http://ព័ត៌មានសភាអន្តរជាតិ ១១-១០-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://african.business/2022/10/apo-newsfeed/speaker-mapisa-nqakula-leads-a-high-level-parliamentary-delegation-to-145th-inter-parliamentary-union-ipu-assembly-in-rwanda/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម