
សភានៃសាធារណរដ្ឋឥណ្ឌូនេស៊ី ក្រោមកិច្ចសហការជាមួយសហភាពអន្តរសភា(IPU) បានរៀបចំនូវវេទិកាសភា និងកិច្ចប្រជុំកំពូលរបស់ប្រធានសភានៃប្រទេសG20 លើកទី៨ (P:20 The Parliamentary Forum and The Eight G20 Parliamentary Speaker’s Summit) នៅថ្ងៃទី៥-៧ ខែតុលា ឆ្នាំ២០២២ ក្នុងរដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូនេស៊ី។ នៅក្នុងកិច្ចប្រជុំខាងលើ ប្រធានសភានៃប្រទេសចូលរួម បានគូសបញ្ជាក់ថា ភាពខ្លាំងរបស់សភាគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ភាពរឹងមាំនៃលទ្ធិប្រជាធិបតេយ្យ ពីព្រោះច្បាប់និងគោលនយោបាយនានា ដែលតាក់តែងដោយសភា គឺគិតគូរដល់ប្រជាពលរដ្ឋជាចម្បង។ ប្រធានសភាខាងលើ បានអំពាវនាវឱ្យរដ្ឋាភិបាលនៃប្រទេសG20 ធ្វើការងារឱ្យបានសកម្មជាងមុនជាមួយសភា និងទទួលស្គាល់ជាផ្លូវការនូវតួនាទីរបស់P20 ដើម្បីធានាថា សំឡេងរបស់ប្រពលរដ្ឋដែលមានសមា ជិកសភាជាតំណាងសំឡេងនេះគឺពិតត្រូវបន្លឺឡើងនៅក្នុងកិច្ចប្រជុំនៃប្រទេសG20។
វេទិកាសភា និងកិច្ចប្រជុំកំពូលរបស់ប្រធានសភានៃប្រទេសG20ឆ្នាំនេះ គឺជាលទ្ធផលនៃកិច្ចប្រជុំកំ ពូលរបស់ប្រធានសភានៃប្រទេសG20ឆ្នាំមុនៗ (ឆ្នាំ២០២១ ក្នុងរដ្ឋធានីរ៉ូមប្រទេសអ៊ីតាលី, ឆ្នាំ២០១៩ ក្នុងប្រទេសជប៉ុន និងឆ្នាំ២០១៨ ក្នុងប្រទេសអាហ្សង់ទីន)។ វត្ថុបំណងនៃវេទិកា និងកិច្ចប្រជុំកំពូលនេះ គឺដើម្បីជួយពង្រឹង(នៅក្នុងក្របខណ្ឌសភា) ដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសG20 ក្នុងការដោះស្រាយការប្រឈមនានាដែលពិភពលោកកំពុងជួបប្រទះ។ ផលវិបាកដ៏ធ្ងន់ធ្ងរនៃសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន វិ- បត្តិថាមពលនិងស្បៀងអាហារ ការធ្លាក់ចុះផ្នែកសេដ្ឋកិច្ចដែលកំពុងលេចជារូបរាងឡើងបន្តិចម្តងៗ គ្រោះអាសន្នផ្នែកអាកាសធាតុ និងគ្រោះថ្នាក់នៃមហន្តរាយដែលបណ្តាលមកពីការប្រើប្រាស់អាវុធនុយក្លែអ៊ែរ ទាំងអស់នេះ គឺសុទ្ធតែត្រូវការឱ្យមានការឆ្លើយតបដែលមានលក្ខណៈសម្របសម្រួលរវាងសភានៃបណ្តាប្រទេសនានាក្នុងពិភពលោក គឺមានន័យថាសភាដើរតួនាទីដ៏សំខាន់មួយក្នុងការជួយដោះស្រាយការប្រ-ឈមខាងលើ។
លោកស្រីPaun Maharani ប្រធានសភាតំណាងរបស់ប្រទេសឥណ្ឌូនេស៊ី បានលើកឡើងថា៖”នៅ ពេលនេះ ប្រវត្តិសាស្រ្តកំពុងតែផ្តល់ឱ្យយើងនូវឱកាស ឱកាសសម្រាប់សភានៃប្រទេសG20 ក្នុងការកសាង នូវសណ្តាប់ធ្នាប់ពិភពលោកដែលល្អប្រសើរជាងមុន។ ការប្តេជ្ញារបស់សភានៃប្រទេសG20គឺ៖ ធ្វើឱ្យសភាខ្លាំងជាងមុន សម្រាប់ការងើបឡើងវិញប្រកបដោយចីរភាព(Stronger Parliamentary for Sustainable Recovery)។ យើងត្រូវតែទទួលយកឱកាសនេះ ដើម្បីកសាងពិភពលោកមួយ ដែលមានមុខមនុស្សមានវប្បធម៌នៃការស្រលាញ់ទង្វើមនុស្សធម៌ ស្រលាញ់សន្តិភាព និងស្រលាញ់បរិស្ថានធម្មជាតិ។”
លោកDuarte Pacheco ប្រធានសហភាពអន្តរសភា(IPU) ក៏បានថ្លែងក្នុងព្រឹត្តិការណ៍ខាងលើផងដែរថា៖ ”បច្ចុប្បន្ននេះយើងកំពុងតែមើលឃើញថា ខ្លួនយើងកំពុងតែស្ថិតនៅកន្លែងមានគ្រោះថ្នាក់ កន្លែង ដែលជីវិតទាំងអស់កំពុងស្ថិតក្រោមការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។ យើងមិនអាចបណ្តោយឱ្យការប្រឈម ធំៗរបស់ពិភពលោក នៅតែបន្តតទៅទៀតដោយមិនបានខិតខំប្រឹងប្រែងដោះស្រាយឡើយ។ ពេលវេលានេះគឺជាពេលវេលានៃការដែលត្រូវធ្វើសកម្មភាព ត្រូវបង្ហាញការទទួលខុសត្រូវ និងបង្ហាញភាពអង់អាចផ្នែកនយោបាយ”។
លោកAntonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងតាមរយៈវីដេអូប្រជុំពីចម្ងាយថា៖ ”យើងកំពុងប្រឈមនឹងបញ្ហាជាច្រើន សុទ្ធតែជាបញ្ហាមានអានុភាពខ្លាំង៖ អតិផរណាដែលកំ- ពុងមានកំណើនខ្លាំងឡើង(soaring inflation) បំណុលវ័ណ្ឌក(crushing debt) វិសមភាពដែលមានវិសាលភាពធំឡើងៗ(widening inequality) ភាពក្រីក្រទៅៗ(deepening poverty) វិបត្តិធ្ងន់ធ្ងរដែលលំបាកគ្រប់គ្រង(raging conflicts) និងភពផែនដីកំពុងកើនកំដៅ(burning planet)។” លោកAntonio បានទទូចឱ្យសមាជិកសភា ”ប្រើប្រាស់នូវអំណាចទាំងអស់ដែលខ្លួនមាន” ដើម្បីកសាងពិភពលោកមួយដែលមានសុខសន្តិភាពជាងមុន ឆាប់ងើបឡើងវិញជាងមុន និងមានចីរភាពជាងមុន។
កិច្ចប្រជុំកំពូលរបស់ប្រធានសភានៃប្រទេសG20ខាងលើ មានការចូលរួមពីគណៈប្រតិភូសភានៃប្រ ទេសG20 រួមមាន សាធារណរដ្ឋប្រជាមានិតចិន, សាធារណរដ្ឋឥណ្ឌា, សាធារណរដ្ឋកូរ៉េ, សាធារណរដ្ឋអា ហ្រ្វិកខាងត្បូង, សាធារណរដ្ឋតួកគី, សហព័ន្ធរុស្ស៊ី, ចក្រភពអង់គ្លេស, និងសហរដ្ឋអាមេរិក។ ភ្ញៀវសង្កេត ការណ៍នៅក្នុងកិច្ចប្រជុំកំពូលខាងលើរួមមានមេដឹកនាំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ព្រះរាជាណាចក្រកម្ពុជា អ៊ុយក្រែន និងអេមីរ៉ាតអារ៉ាប់រួម។
ប្រធានសភានិងសមាជិកសភាដែលមានវត្តមានក្នុងកិច្ចប្រជុំកំពូលខាងលើ ប្តេជ្ញាចិត្តធ្វើឱ្យលទ្ធផល នៃកិច្ចប្រជុំកំពូលនេះ ក្លាយជាចំណាប់អារម្មណ៍របស់ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលនៃប្រទេសរបស់ខ្លួន មុនពេលដែលថ្នាក់ដឹកកំពូលទាំងអស់នោះ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលប្រទេសG20 នៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងប្រទេសឥណ្ឌូនេស៊ីដែរ។ G20 គឺជាវេទិកានៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតនៅក្នុងពិភពលោក។ ទាំង២០ប្រទេសនោះរួមបញ្ចូលគ្នា មានផលិតផលសរុបពិភពលោក (gross world product) ប្រហែល៨០% និងប្រជាជនប្រហែល២ភាគ៣ នៃប្រជាជនទូទាំងពិភពលោក។
គណៈប្រតិភូជាន់ខ្ពស់នៃសភាប្រទេសរុស្ស៊ី និងគណៈប្រតិភូជាន់ខ្ពស់នៃសភាអ៊ុយក្រែន ក៏ត្រូវបាន គេរំពឹងថានឹងចូលរួមក្នុងមហាសន្និបាតសហភាពអន្តរសភាលើកទី១៤៥ ក្នុងរដ្ឋធានីគីហ្កាលី ប្រទេសរវ៉ាន់ ដាផងដែរ៕
http://ព័ត៌មានពីអង្គសភាអន្តរជាតិ ០៨-១០-២២- មាស តូនី ប្រែសម្រួលពី៖ https://www.ipu.org/news/news-in-brief/2022-10/parliamentary-leaders-call-g20-actively-engage-with-parliaments