logo logo
banner1
ប្រធានសភាឥណ្ឌូនេស៊ី ពិភាក្សាការងារពាក់ព័ន្ធនឹងប្រទេសអ៊ុយក្រែន ជាមួយប្រធានសភាជាន់ខ្ពស់សហព័ន្ធរុស្ស៊ី
 

លោកស្រី Valentina Matviyenko ប្រធានសភាជាន់ខ្ពស់រុស្ស៊ី និងលោកស្រី Puan Maharani ប្រធានសភាឥណ្ឌូនេស៊ី

​លោកស្រី Puan Maharani ប្រធានសភាតំណាងនៃសាធារណរដ្ឋឥណ្ឌូនេស៊ីបានមានជំនួបទ្វេភាគីជាមួយសមភាគីលោកស្រី Valentina Matviyenko ប្រធានក្រុមប្រឹក្សា​សហព័ន្ធ(សភាជាន់ខ្ពស់រុស្ស៊ី)។ ក្នុងអំឡុងពេលនៃជំនួបនោះ ភាគីទាំងពីរបានពិភាក្សាគ្នា រួមទាំង បញ្ហាប្រទេសអ៊ុយក្រែន និងរដ្ឋធានីថ្មីនៃប្រទេសឥណ្ឌូនេស៊ី Nusantara។

​ជំនួបរវាងលោកស្រី Maharani និងលោកស្រី Matviyenko ត្រូវបានធ្វើឡើងនៅចន្លោះពេលនៃសកម្មភាពជាបន្តបន្ទាប់ក្នុងវេទិកាសភា និងកិច្ចប្រជុំកំពូលប្រធានសភានៃ​ក្រុមប្រទេស G20 (P20)លើក ទី៨ ដែលធ្វើឡើងនៅក្នុងទីក្រុងហ្សាការតា នាថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០២២។ យោងតាមសេចក្តីថ្លែងការណ៍មួយដែល​ផ្សព្វផ្សាយ​ដោយ​សភាឥណ្ឌូនេស៊ីបានឱ្យដឹងថា លោកស្រីប្រធានសភាទាំងពីររូប បានពិភាក្សាគ្នាពាក់ព័ន្ធនឹងកិច្ចការផ្សេងៗ ក្នុងនោះរួមទាំង  ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ។ លោកស្រី Maharani បានថ្លែងបញ្ជាក់ថា ឥណ្ឌូនេស៊ីទទូចឱ្យបញ្ឈប់សង្រ្គាម និងផ្តល់អាទិភាពលើកិច្ចសន្ទនា និងការទូតវិញ។ ការសន្ទនា និងការទូត គួរតែជាវិធានការដែល​ត្រូវបានប្រើប្រាស់ដើម្បីដោះស្រាយជម្លោះរវាងប្រទេសទាំងពីរ។ ឥណ្ឌូនេស៊ីនៅតែរក្សាជំហររបស់ខ្លួនក្នុងជម្លោះមួយនេះ ឱ្យគោរពដល់គោល ការណ៍គ្រឹះនៅក្នុងធម្មនុញ្ញ​របស់អង្គការសហប្រជាជាតិ ក៏ដូចជា ច្បាប់អន្តរជាតិ។

​លោកស្រី Maharani បានគូសបញ្ជាក់ថា មានប្រទេសជាច្រើននៅទូទាំងពិភពលោក បានរងផល ប៉ះពាល់ពីជម្លោះមួយនេះ ជាពិសេស ពាក់ព័ន្ធនឹងការផ្គត់ផ្គង់ស្បៀងអាហារ និងថាមពល។ ឥណ្ឌូនេស៊ី មានសង្ឃឹមចំពោះគំនិតផ្តួចផ្តើមក្នុងការរក្សាមធ្យោបាយផ្គត់ផ្គង់ស្បៀង ឬគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិនៅ សមុទ្ទខ្មៅ បើកចំហដើម្បីជាប្រយោជន៍​ដល់​មនុស្សជាច្រើន។ លោកស្រីប្រធានសភារូបនេះក៏បានបញ្ចេញមតិព្រួយបារម្ភដូចគ្នានេះ ក្នុងអំឡុងពេលនៃជំនួបទ្វេភាគីផ្សេងៗទៀតជាមួយប្រធានសភាមកពីក្រុម​ប្រទេស G20 រួមទាំង អ៊ុយក្រែនផងដែរ។

ក្នុងអំឡុងពេលនៃជំនួបខាងលើ លោកស្រីប្រធានសភាទាំងពីរក៏បានពិភាក្សាផងដែរពីចំណងទាក់ ទងទ្វេភាគីរវាងឥណ្ឌូនេស៊ី និងរុស្ស៊ីដែលប្រជាជាតិទាំងពីរសោមនស្សនឹង​ចំណងទាក់ទងជាមិត្តភាពជាង ៧ទសវត្សរ៍ចុងក្រោយនេះ។ លោកស្រី Maharani បានថ្លែងបន្ថែមថា សភាឥណ្ឌូនេស៊ី និងរុស្ស៊ីគួរតែដើរ តួនាទីរបស់ខ្លួនក្នុងការទូតសភា ដើម្បី​ឈានទៅសម្រេចបាននូវសន្តិភាព និងសន្តិសុខអន្តរជាតិ៕

http://ព័ត៌មានសភាអន្តរជាតិ ០៧-១០-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://en.antaranews.com/news/253493/house-speaker-discusses-about-ukraine-with-russian-counterpart



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`