លោក Mustafa Şentop ប្រធានសភាតួកគី និងលោក Rais Yatim ប្រធានព្រឹទ្ធសភាម៉ាឡេស៊ី
លោក Mustafa Şentop ប្រធានសភានៃសាធារណរដ្ឋតួកគី រួមជាមួយគណៈប្រតិភូអមដំណើរ បានមានជំនួបដោយផ្ទាល់ជាមួយលោក Azhar Azizan Harun ប្រធានសភាតំណាងម៉ាឡេស៊ី និងលោក Rais Yatim ប្រធានព្រឹទ្ធសភាម៉ាឡេស៊ីនៅក្នុងរាជធានីកូឡាឡាំពួរ។
លោក Şentop បានថ្លែងថា លោកមានក្តីសោមនស្សដែលបានឃើញភាពជឿទុកចិត្តគ្នាមាននៅក្នុងចំណងទាក់ទងទ្វេភាគី និងកំពុងពិចារណាធ្វើឱ្យប្រសើរឡើងនៃចំណងទាក់ទងរវាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងស្ថាប័នតុលាការ ដែលជាផ្នែកមួយនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយដែលបានបង្កើតឡើងរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងចំណងទាក់ទងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ កិច្ចសន្ទនា និងចំណងទាក់ទងមិត្តភាពរវាងសភាទាំងពីរ ក៏គួរតែពង្រឹងផងដែរ។ លោក Şentop បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងដោះដូររូបិយបណ្ណក្នុងស្រុកនឹងផ្តល់ភាពងាយស្រួលដ៏សំខាន់ ក្នុងការបង្កើនទំហំពាណិជ្ជ កម្មរវាងតួកគី និងម៉ាឡេស៊ី ដោយលោកបានរំលឹកថា ការពិភាក្សាលើកិច្ចការនេះបានចាប់ផ្តើមធ្វើឡើង រវាងធនាគារកណ្តាលនៃប្រទេសទាំងពីរកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។
លោក Şentop ក៏បានថ្លែងផងដែរថា ក្រុមហ៊ុនឧស្សាហកម្មការពារជាតិតួកគី មានបំណងបង្កើត កិច្ចសហប្រតិបត្តិការនៅក្នុងប្រទេសម៉ាឡេស៊ីដោយបើកចំហការយល់ដឹង ដើម្បីធ្វើផលិតកម្មរួមគ្នា និង ផ្ទេរបច្ចេកវិទ្យា។ លោក Şentop បានសង្កត់ធ្ងន់ថា “វាអាចទៅរួច ក្នុងការធ្វើកិច្ចសហប្រតិបត្តិការរឹងមាំក្នុងការវិនិយោគរវាងម៉ាឡេស៊ី និងតួកគី ក្នុងផលិតកម្មបន្ទះសៀគ្វី(chip) និងអាចបង្កើតកិច្ចសហប្រតិបត្តិការ លើបច្ចេកវិទ្យាអវកាស និងផ្កាយរណប”។
លោកប្រធានសភាតួកគីរូបនេះបានថ្លែងបញ្ជាក់ថា“តួកគីផ្តោតសារៈសំខាន់លើការអភិវឌ្ឍ នៅក្នុងតំបន់ និងភូមិសាស្រ្តដទៃទៀតដែលមានសាសនិកឥស្លាមរស់នៅ ក៏ដូចជា ចំណងទាក់ទងទ្វេភាគី និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសម៉ាឡេស៊ី ក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ច និងមនុស្សធម៌ ជាពិសេសក្រោយពីរដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា”៕
http://ព័ត៌មានសភាអន្តរជាតិ ០៦-១០-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.hurriyetdailynews.com/parliament-speaker-holds-high-level-talks-in-malaysia-177454
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម