លោក Vladimir Putin និងមេដឹកនាំចំនួន ៤តំបន់ នៃប្រទេសអ៊ុយក្រែន ក្នុងពិធីប្រកាសបញ្ចូលជាឧបសម្ព័ន្ធ
ក្លាយជាទឹកដីរបស់សហព័ន្ធរុស្ស៊ី កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២
ថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២
កាលពីថ្ងៃអង្គារ ទី០៤ ខែតុលា ឆ្នាំ២០២២ ក្រុមប្រឹក្សាសហព័ន្ធ ដែលជាសភាជាន់ខ្ពស់នៃសហព័ន្ធរុស្ស៊ី បានអនុម័តជាឯកច្ឆន្ទលើការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងស្តីពីការដាក់បញ្ចូល តំបន់ចំនួន៤ របស់ប្រទេសអ៊ុយក្រែន ជាទឹកដីរបស់រុស្ស៊ី។
កាលពីថ្ងៃចន្ទដើមសប្តាហ៍ សមាជិកសភាទាំងអស់ នៃសភាឌូម៉ា ដែលជាសភាជាន់ទាបសហព័ន្ធនៃរុស្ស៊ី ក៏បានបោះឆ្នោតគាំទ្រលើកិច្ចព្រមព្រៀងស្តីពីការដាក់បញ្ចូលតំបន់ចំនួន ៤ រួមមាន តំបន់ Donetsk តំបន់ Kherson តំបន់ Luhansk និងតំបន់ Zaporizhzhia ចូលក្នុងប្រទេសរុស្ស៊ីផងដែរ។ បន្ទាប់ពីសភារុស្ស៊ីទាំងពីរថ្នាក់ បានអនុម័តឯកសារនេះរួច លោក Vladimir Vladimirovich Putin ប្រធានាធិបតីសហព័ន្ធរុស្ស៊ីនឹងចុះហត្ថលេខាដើម្បីក្លាយជាច្បាប់។ ការធ្វើវិសោធនកម្មជាចាំបាច់នានាលើរដ្ឋធម្មនុញ្ញរុស្ស៊ី ក៏នឹងត្រូវបានធ្វើឡើងផងដែរ ព្រោះក្នុងរដ្ឋធម្មនុញ្ញរុស្ស៊ីបានចែងពីចំនួនតំបន់ជាក់លាក់របស់ប្រទេសមួយនេះ និងបញ្ហាផ្សេងៗទៀតក្នុងការរៀបចំទឹកដីទាំងនេះ។
កាលពីថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២ លោកប្រធានាធិបតី Putin បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអាជ្ញាធរផ្តាច់ទឹកដី នៃតំបន់ផ្តាច់ខ្លួនចេញពីប្រទេសអ៊ុយក្រែនចំនួន៤ បញ្ចូលជាទឹកដីរបស់ប្រទេសរុស្ស៊ី បន្ទាប់ពីបានធ្វើប្រជាមតិចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។ ប៉ុន្តែការធ្វើប្រជាមតិនេះ បានរងការថ្កោលទោសពីសហគមន៍អន្តរជាតិ ដោយប្រជាជាតិអឺរ៉ុប និងសហរដ្ឋអាម៉េរិក បានហៅថានោះជា “ទង្វើដ៏អាម៉ាស់” និងបានសង្កត់ធ្ងន់ថា ទាំងអឺរ៉ុប និងសហរដ្ឋអាម៉េរិកនឹងមិនទទួលស្គាល់នោះឡើយ។
ជាមួយគ្នានោះផងដែរ ប្រទេសតួកគីបានហៅ ទង្វើរបស់រដ្ឋាភិបាលទីក្រុងមូស្គូថាជា “ការរំលោភ បំពានដ៏ធ្ងន់ធ្ងរទៅនឹងគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ”។ ប្រទេសតួកគីបានថ្លែងបញ្ជាក់ថា “យើងសូមទាត់ចោលការសម្រេចចិត្តរបស់រុស្ស៊ី ក្នុងការភ្ជាប់ជាឧបសម្ព័ន្ធលើតំបន់ចំនួន៤ របស់ប្រទេសអ៊ុយក្រែនធ្វើជារបស់ខ្លួន រួមមាន តំបន់ Donetsk តំបន់ Kherson តំបន់ Luhansk និងតំបន់ Zaporizhzhia”៕
http://ព័ត៌មានសភាអន្តរជាតិ ០៥-១០-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.aa.com.tr/en/russia-ukraine-war/russian-council-of-federation-ratifies-agreements-on-4-ukrainian-regions-joining-russian-territory/2702054
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម