គណៈប្រតិភូសភាជាន់ទាបអាល្លឺម៉ង់ធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់
លោក Klaus-Peter Willsch សមាជិកសភាជាន់ទាបនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (Bundestag) និងជាប្រធានក្រុមមិត្តភាពសភាអាល្លឺម៉ង់-កោះតៃវ៉ាន់ បានថ្លែងថា ការគំរាមកំហែងរបស់សាធារណរដ្ឋប្រជាមានិតចិន មកលើកោះតៃវ៉ាន់ គឺមិនអាចទទួលយកបានឡើយ។ នៅក្នុងពិធីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូសភាជាន់ទាបអាល្លឺម៉ង់របស់លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ក្នុងរដ្ឋធានីតៃប៉ិនោះ លោក Willsch អ្នកនយោបាយអាល្លឺម៉ង់មកពីគណបក្សសហភាពប្រជាធិបតេយ្យគ្រិស្តសាសនិកអាល្លឺម៉ង់រូបនេះ (Christian Democratic Union of Germany, CDU) បានប្រដូចការគំរាមកំហែងរបស់ចិនទៅលើកោះតៃវ៉ាន់នេះ ទៅនឹងសកម្មភាពឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។
ពាក់ព័ន្ធនឹងការតវ៉ាប្រឆាំងពីសំណាក់រដ្ឋាភិបាលទីក្រុងប៉េកាំងទៅនឹងដំណើរទស្សនកិច្ចរយៈពេល ៥ ថ្ងៃ របស់សមាជិកសភាអាល្លឺម៉ង់ ៦ រូប នៅកោះតៃវ៉ាន់នោះ លោក Willsch បានថ្លែងថា យើងបានកត់សម្គាល់ឃើញថា គ្មាននណាម្នាក់ពេញចិត្តនឹងការដែលគណៈប្រតិភូរបស់យើងធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់នាសប្តាហ៍នេះឡើយ។ ប៉ុន្តែ យើងមិនបានខ្វល់ឡើយ។ សភាជាន់ទាបអាល្លឺម៉ង់បានសម្រេចចិត្តដោយខ្លួនឯងលើទំនាក់ទំនងរបស់ខ្លួនជាមួយសភាជាមិត្តនានា។ កិច្ចសហប្រតិបត្តិការជាមួយកោះតៃវ៉ាន់ គឺជាផ្នែកដ៏សំខាន់មួយ។
ថ្នាក់ដឹកនាំរបស់ចិនបានចាត់ទុករដ្ឋកោះប្រជាធិបតេយ្យមួយនេះ (កោះតៃវ៉ាន់) ជាផ្នែកមួយនៃសាធារណរដ្ឋប្រជាមានិតចិន ហើយបានប្រឆាំងយ៉ាងដាច់ខាតនូវរាល់ទំនាក់ទំនងផ្លូវការបែបនេះពីបណ្តាប្រទេសនានា ជាមួយរដ្ឋាភិបាលទីក្រុងតៃប៉ិ។ ម្យ៉ាងវិញទៀត កោះតៃវ៉ាន់ទទួលបានឯករាជ្យជាយូរមកហើយ។ នៅពេលថ្មីៗនេះ កោះតៃវ៉ាន់មានភាពតានតឹងកាន់តែខ្លាំងឡើង។ ក្នុងការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi ប្រធានសភាតំណាងសហរដ្ឋអាមេរិក កាលពីដើមខែសីហា ឆ្នាំ២០២២ នោះ ប្រទេសចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ និងបានបន្តដាក់សម្ពាធផ្នែកយោធា ចាប់តាំងពីគ្រានោះមក៕
http://ព័ត៌មានសភាអន្តរជាតិ ០៤-១០-២២- កែវ ធាវីប្រែសម្រួលពី៖ https://www.indonewyork.com/politics/conflicts-bundestag-delegation-visits-taiwan-h45394.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម