បព្វជិតមួយអង្គ ទម្លាក់សន្លឹកឆ្នោតចូលក្នុងធុងឆ្នោត នៅក្នុងរដ្ឋធានីសូហ្វីយ៉ា នាថ្ងៃអាទិត្យ ទី០២ ខែតុលា ឆ្នាំ២០២២
កាលពីថ្ងៃអាទិត្យ ទី០២ ខែតុលា ឆ្នាំ២០២២ ប្រជាជនប៊ុលហ្គារីបានទៅបោះឆ្នោត នៅក្នុងការបោះឆ្នោតសកលមួយ ដែលជាការបោះឆ្នោតលើកទី៤ ក្នុងរយៈពេលតែ ១៨ខែ ដែលគេមើលឃើញថា ស្ទើរតែ កើតមានសង្រ្គាមម្តងៗ អស្ថិរភាពនយោបាយ និងស្ថានភាពលំបាកផ្នែកសេដ្ឋកិច្ច នៅក្នុងប្រទេសដែលជាសមាជិកសហភាពអឺរ៉ុប ដ៏ក្រីក្របំផុត មួយនេះ។ ស្ថានីយបោះឆ្នោតបានបើកទ្វារនៅម៉ោង ៧៖០០នាទីព្រឹក។ ខណៈដែលលទ្ធផលបឋមនៃការបោះឆ្នោតត្រូវគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃចន្ទនេះ។
ការស្ទង់មតិនៅមុនការបោះឆ្នោតបានរកឃើញថា នឹងមានគណបក្សចំនួន ៨ អាចនឹងឆ្លងផុតកម្រិតអប្បបរមា ៤% ដើម្បីអាចចូលក្នុងសភា ជាទីកន្លែងដែលក្រុមអ្នក ប្រជានិយម និងក្រុមគាំទ្ររុស្ស៊ីអាចបង្កើនតំណាងរបស់ខ្លួន។ បន្ទាប់ពីយុទ្ធនាឃោសនាមិនជាទីពេញចិត្ត គេរំពឹងថា ចំនួនអ្នកចេញទៅបោះឆ្នោត នឹងមានកម្រិតទាប ដោយសារតែភាពព្រងើយកន្តើយរបស់អ្នកបោះឆ្នោត និងការខកចិត្តជាមួយនឹងអ្នកនយោបាយដែលមិនអាចរួមគ្នាបង្កើតរដ្ឋាភិបាលចម្រុះមួយដែលស្ថិតស្ថេរបាន។ ការបោះឆ្នោតមុនកាលកំណត់បានកើតមានឡើង បន្ទាប់ពីក្រុមគណបក្សចម្រុះដ៏ផុយស្រួយដែលដឹកនាំដោយលោក Kiril Petkov នាយករដ្ឋមន្រ្តីប៊ុលហ្គារី ដែលគាំទ្រប្រទេសលោកខាងលិច ត្រូវបានសភាបោះឆ្នោតដកសេចក្តីទុកចិត្តកាលពីខែមិថុនា ឆ្នាំ២០២២។ ក្រោយមកលោក Petkov បានអះអាងថា រដ្ឋាភិបាលទីក្រុងមូស្គូបានប្រើយុទ្ធវិធី “សង្រ្គាមកូនកាត់” ដើម្បីទាញទម្លាក់រដ្ឋាភិបាលរបស់លោក ក្នុងពេលដែលរដ្ឋាភិបាល បដិសេធ ក្នុងការបង់ប្រាក់ថ្លៃទិញឧស្ម័ន(ហ្គាស) ជារូបិយបណ្ណរុស្ស៊ី(ruble) និងបានចេញបញ្ជាឱ្យអ្នកការទូតរុស្ស៊ីជាច្រើនចាកចេញពីប្រទេសប៊ុលហ្គារី។
ការស្ទង់មតិថ្មីៗនេះរបស់ក្រុមហ៊ុន Gallup International បានចាត់ថ្នាក់គណបក្ស GERB របស់ លោកអតីតនាយករដ្ឋមន្រ្តី Boyko Borissov ក្នុងលំដាប់ទី១ ដោយទទួលបាន ២៥.៨% តាមពីក្រោយដោយគូប្រជែងដ៏សំខាន់របស់លោក គឺលោក Kiril Petkov ប្រធានគណបក្សយើងបន្តការផ្លាស់ប្តូរ ទទួលបាន ១៦.៦%។ សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនស្ថិតក្នុងចំណោមរបៀបវារៈសំខាន់ៗ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងការអំពាវនាវរបស់មេដឹកនាំគណបក្សដែលគាំទ្ររុស្ស៊ីលោក Vazrazhdane និងលោក Kostadin Kostadinov ឱ្យ“រក្សាអព្យាក្រឹត្យភាពទាំងស្រុង” របស់ប៊ុលហ្គារីនៅក្នុងសង្រ្គាម និងការអំពាវនាវឱ្យវិលទៅរកការចរចាឡើងវិញពីចំណងទាក់ទងជាមួយសហភាពអឺរ៉ុប។ របៀបវារៈទាំងនេះបានទាក់ទាញសមានចិត្តអ្នកបោះឆ្នោតប៊ុលហ្គារីជាច្រើន៕
http://ព័ត៌មានសភាអន្តរជាតិ ០៣-១០-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.devdiscourse.com/article/politics/2199446-bulgarians-hold-4th-election-in-18-months-amid-turmoil
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម