ប្រទេសជាច្រើនដែលបានទទួលយកជនភៀសខ្លួន ក៏បានរងផលប៉ះពាល់ខ្លាំងដែរពីបម្រែបម្រួល អាកាសធាតុ។ សមាជិកសភាដើរតួនាទីដ៏សំខាន់ ក្នុងការតាក់តែងច្បាប់ និងជំរុញការអនុវត្តនានាដើម្បីកាត់បន្ថយឬលុបបំបាត់ឥទ្ធិពលអាក្រក់នៃបម្រែបម្រួលអាកាសធាតុ ក្នុងការឆ្លើយតបចំពោះការបាត់បង់ ទីលំនៅរបស់ប្រជាពលរដ្ឋ និងក្នុងការធានាផ្តល់ការការពារនិងជំនួយនានា ក្នុងអំឡុងពេលនៃគ្រោះអាសន្ន។ សមាជិកសភា ជាអ្នកតស៊ូមតិឱ្យបង្កើតនូវសន្ធិសញ្ញាអន្តរជាតិ ជាអ្នកពង្រឹងការប្តេជ្ញាចិត្តរបស់ស្ថាប័នពាក់ព័ន្ធ ដើម្បីយកខ្លឹមសារនៃសន្ធិសញ្ញាទាំងនោះមកដាក់ចូលក្នុងច្បាប់ជាតិ ជាអ្នកធានាឱ្យមានថវិកាគ្រប់គ្រាន់ ដើម្បីអនុវត្តការទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ ជាអ្នកបង្កើតច្បាប់និងគោលនយោបាយផ្សេងៗស្តីអំពីគ្រោះមហន្តរាយ និងជាអ្នកជំរុញការសម្រេចឱ្យបាននូវចំណុចទី១៣នៃគោលដៅអភិវឌ្ឍន៍ប្រកប ដោយ ចីរភាព(SDG13)ស្តីពីបម្រែបម្រួលអាកាសធាតុ។ ទិន្នន័យដែលផ្តួចផ្តើមចងក្រងដោយវិទ្យាស្ថានស្រាវជ្រាវ The LSE Grantham Research Institute និងមជ្ឈមណ្ឌលSabin Center នៃមហាវិទ្យាល័យច្បាប់ The Columbia Law School ក្រោមកិច្ចសហការពីសហភាពអន្តរសភា(IPU) បានបង្ហាញថា បច្ចុប្បន្ននេះមានច្បាប់ និងគោលនយោបាយពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុចំនួន២,១២០ ដែលកំពុងស្ថិតនៅជាធរមាន ទូទាំងពិភពលោក។
ភាពនៅជិតដិតជាមួយម្ចាស់ឆ្នោតនៅមូលដ្ឋាន និងការអនុវត្តតួនាទីត្រួតពិនិត្យរបស់សមាជិកសភា បានជួយឱ្យមានការធានាថាជនភៀសខ្លួន និងអ្នកបាត់បង់ទីលំនៅពិតជាបានទទួលនូវជំនួយគាំទ្រពីរដ្ឋាភិបាល ដែលទាំងអស់នេះត្រូវកត់សំគាល់នៅក្នុងកិច្ចប្រជុំបែបនិម្មិត ស្តីពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ លើការបាត់បង់ទីលំនៅ និងសន្តិសុខមនុស្ស(The impact of climate change on displace ment and human security ) ដែលរៀបចំឡើងសម្រាប់សមាជិកសភាកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់លោកស្រីRomina Khurshid Alam សមាជិកសភាសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន លោកស្រីCatherine Chabaud សមាជិកភាអឺរ៉ុប លោកស្រីAmira Saberសមាជិកសភាសាធារណរដ្ឋអារ៉ាប់អេហ្ស៉ីប លោកIssa Mardo Djabirសមាជិកសភាសាធារណរដ្ឋឆាត លោកAdrew Harper ទីប្រឹក្សាពិសេសផ្នែកសកម្មភាពអាកាសធាតុរបស់អង្គការUNHCR។ កិច្ចប្រជុំត្រូវបានបើកក្រោមអធិបតីភាពរបស់លោកMartin Chungong អគ្គលេខាធិការសហភាពអន្តរសភា និងលោកស្រី Gillian Trig gs ឧត្តមស្នងការរងរបស់អង្គការUNCHR និងសម្របសម្រួលដោយលោកស្រីSafak Pavey ទីប្រឹក្សាពិរបស់អង្គការUNHCR។