រូបភាពសភានៃប្រទេសជប៉ុន
ក្រុមសមាជិកសភាបានថ្លែងថា សភានៃប្រទេសជប៉ុននឹងកោះបើកសម័យប្រជុំវិសាមញ្ញ នៅថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២ ដោយក្រុមគណបក្សប្រឆាំងនឹងធ្វើការឈ្លេចសួរដេញដោលលោក Fumio Kishida នាយករដ្ឋមន្រ្តីជប៉ុនពាក់ព័ន្ធនឹងទំនាក់ទំនងគណបក្សរបស់លោកជាមួយនឹងក្រុមសាសនាដ៏ចម្រូងចម្រាសមួយ។
ក្រុមសមាជិកសភាមកពីគណបក្សកាន់អំណាច គឺគណបក្សប្រជាធិបតេយ្យសេរីនិយម និងដៃគូចម្រុះរងរបស់ខ្លួន គឺគណបក្ស Komeito បានថ្លែងថា សម័យសភាវិសាមញ្ញនឹងបន្តសម្រាប់រយៈពេល ៦៩ថ្ងៃ រហូតដល់ថ្ងៃទី១០ ខែធ្នូ។ ខណៈដែលការគាំទ្រគណៈរដ្ឋមន្រ្តីរបស់លោក Kishida មាននិន្នាធ្លាក់ចុះ។ ក្រុមគណបក្សប្រឆាំងបានស្នើឱ្យលោក Kishida ពន្យល់ពីចំណងទាក់ទងរវាងគណបក្សរបស់លោកនឹង ព្រះវិហារបង្រួបបង្រួម ឬ Unification Church ក៏ដូចជា ពិធីបុណ្យផ្លូវរដ្ឋសម្រាប់លោកអតីតនាយករដ្ឋមន្រ្តី Abe Shinzo ដែលត្រូវបាញ់សម្លាប់ ក្នុងអំឡុងពេលថ្លែងសុន្ទរកថាក្នុងយុទ្ធនាការឃោសនាបោះឆ្នោត កាលពីខែកក្កដា ឆ្នាំ២០២២ កន្លងមកនេះ។
ពិធីបុណ្យសពផ្លូវរដ្ឋរបស់លោក Abe បានធ្វើឡើងកាលពីថ្ងៃអង្គារ ដើមសប្តាហ៍ ទទួលបានការរិះគន់ ថាខ្វះមូលដ្ឋានច្បាប់ និងការចំណាយច្រើន។ រាជរដ្ឋាភិបាលបានវិភាជន៍ថវិកាជាង ១.៦ពាន់លានយ៉េន(១១ លានដុល្លារ) ដែលជាប្រាក់របស់អ្នកបង់ពន្ធសម្រាប់ពិធីមួយនេះ ដែលនេះគឺជាពិធីបុណ្យផ្លូវរដ្ឋដំបូងបំផុតសម្រាប់អតីតនាយករដ្ឋមន្រ្តី ក្នុងរយៈពេល ៥៥ឆ្នាំកន្លងមកនេះ។ ពាក់ព័ន្ធនឹង Unification Church ដែល បង្កើតឡើងដោយក្រុមអ្នកប្រឆាំងនឹងជនកុម្មុយនិស្ត នៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ១៩៥៤នោះ កំពុង តែមានការកើនឡើងនៃក្តីបារម្ភអំពីទំនាក់ទំនងដ៏ចម្រូងចម្រាសរបស់អង្គការសាសនាមួយនេះ ជាមួយនឹង សមាជិកសភានៃគណបក្សកាន់អំណាច គឺគណបក្សប្រជាធិបតេយ្យសេរីនិយមរបស់លោក Kishida។
លោកនាយករដ្ឋមន្រ្តី Kishida ទំនងជានឹងឡើងថ្លែងសុន្ទរកថាស្តីពីគោលនយោបាយនៅថ្ងៃបើក សម័យប្រជុំសភាវិសាមញ្ញ បន្ទាប់មកនឹងមានការចោទសួរដេញដោលលើគណៈរដ្ឋមន្រ្តីរបស់លោក ពីមេដឹកនាំគណបក្សនានា និងសម័យប្រជុំរបស់គណៈកម្មាធិការថវិកា នៅក្នុងសភាទាំងពីថ្នាក់។ រាជរដ្ឋាភិបាល ជប៉ុនកំពុងតែពិចារណាបញ្ជូនទឹកប្រាក់ប្រមាណ ២០ពាន់លាន ទៅកាន់សភា នៅក្នុងសម័យប្រជុំ រួមទាំង សេចក្តីព្រាងច្បាប់ថវិកាបន្ថែមជាលើកទី២ សម្រាប់ឆ្នាំសារពើពន្ធ រហូតដល់ខែមីនា ឆ្នាំ២០២៣ ដើម្បីដោះស្រាយការឡើងថ្លៃទំនិញ និងថាមពល៕
http://ព័ត៌មានសភាអន្តរជាតិ ២៩-០៩-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://mainichi.jp/english/articles/20220928/p2g/00m/0na/046000c
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម