អាណត្តិរបស់លោក Michel Aoun ប្រធានាធិបតីលីបង់នឹងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២
សភាដែលបែកបាក់ធ្ងន់ធ្ងរនៃសាធារណរដ្ឋលីបង់នឹងបើកកិច្ចប្រជុំជាលើកដំបូងរបស់ខ្លួន នៅថ្ងៃ ព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីសម្រេចចិត្តលើការជ្រើសតាំងប្រធានាធិបតីថ្មី។ ប៉ុន្តែយ៉ាងណាក៏ដោយ ទំនងជាមិនមានបេក្ខជនរូបណាទទួលបានជោគជ័យនោះឡើយនៅក្នុងសប្តាហ៍នេះ ក្នុងពេលដែលមិនទាន់មានឥស្សរជនណាម្នាក់ ទទួលបានការគាំទ្រនាំមុខគេនៅឡើយ។
លោក Nabih Berri ប្រធានសភាលីបង់បានស្នើបើកកិច្ចប្រជុំនៅម៉ោង ១១៖០០នាទីព្រឹក។ កិច្ចប្រជុំនេះនឹងធ្វើឡើងប្រមាណ ១ខែ មុនពេលអាណត្តិរបស់លោក Michel Aoun ប្រធានាធិបតីក្នុងតំណែងបច្ចុប្បន្នត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ ការបោះឆ្នោតអ្នកបន្តវេនពីលោក Aoun តម្រូវឱ្យ មានសំឡេងភាគច្រើន ២ភាគ៣ នៅក្នុងការបោះឆ្នោតដំបូង ឬសំឡេងភាគច្រើនដាច់ខាតបន្ទាប់ពីនោះ នៅក្នុងសភាលីបង់ដែលមាន ១២៨អាសនៈ។ បន្ទាប់ពីការបោះឆ្នោតសភាកាលពីដើមឆ្នាំ២០២២នេះ មិនមានក្រុមគណបក្សនយោបាយណាមួយទទួលបានសំឡេងភាគច្រើនដាច់ខាតនោះឡើយ។ ប្រធានា ធិបតីលីបង់នីតិកាលមុនៗស្ទើរតែទាំងអស់ ចាប់តាំងពីទទួលឯករាជ្យពីប្រទេសបារាំងក្នុងឆ្នាំ១៩៤៣មក បានជាប់ឆ្នោត បន្ទាប់ពីមានកិច្ចព្រមព្រៀង ឬការអន្តរាគមន៍ពីមហាអំណាចតំបន់ ឬពិភពលោក និងពីគណបក្សជាគូប្រជែង។
ប្រសិនបើប្រធានាធិបតីថ្មី មិនត្រូវបានជ្រើសតាំង នៅមុនពេលអាណត្តិរបស់លោក Aoun ត្រូវចប់ នោះរដ្ឋាភិបាលនឹងចូលកាន់អំណាចរបស់ប្រធានាធិបតី។ ប៉ុន្តែរដ្ឋាភិបាលបច្ចុប្បន្នគឺជារដ្ឋាភិបាលចាំផ្ទះ ព្រោះនៅមិនទាន់មានការព្រមព្រៀងគ្នាពាក់ព័ន្ធនឹងការបង្កើតគណៈរដ្ឋមន្រ្តីថ្មី ដូច្នឹងវាគឺជាលើកទី១ ហើយ ប្រសិនបើរដ្ឋាភិបាលចាំផ្ទះអាចចូលកាន់អំណាចប្រធានាធិបតីពិតមែន គិតចាប់តាំងពីចប់សង្រ្គាមស៊ីវិលជាង ៣ទសវត្សរ៍កន្លងមកនេះ។
គួរបញ្ជាក់ផងដែរថា ប្រទេសលីបង់ហ៊ុមព័ទ្ធទៅដោយវិបត្តិសេដ្ឋកិច្ចដែលកើតមានឡើងក្នុងឆ្នាំ២០១៩ និងត្រូវបានគេពណ៌នាថា ជាវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តនៃយុគសម័យ ទំនើប។ ចំនួនប្រជាជនលីបង់ភាគច្រើនបានធ្លាក់ក្នុងបន្ទាត់ភាពក្រីក្រ ហើយរូបិយបណ្ណក្នុងស្រុកបាន ធ្លាក់ថ្លៃរហូតដល់ទៅជាង ៩៥%។ មានកង្វះខាតជាទូទៅនៃ នំប៉័ង ទឹក អគ្គិសនី ថ្នាំសង្កូវ និងទំនិញប្រើប្រាស់ប្រចាំថ្ងៃដទៃៗទៀត៕
http://ព័ត៌មានសភាអន្តរជាតិ ២៨-០៩-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.thenationalnews.com/mena/lebanon/2022/09/27/lebanons-divided-parliament-starts-process-to-pick-next-president/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម