លោក Nabih Berri ប្រធានសភានៃសាធារណរដ្ឋលីបង់
នៅក្នុងកិច្ចប្រជុំសភានៃសាធារណរដ្ឋលីបង់ កាលពីថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០២២ បានអនុម័ត សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២២។ ការអនុម័តនេះ ធ្វើឡើងតែ ៣ខែ មុនពេលដាច់ឆ្នាំ២០២២។ សេចក្តីព្រាងច្បាប់មួយនេះ រួមបញ្ចូល អត្រាប្តូរប្រាក់ដែលនៅពេលនេះបានធ្លាក់ចុះ ២ដង ទាបជាងតម្លៃ ជាក់ស្តែងនៅក្នុងប្រទេសមួយនេះ។
សមាជិកសភាចំនួន ៦៣រូប នៃ១២៨រូប បានបោះឆ្នោតគាំទ្រថវិកាជាតិឆ្នាំ២០២២ និង ៣៧រូប បោះឆ្នោតអនុបវាទ។ ការអនុម័តថវិកាខាងលើ បើទោះបីជាយឺតយ៉ាវខ្លាំងបែបនេះក៏ដោយប៉ុន្តែវាជាតម្រូវការចាំបាច់ ដើម្បីបញ្ចៀសរលកនៃការរិះគន់ជាថ្មីពីមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ដែលបានរិះគន់ អាជ្ញាធរលីបង់ចំពោះការអនុវត្តកំណែទម្រង់ដ៏យឺតយ៉ាវរបស់ខ្លួន។ សេចក្តីព្រាងច្បាប់ថវិកាខាងលើបាន ប្រមើមើលពីការបង្កើនប្រាក់បៀវត្សរ៍មន្រ្តីរាជការស៊ីវិល ពី ៥លាន ទៅ ១២លាន liras (ប្រមាណពី១៣៥ ទៅ ៣២៥ដុល្លារស.រ.អា នៅក្នុងអត្រាប្តូរប្រាក់ក្នុងទីផ្សារងងឹត)។ ថវិកាចំណាយ គ្រោង ៤១លានលាន liras និងប្រាក់ចំណូលប្រមាណ ២៩.៩លានលាន liras។
កិច្ចប្រជុំសភាខាងលើ ត្រូវបានក្រុមបាតុករលីបង់រាប់ពាន់នាក់ប៉ុនប៉ងចូលលុកលុយក្នុងអាគារសភា ប៉ុន្តែត្រូវបានកងទ័ព និងនគរបាលជាតិរារាំងពួកគេ។ ក្រុមបាតុករបានបញ្ជូនប្រតិភូចរចាជាមួយសមាជិកសភា និងលោក Maurice Salim ដែលជារដ្ឋមន្រ្តីក្រសួងការពារជាតិនៃរដ្ឋាភិបាលបណ្តោះអាសន្នលីបង់ ដែលនៅទីបំផុតលោករដ្ឋមន្រ្តីរូបនេះបានប្តេជ្ញាថានឹងបង្កើនប្រាក់បៀវត្សរ៍ ១ទ្វេជាបី ជូនបុគ្គលិកយោធា និងយោធិនចូលនិវត្តន៍។ មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) និងរដ្ឋាភិបាលលីបង់ សម្រេចបានកិច្ចព្រមព្រៀងមួយកាលពីខែមេសា ឆ្នាំ២០២២ ដែលប្រទេសមួយនេះនឹងទទួលបានថវិកាប្រមាណជា ៣ពាន់លានដុល្លារ ក្នុងរយៈពេល ៤ឆ្នាំ។
គួរបញ្ជាក់ផងដែរថា ប្រទេសលីបង់បានស្ថិតក្នុងវិបត្តិហិរញ្ញវត្ថុ និងសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរជាង ២ឆ្នាំកន្លងមកនេះ ជាមួយនឹងភាពតានតឹងនយោបាយ និងសង្គម។ នៅចំពេលនៃវិបត្តិនេះ ប្រព័ន្ធធនាគារស្ទើរតែ លែងដំណើរការទាំងស្រុង រូបិយបណ្ណជាតិបានធ្លាក់ថ្លៃជាង ២០ដង បើប្រៀបធៀបនឹងប្រាក់ដុល្លារបណ្តាលឱ្យជាង ៧០% នៃចំនួនប្រជាជនលីបង់បានធ្លាក់ចុះក្រោមបន្ទាត់នៃភាពក្រីក្រ៕
http://ព័ត៌មានសភាអន្តរជាតិ ២៧-០៩-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/business/update-lebanese-parliament-adopts-budget-fo-1569001.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម