
ប្រជានុវឌ្ឍន៍(Democratization)នៅទូទាំងពិភពលោក កំពុងជួបស្ថានភាពលំបាក។ ខាងក្រោមនេះគឺជាកត្តាធំៗចំនួន៥ ដែលកំពុងគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ និងវិធីសាស្រ្តនានា ដែលសភានិងរដ្ឋាភិបាលប្រទេសមួយចំនួន បាននិងកំពុងអនុវត្តដើម្បីបន្សាប ឬលុបបំបាត់ឥទ្ធិពលនៃការគំរាមកំហែង ទាំងនោះ ។
លទ្ធិប្រជាធិបតេយ្យគឺជាប្រព័ន្ធដ៏មានតម្លៃ ប៉ុន្តែក៏ជាប្រព័ន្ធដែលងាយនឹងខូចខាតដែរ។ ២៥ឆ្នាំ បន្ទាប់ពីសហភាពអន្តរសភា(IPU) បានដាក់ចេញនូវសេចក្តីប្រកាសសកលអំពីលទ្ធិប្រជាធិបតេយ្យ(The IPU’s Universal Declaration on Democracy)មក គោលការណ៍នៅក្នុងសេចក្តីប្រកាសនេះ តែងជួបជាបន្តបន្ទាប់នូវការប្រឈមជាច្រើន ហើយគោលការណ៍ខ្លះទៀតត្រូវសាបរលាបដោយសារតែអំពើពុករលួយ ប្រជានិយម និងអត្តាធិបតេយ្យ។ ក្រៅពីកត្តាទាំងបីខាងលើ នៅមានកត្តាជាច្រើនទៀត ដែលកំពុងលេចចេញច្បាស់ឡើងៗ ថាគឺជាកត្តាដែលកំពុងគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យរបស់ពិភពលោក បច្ចុប្ប-ន្ន។ សហភាពអន្តរសភា បានកត់សម្គាល់ឃើញកត្តាគំរាមកំហែងចំនួន៥ទៀត ដែលកំពុងគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ និងមើលឃើញនូវឧទាហរណ៍មួយចំនួន ដែលសហគមន៍សភាពិភពលោកបាននិងកំពុងអនុវត្តដើម្បីបន្សាបនូវឥទ្ធិពលនៃការគំរាមកំហែងទាំង៥នេះ។ កត្តាគំរាមកំហែងទាំង៥នោះ រួមមាន៖
១.ការមិនចូលរួម(Disengagement)៖ ការគំរាមកំហែងធំទីមួយចំពោះប្រជាធិបតេយ្យ គឺកង្វះខាតនៃការចូលរួមក្នុងការសម្រេចចិត្តផ្នែកនយោបាយ។ លទ្ធិប្រជាធិបតេយ្យនឹងចុះអន់ថយ នៅពេលដែលប្រជាពលរដ្ឋមិនអាចចូលរួមក្នុងដំណើរការនៃអភិបាលកិច្ច ដែលជាលទ្ធផល ប្រជាពលរដ្ឋនឹងមានអារម្មណ៍ថា ថ្នាក់ដឹកឬគោលនយោបាយរបស់ប្រទេស មិនមែនជាថ្នាក់ដឹកនាំដែលតំណាងឱ្យពួកគេ មិនមែនជាគោលនយោបាយដែលជាបំណងប្រាថ្នារបស់ពួកគេ។ ចៃដន្យល្អ សហភាពអន្តរសភាIPUធ្លាប់បានចេញផ្សាយនូវរបាយការណ៍សភាពិភពលោក(The IPU Global Parliament) ដែលឯកសារនេះ បានកំណត់សម្គាល់នូវវិធីសាស្រ្តចំនួន៥ ដើម្បីជំរុញការចូលរួមក្នុងលទ្ធិប្រជាធិបតេយ្យ គឺ៖ ព័ត៌មាន ការអប់រំ ទំនាក់ទំនង ការប្រឹក្សាយោបល់ និងការចូលរួម។
ជាឧទាហរណ៍ ចាប់តាំងពីឆ្នាំ២០០៩មក សភានៃសាធារណរដ្ឋហ្សាំប៊ី (Zambia) បានបង្កើតនូវកម្មវិធីសំណួរ-ចម្លើយតាមរយៈកម្មវិធីវិទ្យុជាច្រើន ដើម្បីបង្កើនមធ្យោបាយទំនាក់ទំនងប្រកបដោយផ្លែផ្កាខ្ពស់ជាមួយប្រជាពលរដ្ឋនៅក្នុងសហគមន៍។ ឧទាហរណ៍មួយទៀត គឺប្រទេសដាណឺម៉ាក។ សមាជិកសភាព្រះរាជាណាចក្រដាណឺម៉ាក ជាប្រចាំ បានចូលរួមក្នុងកម្មវិធីប្រចាំឆ្នាំដែលរៀបចំឡើងរយៈពេល៣សប្តាហ៍ដើម្បីបង្រៀនសិស្សវិទ្យាល័យអំពីលទ្ធិប្រជាធិបតេយ្យ និងកម្មវិធីនេះត្រូវបានបញ្ចប់ដោយការបោះឆ្នោតមួយ ដែលផ្សព្វផ្សាយលើទូរទស្សន៍ជាតិ។
២.បច្ចេកវិទ្យា៖ នៅពេលបច្ចេកវិទ្យាត្រូវបានប្រើប្រាស់ដើម្បីផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ និងបង្កើត អរិភាព នោះវានឹងបង្កផលប៉ះពាល់មិនល្អដល់ក្រុមដែលមាននិន្នាការខុសទាំងក្នុង និងក្រៅគណបក្សនយោបាយ។ ក្នុងចំណោមសមាជិកសភា ដែលចូលរួមក្នុងការស្ទង់មតិមួយរបស់សហភាពអន្តរសភាក្នុងឆ្នាំ២០២០ ជាង១ភាគ៤នៃសមាជិកទាំងអស់នោះ បានឆ្លើយថាការបង្កើតព័ត៌មានក្លែងបន្លំ និងការកេងចំ ណេញពីទស្សនៈសាធារណជន គឺជាឧបសគ្គដ៏ចម្បងមួយរារាំងដល់ប្រសិទ្ធភាពនៃការធ្វើទំនាក់ទំនងនិងជាការទាញទម្លាក់លទ្ធិប្រជាធិបតេយ្យឱ្យធ្លាក់ទឹក ។
ទោះបីជាយ៉ាងនេះក្តី សភាជាច្រើនបានប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្កើតសកម្មភាពវិជ្ជមាន ជាពិ សេសនៅក្នុងស្ថានភាពលំបាកៗ។ ជាឧទាហរណ៍ ក្នុងពេលដែលស្ថានភាពដែលជំងឺកូវីដ-១៩ កំពុងឆ្លងរាល ដាលខ្លាំង សភានៃសាធារណរដ្ឋឡេតូនី បានបង្កើតនូវការទម្រង់នៃការប្រជុំតាមប្រព័ន្ធនិម្មិត ដែលអនុញ្ញាតឱ្យសមាជិកទាំង១០០រូបរបស់ខ្លួនអាចប្រជុំពីចម្ងាយប្រកបដោយសុវត្ថិភាពខ្ពស់ផ្នែកព័ត៌មានវិទ្យា។
៣.កង្វះខាតយុវជននៅក្នុងវិស័យនយោបាយ៖ ក្នុងចំណោមប្រជាពលរដ្ឋទាំងអស់នៅក្នុងពិភពលោក គឺមាន៥០% មានវ័យក្រោម៣០ឆ្នាំ។ ប៉ុន្តែក្នុងចំណោមសមាជិកសភាទាំងអស់នៅក្នុងពិភពលោក គឺមានតែ២.៦%ប៉ុណ្ណោះ ដែលជាយុវជន។ តួលេខនេះបង្ហាញ អំពីគម្លាតដ៏មហាសាលមួយ រវាងចំនួនយុវជន និងតំណាងយុវជនក្នុងនយោបាយ ហើយនេះគឺជាបញ្ហាដ៏ធំមួយ ដែលរារាំងដល់ការរីកចម្រើននៃប្រជានុវឌ្ឍន៍ដែរ៖ អ្នកដឹកនាំនាពេលអនាគត ត្រូវតែប្រសូតចេញពីយុវជនកំពុងចូលរួមក្នុងដំណើរការអភិបាល កិច្ចបច្ចុប្បន្ន។
ការបន្ថយលក្ខខណ្ឌអាយុដើម្បីឱ្យយុវជនអាចចូលកាន់តំណែងសំខាន់ៗផ្នែកនយោបាយ គឺជាវិធីសាស្រ្តប្រយោលមួយ ដើម្បីបង្កើនចំនួនយុវជនចូលរួមក្នុងនយោបាយ។ ឧទាហរណ៍ ក្នុងឆ្នាំ២០១៧ សា ធារណរដ្ឋតួកគី បានអនុញ្ញាតឱ្យយុវជនមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ អាចឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភា។ វិធីសាស្រ្តមួយទៀតដែលអាចជួយបង្កើនចំនួនវត្តមានរបស់យុវជន ក្នុងវិ-ស័យនយោបាយដែរនោះ គឺការបម្រុងទុកអាសនៈមួយចំនួនក្នុងសភា ទុកសម្រាប់តែយុវជន។ វិធីសាស្រ្តមួយនេះត្រូវបានអនុវត្តក្នុងសាធារណរដ្ឋកេនយ៉ា ព្រះរាជាណាចក្រម៉ារ៉ុក សាធារណរដ្ឋរវ៉ាន់ដា និងសាធារណរដ្ឋអ៊ូហ្គង់ដា។ យន្តការនេះ គឺជាផ្នែកដ៏សំខាន់មួយនៃដំណើរការបោះឆ្នោត និងត្រូវបានកំណត់ក្នុងរដ្ឋធម្មនុញ្ញនៃបណ្តាប្រទេសខាងលើ។
៤.អតុល្យភាពយែនឌ័រ៖ បើគិតជាតួលេខ គឺច្រើននៃសមាជិកសភានៅទូទាំងពិភពលោក គឺជា បុរស។ អស់ជារយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលសហភាពអន្តរសភា បានតាមដានកត់ត្រាយ៉ាងយកចិត្តអំពីវឌ្ឍនភាពនៃចំនួនសមាជិកាសភា។ ចំនួនសមាជិកាសភា ដែលបានកត់ត្រានាពេលថ្មីៗនេះ គឺមានចំនួន២៦.៤%នៅទូទាំងពិភពលោក។ តាំងពីដើមរៀងមក សហភាពអន្តរសភាបានកត់សំគាល់ឃើញថា ចំនួនសមាជិកាសភានៅទូទាំងពិភពលោក បានកើនឡើងជារៀងរាល់ឆ្នាំ។ ប៉ុន្តែរបាយការណ៍ចុងក្រោយបំផុតរបស់សហភាពអន្តរសភាស្តីពីចំនួនសមាជិកសភា បានបង្ហាញថា ចំនួនសមាជិកាសភាទូទាំងពិភពលោកបានចាប់ផ្តើមឈប់កើនឡើង។ មានកិច្ចការច្រើនណាស់ដែលត្រូវធ្វើ ដើម្បីធានាថាសមភាពយែនឌ័រនឹងកើនឡើង នៅក្នុងសភាទូទាំងពិភពលោក។
ការកំណត់កូតាអាសនៈសម្រាប់ស្រ្តីនៅក្នុងសភា គឺជាកត្តាជំរុញសម្រាប់ការលើកកម្ពស់ភាពជាតំ ណាងរបស់ស្រ្តីនៅក្នុងសភា។ ករណីមួយនេះ ត្រូវបានគេមើលឃើញថាកំពុងត្រូវបានអនុវត្តនៅក្នុងសភានៃប្រទេសម៉ិកស៊ិក។ សភានៃប្រទេសម៉ិចស៊ិក បានអនុវត្តការកំណត់កូតាសម្រាប់សមាជិកាសភាមកពីគណបក្សនយោបាយនីមួយៗក្នុង២០០៣។ ដំបូងឡើយ មានការកំណត់កូតាឱ្យមានស្រ្តី៣០% ឈរ ឈ្មោះធ្វើជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភា ប៉ុណ្ណោះក្នុងឆ្នាំ២០០៩ ចំនួនកូតានេះត្រូវបានបង្កើនដល់៤០%។ ក្នុងឆ្នាំ២០១៤ ប្រទេសម៉ិចស៊ិកបានចាប់ផ្តើមអនុវត្តគោលនយោបាយ និង ច្បាប់ជាច្រើន ដែលផ្តោតមិនត្រឹមតែលើការកំណត់នូវចំនួនអតិបរមានៃសមាជិកាសភាប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងផ្តោតលើការបង្កើនសកម្មភាពឱ្យបានច្រើនសម្រាប់សមាជិកាទៀតផង។ បច្ចុប្បន្ននេះ សភាប្រទេស ម៉ិចស៊ិកបានសម្រេចនូវសមភាពយែនឌ័រយ៉ាងល្អប្រសើរបំផុត ពីព្រោះក្នុងចំណោមសមាជិកាសភាទាំងអស់ គឺមាន៥០%ជាស្រ្តី។
៥.វិបត្តិអាកាសធាតុ៖ បម្រែបម្រួលអាកាសធាតុ គឺជាការគំរាមកំហែងដ៏ធំមួយចំពោះសេចក្តីសុខសាន្តរបស់មនុស្ស។ ការប្រែប្រួលអាកាសធាតុ មានឥទ្ធិពលអាក្រក់ និងបង្កគ្រោះមហន្តរាយធ្ងន់ធ្ងរដល់ ទិដ្ឋភាពរស់នៅប្រចាំថ្ងៃរបស់យើង។ ឥទ្ធិពលរបស់វាបានធ្វើឱ្យវិសមភាព កាន់តែមានស្ថានភាពអាក្រក់ជាងមុន បង្កើនភាពក្រីក្រនិងកង្វះខាតស្បៀងធ្វើឱ្យមនុស្សច្រើនឡើងៗត្រូវបង្ខំចិត្តផ្លាស់ប្តូរទីលំនៅ…។ ការឆ្លើយតបចំពោះវិបត្តិអាកាសធាតុ ទាមទារនូវការដំណើរការបែបលទ្ធិប្រជាធិបតេយ្យ ខ្លាំងជាងមុន។មានឧទាហរណ៍ជាច្រើន ដែលសភានៃប្រទេសជាច្រើនកំពុងមានអនុវត្តយ៉ាងជោគជ័យ នៅពេល ដែលសភាទាំងអស់នោះ ធ្វើការងារផ្នែកនីតិកម្មពាក់ព័ន្ធនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ជាពិសេសការងារនីតិកម្មពាក់ព័ន្ធនឹងវិស័យថាមពល ដឹកជញ្ជូន ការប្រើប្រាស់ដីធ្លី និងការស្តារឡើងវិញផលប៉ះពាល់នៃ វិបត្តិអាកាសធាតុ។
យោងតាមមូលទិន្នន័យរបស់គេហទំព័រClimate Change Laws of the World (https://climate-laws.org/) បច្ចុប្បន្ននេះ មានច្បាប់ និងគោលនយោបាយចំនួន២៨០៧ ដែលពាក់ព័ន្ធនឹងអាកាសធាតុ ហើយចំនួននេះកំពុងបន្តកើនឡើងទៀត។ ទិន្នន័យខាងលើនេះ គឺជាការប្រមូលចងក្រងអស់រយៈពេលជាង១ទសវត្សរ៍របស់វិទ្យាស្ថានស្រាវជ្រាវ The Grantham Research Institute របស់មហាវិទ្យាល័យThe London School of Economics និងមជ្ឈមមណ្ឌល The Sabin Center របស់មហាវិទ្យាល័យThe Columbia School ក្រោមកិច្ចសហប្រតិបត្តិការជាមួយសហភាព អន្តរសភា។
ជាការពិត មានកត្តាជាច្រើនដែលបង្កការគំរាមកំហែងដល់វឌ្ឍនភាពនៃលទ្ធិប្រជាធិបតេយ្យ ក៏ប៉ុន្តែ ក៏មានវិធីសាស្រ្តជាច្រើនដែរដែលសភានានាបាន និងកំពុងប្រើប្រាស់ដើម្បីទប់ស្កាត់នូវការគំរាមកំហែងទាំង នោះ។ ការជំរុញការចូលរួម ការបង្កើនល្បឿនឌីជីតាល់វូបនីយកម្ម ការពង្រឹងការចូលរួមរបស់យុវជនក្នុងសកម្មភាពនយោបាយ ការប្រឹងប្រែសម្រេចឱ្យបាននូវសមភាពយែនឌ័រ និងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ទាំងអស់នេះគឺជាគោលដៅដ៏សំខាន់ដើម្បីទប់ស្កាត់នូវការគំរាមកំហែងធំៗ ចំពោះលទ្ធិប្រជាធិបតេយ្យ។
សហភាពអន្តរសភា ជាគឺអង្គការសភាដែលមានធនធានសម្បូរបែបដើម្បីជួយដល់សមាជិកសភា ក្នុងការខិតខំប្រឹងប្រែងរបស់គេ ដើម្បីលើកទឹកចិត្តលទ្ធិប្រជាធិបតេយ្យ ក្នុងបរិបទនៃប្រទេសនីមួយៗ។ សកម្មភាពសភាបច្ចុប្បន្ន ក៏អាចជួយផងដែរក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យជុំវិញពិភពលោក និងបញ្ចៀសផលប៉ះពាល់អវិជ្ជមានដែលអាចនឹងកើតមានឡើងនាពេលអនាគត៕
http://ព័ត៌មានពីអង្គសភាអន្តរជាតិ ២២-០៩-២២- មាស តូនី ប្រែសម្រួលពី៖ https://www.ipu.org/news/news-in-brief/2022-09/how-mitigate-these-five-threats-democracy