លោក Naama Mayara ប្រធានសភាប្រឹក្សាយោបល់នៃព្រះរាជាណាចក្រម៉ារ៉ុក
សភាប្រឹក្សាយោបល់(សភាជាន់ខ្ពស់) នៃព្រះរាជាណាចក្រម៉ារ៉ុក និងព្រឹទ្ធសភានៃសាធារណរដ្ឋ ប៊ូរុនឌី បានប្តេជ្ញាចិត្តក្នុងការពង្រឹងចំណងទាក់ទងអន្តរសភា កំណត់វិស័យការងារថ្មី និងបង្កើតនូវភាពជាដៃគូមួយប្រកបដោយផ្លែផ្កា។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលចេញបន្ទាប់ពីជំនួប នៅក្នុងរដ្ឋធានី Bujumbura ប្រទេស ប៊ូរុនឌី រវាងលោក Naama Mayara ប្រធានសភាជាន់ខ្ពស់ម៉ារ៉ុក និងលោក Emmanuel Sinzohageraប្រធានព្រឹទ្ធសភាប៊ូរ៉ុនឌី នៅក្នុងឱកាសនៃកិច្ចពិគ្រោះយោបល់លើកទី៩ របស់សមាគមព្រឹទ្ធសភា ក្រុមប្រឹក្សាស៊ូរ៉ា (Shoora) និងក្រុមប្រឹក្សាដែលមានឋានៈស្មើ នៅក្នុងទ្វីបអាហ្រ្វិក និងពិភពអារ៉ាប់(ASSE CAA)។ ភាគីទាំងពីរ បានស្វាគមន៍ជំនួបមួយនេះ ដែលសបញ្ជាក់ពីសារៈសំខាន់នៃចំណងទាក់ទងនយោបាយរវាងម៉ារ៉ុក និងប៊ូរុនឌីដែលជាកត់សម្គាល់នូវមិត្តភាព ភាតរភាព ស្មោះស្ម័គ្រ និងឆន្ទៈទៅវិញទៅមក ដើម្បីកសាងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងពហុវិស័យ។ ជំនួបនេះគឺជាផ្នែកមួយនៃកម្លាំងជំរុញថ្មីមួយ ចំពោះចំណងទាក់ទងទ្វេភាគីរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ និងរវាងប្រទេសជាមិត្តទាំងពីរ។
លោក Mayara បានសង្កត់ធ្ងន់ពីយុទ្ធសាស្រ្តដែលព្រះរាជាណាចក្រម៉ារ៉ុកបានផ្តល់ភាពសំខាន់ក្នុង ការពង្រឹងចំណងទាក់ទងជាមួយបណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិក ដោយផ្អែកលើកិច្ចសហប្រតិបត្តិការដ៏ស្វាហាប់ និងសំបូរបែបក្នុងក្របខ័ណ្ឌនៃទស្សនវិស័យជាយុទ្ធសាស្រ្តរបស់ព្រះករុណា Mohammed VI ព្រះមហាក្សត្រម៉ារ៉ុក។ លោក Mayara ក៏បានថ្លែងអំណរគុណផងដែរដល់សមភាគីប៊ូរុនឌីរបស់លោក ដែលប្រទេសរបស់គាត់បានគាំទ្រយ៉ាងខ្ជាប់ខ្ជួន និងដោយឥតងាករេចំពោះបូរណភាពទឹកដីរបស់ម៉ារ៉ុក នៅក្នុងតំបន់ ទ្វីប និងវេទិកាអន្តរជាតិនានា។
ប្រធានសភានៃប្រទេសទាំងពីរបានសង្កត់ធ្ងន់ពីតួនាទីតំបន់ ដែលព្រះរាជាណាចក្រម៉ារ៉ុក និងសាធា រណរដ្ឋប៊ូរុនឌី បានដើរតួនាទីក្នុងនាមជាដៃគូដ៏ខ្លាំងក្លា ក្នុងការបង្កើតនូវសន្តិភាព និងស្ថិរភាព។ លោក Mayara ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃតួនាទីរបស់ ASSECAA ក្នុងការលើកកម្ពស់កិច្ចសន្ទនា និង ការពិគ្រោះយោបល់សភា រវាងបណ្តាប្រទេសក្នុងទ្វីបអាហ្រ្វិក និងអារ៉ាប់ ព្រមទាំង ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការត្បូង-ត្បូង(South-South cooperation)៕
http://ព័ត៌មានសភាអន្តរជាតិ ២២-០៩-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://sahara-news.org/10256-morocco-burundi-to-further-strengthen-inter-parliamentary-relations-joint-declaration.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម