លោកស្រី Valentina Matviyenko ប្រធានសភាជាន់ខ្ពស់សហព័ន្ធរុស្ស៊ី
រដ្ឋធានីមូស្គូ៖ កាលពីថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២ សភាជាន់ខ្ពស់សហព័ន្ធរុស្ស៊ី បានអនុម័ត គាំទ្រវិសោធនកម្មច្បាប់ ដែលស្នើឱ្យរឹតបន្តឹងការដាក់ទោសទណ្ឌចំពោះសកម្មភាពរបស់ទាហានក្នុងអំឡុងពេលធ្វើសង្រ្គាម រួមទាំង ការរត់ចោលជួរ និងការចុះចាញ់សត្រូវផងដែរ។
ក្រុមប្រឹក្សាសហព័ន្ធ(សភាជាន់ខ្ពស់រុស្ស៊ី) បានអនុម័តគាំទ្រវិសោធនកម្មច្បាប់ ដែលសភាជាន់ទាបសហព័ន្ធរុស្ស៊ីបានអនុម័តកាលពីថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់នេះវិសោធនកម្មច្បាប់នេះនឹងត្រូវចុះហត្ថលេខាក្លាយច្បាប់ ពីលោក Vladimir Putin ប្រធានាធិបតីសហព័ន្ធរុស្ស៊ី ដើម្បីចូលជាធរមាន។ ក្រោមការធ្វើវិសោធនកម្មច្បាប់ខាងលើ នឹងមានការកាត់ទោសជាប់ពន្ធនាគារ ១០ឆ្នាំ ចំពោះទាហានដែលរត់ចោលជួរ មិនបានរាយការណ៍ពីសេវាយោធា និងការចុះចាញ់សត្រូវ។ ការឆក់ប្លន់នឹងត្រូវ ផ្តន្ទាទោសជាប់ពន្ធនាគារ ១៥ឆ្នាំ ខណៈដែលការបំផ្លិចបំផ្លាញសព្វាវុធ ត្រូវផ្តន្ទាទោស អតិបរមា ៥ឆ្នាំ។
វិសោធនកម្មខាងលើ ក៏បានស្នើឡើងនូវទស្សនាទាននៃកំណែនកងទ័ព ច្បាប់អាជ្ញាសឹក អំឡុង ពេលធ្វើសង្រ្គាម និងជម្លោះប្រដាប់អាវុធ ដែលពីមុនមកមិនបានចែងនៅក្នុងក្រមព្រហ្មទណ្ឌរបស់រុស្ស៊ី នោះឡើយ។ បើតាមវិសោធនកម្មច្បាប់ថ្មីនេះ ការធ្វើកំណែនកងទ័ព ច្បាប់អាជ្ញាសឹក អំឡុងពេលធ្វើ សង្រ្គាម និងជម្លោះប្រដាប់អាវុធនឹងត្រូវបានចាត់ទុកថាជា កាលៈទេសៈធ្ងន់ធ្ងរ ហើយតម្រូវឱ្យផ្តន្ទាទោស កាន់តែធ្ងន់ធ្ងរជាងមុន។
ថ្មីៗនេះ លោកប្រធានាធិបតី Putin បានប្រកាសកំណែនកងទ័ពមួយភាគ យ៉ាងហោចណាស់ប្រមាណ ៣០០,០០០នាក់។ សក្តានុពលនៃការធ្វើកំណែនកងទ័ពសរុបរបស់រុស្ស៊ី មានដល់ទៅ ២.៥ លាននាក់ ក្នុងពេលដែលប្រជាពលរដ្ឋរុស្ស៊ីដែលមានអាយុចន្លោះពី ១៨ឆ្នាំ ដល់ ៥០ឆ្នាំ នឹងស្ថិតក្រោម កំណែនកងទ័ព ហើយពួកគេនឹងទទួលបានប្រាក់បៀវត្សរ៍ច្រើនដូចទៅនឹងបុគ្គលិកយោធាដែលបម្រើការងារតាមកិច្ចសន្យា៕
http://ព័ត៌មានសភាអន្តរជាតិ ២២-០៩-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.aa.com.tr/en/russia-ukraine-war/russian-upper-house-approves-stricter-wartime-punishments/2691017
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម