logo logo
banner1
សភាជាន់ទាបឥណ្ឌូណេស៊ីអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់​ស្តីពី ការការពារទិន្នន័យព័ត៌មានផ្ទាល់ខ្លួន
 

រូបភាពឯកសារនៃសាលប្រជុំពេញអង្គសភាជាន់ទាបឥណ្ឌូណេស៊ី

​រដ្ឋធានីហ្សាការតា៖ កាលពីថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២ សភាជាន់ទាបនៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពី ការការពារ​ទិន្នន័យ​ព័ត៌មានផ្ទាល់ខ្លួន។  ច្បាប់នេះ នឹងកំណត់អំពីការពិន័យជាប្រាក់លើសាជីវកម្ម និងទោសជាប់ពន្ធនាគាររហូតដល់រយៈពេល ៦ ឆ្នាំ ចំពោះបុគ្គលណាដែលត្រូវបានគេរក​ឃើញថា បានគ្រប់គ្រងទិន្នន័យព័ត៌មានមិនត្រឹមត្រូវនៅក្នុង ប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតទី៤​ នៅលើពិភពលោកមួយនេះ។ ការអនុម័តយល់ព្រមលើ​សេចក្តីព្រាង​ច្បាប់នេះបានធ្វើឡើង បន្ទាប់ពីមានព័ត៌មានមួយចំនួនបានបែកធ្លាយ ហើយត្រូវបានគេស៊ើបអង្កេតរកឃើញករណីរំលោភបំពាននេះ បន្ទាប់ពីមានបណ្តឹងទៅ​ក្រសួង-ស្ថាប័នរដ្ឋមួយចំនួនក្នុងប្រទេស​ឥណ្ឌូណេស៊ី ដោយក្រុមហ៊ុនធានារ៉ាប់រងរបស់រដ្ឋមួយ, ក្រុមហ៊ុនទូរគមនាគមន៍ និងសហគ្រាសរដ្ឋចំពោះវិធានការទប់ស្កាត់​ជំងឺ​កូវីដ-១៩ ដែលត្រូវបានដាក់ចេញដោយលោកប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo ។

​សមាជិកសភាទាំងមូលបានអនុម័តយល់ព្រមដោយសំឡេងភាគច្រើនលើសលប់លើសេចក្តីព្រាងច្បាប់នេះ ដែលបានអនុញ្ញាតឱ្យប្រធានាធិបតីបង្កើតស្ថាប័នត្រួតពិនិត្យមួយ ដើម្បីដាក់ពិន័យលើអ្នកគ្រប់គ្រងទិន្ន័យព័ត៌មានណា ដែលបានរំលោភលើវិធាននានាស្តីពី ការផ្សព្វផ្សាយទិន្នន័យព័ត៌មាន ឬ ​ការប្រមូលទិន្នន័យព័ត៌មានផ្ទាល់ខ្លួន។

​ការពិន័យជាប្រាក់ច្រើនបំផុត គឺចំនួន ២% នៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុន និងអាចពិនិត្យ មើលទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននោះដែលនឹងត្រូវរឹបអូស  ឬការដាក់លក់​ដេញថ្លៃ។ ច្បាប់នេះក៏បានកំណត់ផងដែរអំពីរយៈពេលនៃការកែតម្រូវ ២ ឆ្នាំ។ ប៉ុន្តែ ច្បាប់នេះ នៅមិនទាន់បានបញ្ជាក់ឱ្យបានល្អិតល្អន់នៅឡើយ អំពីករណីរំលោភបំពាន​ណាមួយដែលត្រូវដោះស្រាយនៅក្នុងដំណាក់កាលនោះ។

​ច្បាប់នេះ ក៏បានកំណត់ផងដែរអំពីបុគ្គល ដែលអាចនឹងត្រូវជាប់ពន្ធនាគាររហូតដល់រយៈពេល  ៦ ឆ្នាំ ពីបទក្លែងបន្លំទិន្នន័យព័ត៌មានផ្ទាល់ខ្លួន ឬការជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ ពីបទប្រមូលទិន្នន័យព័ត៌មានផ្ទាល់ខ្លួនដោយខុសច្បាប់។ ម្ចាស់ទិន្នន័យព័ត៌មានត្រូវទទួលបានសិទ្ធិផ្តល់ជាសំណងចំពោះការរំលោភលើទិន្នន័យព័ត៌មានរបស់ខ្លួន ហើយអាច​ទទួលបានមកវិញនូវការអនុញ្ញាតឱ្យប្រើប្រាស់ ទិន្នន័យព័ត៌មានរបស់ខ្លួនឡើងវិញ។

លោក Abdul Kharis Almasyhari សមាជិកគណៈកម្មការពិនិត្យច្បាប់នៃសភាជាន់ទាប​ ​ឥណ្ឌូណេស៊ី បានថ្លែងថា ច្បាប់នេះមានន័យថា រដ្ឋជួយធានាការពារទិន្នន័យព័ត៌មាន​ផ្ទាល់ខ្លួន​របស់​ប្រជាជន​​ឥណ្ឌូណេស៊ីគ្រប់រូប៕

http://ព័ត៌មានសភាអន្តរជាតិ ២១-០៩-២២- កែវ ធាវីប្រែសម្រួលពី៖ https://finance.yahoo.com/news/indonesia-parliament-passes-long-awaited-053420633.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`