logo logo
banner1
សភាអឺរ៉ុប ទទូចឱ្យបណ្តាប្រទេសក្នុងសហភាពអឺរ៉ុបកសាងនូវចំណងទាក់ទងជិតស្និទ្ធជាមួយកោះតៃវ៉ាន់ នៅចំពេលមានភាពគគ្លើនពីចិន
 

 រូបទង់ជាតិតំណាងមិត្តភាពកោះតៃវ៉ាន់ និងសហភាពអឺរ៉ុប

​សភាអឺរ៉ុបបានថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការធ្វើលំហាត់សមយុទ្ធយោធាដ៏គគ្លើនរបស់សាធា រណរដ្ឋប្រជា​មានិតចិននៅក្នុងច្រកសមុទ្ទតៃវ៉ាន់ និងបានស្នើឱ្យសហភាព​អឺរ៉ុបពង្រឹងចំណងទាក់ទងជាមួយទីក្រុងតៃប៉ិ។ នេះបើតាមការផ្សព្វផ្សាយរបស់ស្ថាប័នតាក់តែងច្បាប់របស់សហភាពអឺរ៉ុប(សភា)។

​នៅក្នុងសេចក្តីសម្រេចមួយ ដែលបានអនុម័តនាពេលថ្មីៗនេះ សមាជិកសភាអឺរ៉ុបបានថ្កោលទោស ការធ្វើលំហាត់សមយុទ្ធយោធាបាញ់គ្រាប់ពិត (live-fire exercise «LFX») ដែលមិនធ្លាប់មានពីមុនមករបស់ចិន​នៅច្រកសមុទ្ទតៃវ៉ាន់នាពេលកន្លងមកនេះ ដែលចាប់ផ្តើមឡើងក្នុងខែសីហា ឆ្នាំ២០២២ បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ពី​សំណាក់​លោកស្រី Nancy Pelosi ប្រធានសភាតំណាងសហរដ្ឋអាម៉េរិក។ សមាជិកសភាអឺរ៉ុបក៏បានទាមទារឱ្យរដ្ឋាភិបាលចិនចៀសវាងរាល់វិធានការណាមួយអាចនាំទៅដល់​អស្ថិរភាពច្រកសមុទ្ទតៃវ៉ាន់ និងសន្តិសុខតំបន់។ សមាជិកសភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចខាងលើ ក្នុងសំឡេង ៤២៤ ទល់នឹង ១៤សំឡេង និងអនុបវាទ ៤៦​សំឡេង។

​សមាជិកសភាអឺរ៉ុបថ្លែងថា បណ្តាប្រទេសក្នុងសហភាពអឺរ៉ុប គួរតែធ្វើតាមប្រទេសលីទុយអានីដែលនៅពេលថ្មីៗនេះបានប្រកាសផែនការបើកការិយាល័យតំណាងពាណិជ្ជកម្ម​នៅក្នុង​ទីក្រុង​តៃប៉ិ នៅក្នុងរដូវស្លឹកឈើជ្រុះ ឆ្នាំ២០២២នេះ។ បណ្តាប្រទេសក្នុងសហភាពអឺរ៉ុបដែលមិនទាន់បើកប្រតិបត្តិការការិយាល័យតំណាងពាណិជ្ជកម្ម​របស់ខ្លួននៅ​កោះតៃវ៉ាន់ គួរតែធ្វើតាមគំរូរបស់លីទុយអានី និងពង្រឹងចំណងទាក់ទងទ្វេភាគីរបស់ខ្លួនជាមួយកោះតៃវ៉ាន់។ សមាជិកសភាអឺរ៉ុប បានស្នើជាថ្មីម្តងទៀតឱ្យគណៈកម្មការអឺរ៉ុប​ចាប់ផ្តើមដោយគ្មាន​បង្អែរបង្អង់នូវការវាយតម្លៃលើផលប៉ះពាល់ និងការពិគ្រោះយល់ជាសាធារណៈលើកិច្ចព្រមព្រៀងវិនិយោគទ្វេភាគីជាមួយអាជ្ញាធរកោះតៃវ៉ាន់។

សភាអឺរ៉ុបទទួលស្គាល់ថា សហភាពអឺរ៉ុបនៅតែបន្តរក្សាគោលជំហរគោលការណ៍គ្រឹះនៃគោលនយោបាយ “ចិនតែមួយ” ជាមូលដ្ឋានសម្រាប់ចំណងទាក់ទងសហភាព​អឺរ៉ុប-ចិន។ សភាអឺរ៉ុបបានបញ្ជាក់អះអាងជាថ្មីពីគោលជំហររបស់ខ្លួនថា ស្ថានភាពបច្ចុប្បន្ននៅក្នុងច្រកសមុទ្រតៃវ៉ាន់ មិនត្រូវផ្លាស់ប្តូរជាឯក តោភាគីនោះឡើយ និងប្រឆាំង​ដាច់ខាតចំពោះការប្រើកម្លាំង ឬការគំរាមកំហែងដោយប្រើកម្លាំង។ សមា  ជិកសភាអឺរ៉ុបក៏បានសង្កត់ធ្ងន់ផងដែរថា “ចំពោះប្រជាធិបតេយ្យរបស់កោះតៃវ៉ាន់” គឺស្រេចលើ​ប្រជាជនតៃវ៉ាន់ជាអ្នកធ្វើការសម្រេចចិត្ត ថាតើពួកគេចង់រស់នៅបែបណា”៕

http://ព័ត៌មានសភាអន្តរជាតិ ២០-០៩-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.malaysiasun.com/news/272770801/european-parliament-urges-eu-countries-to-build-closer-ties-with-taiwan-amid-chinese-aggression



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`