លោក Alen Simonyan ប្រធានសភាអាម៉េនី ទទួលស្វាគមន៍លោកស្រី Nancy Pelosi ប្រធានសភាសហរដ្ឋអាម៉េរិក
សភានៃសាធារណរដ្ឋអាម៉េនីបានឱ្យដឹងថា លោក Alen Simonyan ប្រធានសភាអាម៉េនីបានទទួលជួបគណៈប្រតិភូសភាមួយក្រុមដឹកនាំដោយលោកស្រី Nancy Pelosi ប្រធានសភាតំណាងសហរដ្ឋអាម៉េរិកដែលបានអញ្ជើញដល់ប្រទេសអាម៉េនី ក្នុងដំណើរទស្សនកិច្ចផ្លូវការមួយ កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០២២។ ពិធីទទួលលោកស្រីប្រធានសភាត្រូវបានធ្វើឡើង បន្ទាប់ពីការសន្ទនាជាលក្ខណៈ ឯកជនមួយរវាងដឹកនាំសភានៃប្រទេសទាំងពីរ។ ការពិភាក្សាបន្ត មានការចូលរួមពីភាគីទាំងសងខាង។
លោក Simonyan បានកត់សម្គាល់ថា សហរដ្ឋអាម៉េរិកបានកាន់កាប់កន្លែងដ៏សំខាន់មួយនៅក្នុង ជីវិតនយោបាយ និងសេដ្ឋកិច្ចរបស់អាម៉េនី។ លោក Simonyan បានថ្លែងថា “ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi មកកាន់អាម៉េនី កើតមានឡើងនៅក្នុអំឡុងពេលដែលប្រទេសយើងជួបប្រទះនូវស្ថាន ភាពដ៏លំបាកបំផុត ហើយយើងសូមសម្តែងការដឹងគុណដោយការគោរព។ ចាប់តាំងពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២មក សាធារណរដ្ឋអាស៊ែបៃហ្សង់បានចាប់ផ្តើមឈ្លានពានដំណាក់កាលថ្មីមួយទៀតមកលើអធិបតេយ្យភាពដែនដីរបស់អាម៉េនី។ កងទ័ពអាស៊ែបៃហ្សង់ មិនត្រឹមតែមានគោលដៅបាញ់ផ្លោងដ៏ឃោរឃៅមក លើទីតាំងព្រំដែនអាម៉េនីប៉ុណ្ណោះទេ ប៉ុន្តែបានបាញ់ផ្លោងមកលើទីលំនៅរបស់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនានា ជាអកុសល យើងមានជនរងគ្រោះជាច្រើននាក់”។
លោក Simonyan បានសម្តែងនូវការដឹងគុណចំពោះកិច្ចព្រមព្រៀងឈប់បាញ់ដ៏ផុយស្រួយដែល សហរដ្ឋអាម៉េរិកធ្វើជាអន្តរការី នាល្ងាចថ្ងៃទី១៤ ខែកញ្ញា និងបានសម្តែងនូវការដឹងគុណដល់អាជ្ញាធរ សហរដ្ឋអាម៉េរិក ក្នុងនោះរួមទាំង សមាជិកសភាសហរដ្ឋអាម៉េរិកជាច្រើនរូប ដែលបានផ្តល់នូវការវាយតម្លៃយ៉ាងត្រឹមត្រូវលើស្ថានភាពវិវត្តន៍ថ្មីៗនេះ។ ភាគីទាំងពីរក៏បានពិភាក្សាពីកិច្ចការពាក់ព័ន្ធនឹងសន្តិសុខអាម៉េនី និងក្នុងតំបន់ រួមទាំង ព័ត៌មានលម្អិតពាក់ព័ន្ធនឹងនីតិវិធីបន្ថែមទៀតនៅក្នុងក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។
គម្រោងកិច្ចសហប្រតិបត្តិការអន្តរ-សភាក្នុងថ្ងៃអនាគត ក៏ត្រូវបានលើកយកមកពិភាក្សានៅក្នុងជំនួបនោះផងដែរ។ នៅចុងបញ្ចប់នៃជំនួប លោកប្រធានសភាអាម៉េនី និងលោកស្រីប្រធានសភាសហរដ្ឋ អាម៉េរិកបានចេញសេក្តីថ្លែងការណ៍មួយ។ ដោយសម្តែងនូវការដឹងគុណសម្រាប់ការទទួលស្វាគមន៍ លោកស្រីប្រធានសភាតំណាងសហរដ្ឋអាម៉េរិកិរូបនេះ បានកត់សម្គាល់ថា សន្តិសុខគឺពិតជាមានសារៈសំខាន់ ខ្លាំងណាស់សម្រាប់ប្រទេសទាំងពីរ៕
http://ព័ត៌មានសភាអន្តរជាតិ ១៩-០៩-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://news.am/eng/news/720844.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម